ដោយ Donald Lee
វ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងមិនចុះបញ្ជីខ្មៅលើក្រុមហ៊ុនចិនក្នុងទីផ្សារភាគហ៊ុនអាមេរិកនោះទេ។ នេះបើយោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងរតនាគារអាមេរិក លោក Monica Crowley បានសរសេរនៅលើគណនីបណ្តាញសង្គមថា “រដ្ឋបាលសហរដ្ឋអាមេរិក មិនពិចារណារារាំងក្រុមហ៊ុនចិនក្នុង ការចុះបញ្ជីភាគហ៊ុននៅផ្សារហ៊ុនអាមេរិកនៅពេលនេះទេ”។
-->
ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ កាលពីចុងសប្តាហ៍ឱ្យដឹងថា ប្រធានាធិបតីអាមេរិក Donald Trump បានគិតគូក្នុងការទប់ស្កាត់ រាល់ការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងក្រុមហ៊ុនចិន។
ក្រុមអ្នកវិភាគជឿជាក់ថា សកម្មភាពបែបនេះនឹងផ្តល់ឱ្យលោក Trump នូវអានុភាពបន្ថែម នៅក្នុងការចរចាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។
ទីក្រុងប៉េកាំងបានឆ្លើយតបយ៉ាងខ្លាំង នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋថា “ពួកគេ (អាមេរិក) កំពុងលេងជាមួយភ្លើង ហើយមើលស្រាលការអភិវឌ្ឍឧស្សាហកម្ម និងក្រុមហ៊ុនផលិតកម្មរបស់ចិន”។
សារព័ត៌មានរបស់រដ្ឋចិនអត្ថាធិប្បាយថា“ជំនឿដ៏ក្រអឺតក្រទមបែបនេះ នៅក្នុងការពិតបង្ហាញពីការមើលស្រាលយ៉ាងខ្លាំង នូវអ្វីដែលសេដ្ឋកិច្ចចិន និងក្រុមហ៊ុនចិនមានសមត្ថភាពអាចធ្វើបាន”។
សារព័ត៌មានដដែលបន្តថា “បន្ទាប់ពីមានការអភិវឌ្ឍអស់រយៈពេល ៧០មកនេះ ប្រទេសចិន បានបង្កើតឧស្សាហកម្មផលិតកម្មលំដាប់ពិភពលោក និងមានប្រព័ន្ធឧស្សាហកម្មទំនើប ឯករាជ្យនិងពេញលេញមួយ”៕