លោក​ Trump​ នឹង​មិន​ដាក់​ក្រុមហ៊ុន​ចិន​ក្នុង​បញ្ជីខ្មៅ​នៃ​ទីផ្សារ​ភាគហ៊ុន​អាមេរិក​ទេ​

0

ដោយ​ Donald​ Lee​

វ៉ា​ស៊ីន​តោ​នៈ​ ​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ នឹង​មិន​ចុះបញ្ជី​ខ្មៅ​លើ​ក្រុមហ៊ុន​ចិន​ក្នុង​ទីផ្សារ​ភាគហ៊ុន​អាមេរិក​នោះ​ទេ​។ នេះ​បើ​យោង​តាម​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​។

អ្នកនាំពាក្យ​ក្រសួង​រតនាគារ​អាមេរិក​ លោក ​Monica​ Crowley​ បាន​សរសេរ​នៅ​លើ​គណនី​បណ្តាញ​សង្គម​ថា ​“រដ្ឋបាល​សហរដ្ឋអាមេរិក​ មិន​ពិចារណា​រារាំង​ក្រុមហ៊ុន​ចិន​ក្នុង​ ការចុះបញ្ជី​ភាគហ៊ុន​នៅ​ផ្សារហ៊ុន​អាមេរិក​នៅពេល​នេះ​ទេ​”។

ប៉ុន្តែ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ កាលពី​ចុង​សប្តាហ៍​ឱ្យ​ដឹង​ថា​ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​គិត​គូ​ក្នុង​ការទប់ស្កាត់​ រាល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អាមេរិក​នៅក្នុង​ក្រុមហ៊ុន​ចិន​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ សកម្មភាព​បែបនេះ​នឹង​ផ្តល់​ឱ្យ​លោក​ Trump​ នូវ​អានុភាព​បន្ថែម​ នៅក្នុង​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។

ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​យ៉ាង​ខ្លាំង​ នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ថា​ “ពួកគេ ​(អាមេរិក​) កំពុង​លេង​ជាមួយ​ភ្លើង​ ហើយ​មើលស្រាល​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ និង​ក្រុមហ៊ុន​ផលិតកម្ម​របស់​ចិន​”។

សារព័ត៌មាន​របស់​រដ្ឋ​ចិន​អត្ថា​ធិប្បាយ​ថា​“ជំនឿ​ដ៏​ក្រអឺតក្រទម​បែបនេះ​ នៅក្នុង​ការពិត​បង្ហាញ​ពី​ការ​មើលស្រាល​យ៉ាង​ខ្លាំង​ នូវ​អ្វី​ដែល​សេដ្ឋកិច្ច​ចិន​ និង​ក្រុមហ៊ុន​ចិន​មាន​សមត្ថភាព​អាច​ធ្វើ​បាន​”។

សារព័ត៌មាន​ដដែល​បន្ត​ថា​ “បន្ទាប់ពី​មានការ​អភិវឌ្ឍ​អស់​រយៈពេល ៧០មកនេះ​ ប្រទេស​ចិន​ បាន​បង្កើត​ឧស្សាហកម្ម​ផលិតកម្ម​លំដាប់​ពិភពលោក​ និង​មាន​ប្រព័ន្ធ​ឧស្សាហកម្ម​ទំនើប​ ឯករាជ្យ​និង​ពេញលេញ​មួយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here