ចំណេះដឹង​! តើ​អ្វី​ជា​ភតិសន្យា​ហិរញ្ញវត្ថុ​?

0
តើអ្វីជាភតិសន្យាហិរញ្ញវត្ថុ

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ភតិសន្យា​ហិរញ្ញវត្ថុ​ជា​កិច្ចសន្យា​កូនកាត់​ រវាង​ការទិញ​ដោយ​បង់​ជា​វគ្គ​ៗ និង​ភតិសន្យា​ប្រតិបត្តិ​ការ​។ តាម​និយមន័យ​នៃ​ច្បាប់​ស្តី​ពី​ ភតិសន្យា​ហិរញ្ញវត្ថុ​ ដែល​ប្រកាសឲ្យប្រើ​ដោយ​ព្រះរាជក្រម​ លេ​ខនស​/រកម​/០៦០៩​/០០៨​ ចុះ​ថ្ងៃទី២០មិថុនា​ឆ្នាំ២០០៩​។

​ភតិសន្យា​ហិរញ្ញវត្ថុ​ គឺជា​កិច្ចសន្យា​ជួល​ឧបករណ៍​រវាង​ភតិបតី​ និង​ភតិកៈ​ដែល​ភតិកៈ​មាន​កាតព្វកិច្ច​ត្រូវ​បង់ថ្លៃ​ជួល​ឧបករណ៍​ជា​វគ្គ​ៗ ក្នុងរយៈពេល​មួយ​មិន​តិច​ជាង​មួយឆ្នាំ​ ហើយ​នៅ​ដំណាច់​រយៈពេល​នៃ​កិច្ចសន្យា​ ភតិកៈ​ត្រូវ​មាន​សិទ្ធិ​ទិញ​ ឬមិន​ទិញ​ឧបករណ៍​ដែល​ជួល​នោះ​។

ដើម្បី​ធ្វើឲ្យស​ម្រេច​បាន​ភតិសន្យា​ហិរញ្ញវត្ថុ​ មាន​តួអង្គ​បី​ដែល​ត្រូវ​ដើរតួ​ គឺ​(១) អ្នកផ្គត់ផ្គង់​ឧបករណ៍​ (២) ភតិបតី​ និង​(៣) ភតិកៈ​ ហើយ​ត្រូវ​ធ្វើតាម​នីតិវិធី​ដូច​មាននៅ​ក្នុង​ឌី​យ៉ា​ក្រាម​ខាងក្រោម​នេះ​។ នៅក្នុង​ជំហាន​ទី១​ ភតិកៈ​ត្រូវ​ចរចា​ជាមួយ​អ្នកផ្គត់ផ្គង់​ ដើម្បី​ជ្រើសរើស​យក​ឧបករណ៍​ណា​ដែល​ខ្លួន​ពេញចិត្ត​ សម្រាប់​យក​មក​ប្រើប្រាស់​ឲ្យ​ត្រូវ​គោលបំណង​នៃ​អាជីវកម្ម​របស់​ខ្លួន​។

នៅក្នុង​ជំហាន​ទី២​ ភតិកៈ​ត្រូវ​ចរចា​សុំ​ចុះ​ភតិសន្យា​ជួល​ឧបករណ៍​ (ភតិសន្យា​ហិរញ្ញវត្ថុ​) ជាមួយ​ភតិបតី​ដោយ​ចង្អុល​ប្រាប់​ពី​ឧបករណ៍​ និង​អ្នកផ្គត់ផ្គង់​ប្រាប់​ភតិបតី​។

នៅក្នុង​ជំហាន​ទី៣​ ​ភតិកៈ​ និង​ភតិបតី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ និង​ចុះ​ភតិសន្យា​ហិរញ្ញវត្ថុ​។

នៅក្នុង​ជំហាន​ទី៤ភតិបតី​ និង​អ្នកផ្គត់ផ្គង់​ចុះ​កិច្ចសន្យា​ទិញ​លក់​ឧបករណ៍​សម្រាប់​យក​មក​ជួល​ឲ្យ​ភតិកៈ​។

នៅក្នុង​ជំហាន​ទី​ ៥ អ្នកផ្គត់ផ្គង់​ដឹកជញ្ជូន​ ឬប្រគល់​ឧបករណ៍​មក​ឲ្យ​ភតិកៈ​។

នៅក្នុង​ជំហាន​ទី៦​ ភតិកៈ​ចុះហត្ថលេខា​ទទួលយក​ឧបករណ៍​ រួច​ចេញ​សេចក្តី​បញ្ជាក់​មួយ​ឲ្យ​ ភតិកៈ​ថា​ខ្លួន​បាន​ទទួល​ឧបករណ៍​ហើយ​។ នៅក្នុង​ជំហាន​ទី​ ៧ ភតិបតី​ បង់ថ្លៃ​ទិញ​ឧបករណ៍​ឲ្យ​អ្នកផ្គត់ផ្គង់​។

នៅក្នុង​ជំហាន​ទី៨​ អ្នកផ្គត់ផ្គង់​ និង​ភតិកៈ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថែទាំ​ ឧបករណ៍​ ជាមួយ​ភតិកៈ​ (ប្រសិនជា​គេ​ចង់​ធ្វើ​ដូច្នេះ​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here