ដោយ វុត្ថា
ភ្នំពេញៈ ភតិសន្យាហិរញ្ញវត្ថុជាកិច្ចសន្យាកូនកាត់ រវាងការទិញដោយបង់ជាវគ្គៗ និងភតិសន្យាប្រតិបត្តិការ។ តាមនិយមន័យនៃច្បាប់ស្តីពី ភតិសន្យាហិរញ្ញវត្ថុ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខនស/រកម/០៦០៩/០០៨ ចុះថ្ងៃទី២០មិថុនាឆ្នាំ២០០៩។
ភតិសន្យាហិរញ្ញវត្ថុ គឺជាកិច្ចសន្យាជួលឧបករណ៍រវាងភតិបតី និងភតិកៈដែលភតិកៈមានកាតព្វកិច្ចត្រូវបង់ថ្លៃជួលឧបករណ៍ជាវគ្គៗ ក្នុងរយៈពេលមួយមិនតិចជាងមួយឆ្នាំ ហើយនៅដំណាច់រយៈពេលនៃកិច្ចសន្យា ភតិកៈត្រូវមានសិទ្ធិទិញ ឬមិនទិញឧបករណ៍ដែលជួលនោះ។
ដើម្បីធ្វើឲ្យសម្រេចបានភតិសន្យាហិរញ្ញវត្ថុ មានតួអង្គបីដែលត្រូវដើរតួ គឺ(១) អ្នកផ្គត់ផ្គង់ឧបករណ៍ (២) ភតិបតី និង(៣) ភតិកៈ ហើយត្រូវធ្វើតាមនីតិវិធីដូចមាននៅក្នុងឌីយ៉ាក្រាមខាងក្រោមនេះ។ នៅក្នុងជំហានទី១ ភតិកៈត្រូវចរចាជាមួយអ្នកផ្គត់ផ្គង់ ដើម្បីជ្រើសរើសយកឧបករណ៍ណាដែលខ្លួនពេញចិត្ត សម្រាប់យកមកប្រើប្រាស់ឲ្យត្រូវគោលបំណងនៃអាជីវកម្មរបស់ខ្លួន។
នៅក្នុងជំហានទី២ ភតិកៈត្រូវចរចាសុំចុះភតិសន្យាជួលឧបករណ៍ (ភតិសន្យាហិរញ្ញវត្ថុ) ជាមួយភតិបតីដោយចង្អុលប្រាប់ពីឧបករណ៍ និងអ្នកផ្គត់ផ្គង់ប្រាប់ភតិបតី។
នៅក្នុងជំហានទី៣ ភតិកៈ និងភតិបតីឈានដល់កិច្ចព្រមព្រៀង និងចុះភតិសន្យាហិរញ្ញវត្ថុ។
នៅក្នុងជំហានទី៤ភតិបតី និងអ្នកផ្គត់ផ្គង់ចុះកិច្ចសន្យាទិញលក់ឧបករណ៍សម្រាប់យកមកជួលឲ្យភតិកៈ។
នៅក្នុងជំហានទី ៥ អ្នកផ្គត់ផ្គង់ដឹកជញ្ជូន ឬប្រគល់ឧបករណ៍មកឲ្យភតិកៈ។
នៅក្នុងជំហានទី៦ ភតិកៈចុះហត្ថលេខាទទួលយកឧបករណ៍ រួចចេញសេចក្តីបញ្ជាក់មួយឲ្យ ភតិកៈថាខ្លួនបានទទួលឧបករណ៍ហើយ។ នៅក្នុងជំហានទី ៧ ភតិបតី បង់ថ្លៃទិញឧបករណ៍ឲ្យអ្នកផ្គត់ផ្គង់។
នៅក្នុងជំហានទី៨ អ្នកផ្គត់ផ្គង់ និងភតិកៈចុះហត្ថលេខាលើកិច្ចសន្យាថែទាំ ឧបករណ៍ ជាមួយភតិកៈ (ប្រសិនជាគេចង់ធ្វើដូច្នេះ)៕