ដោយៈ រ៉ាណេត
ភ្នំពេញៈ គិតត្រឹមត្រីមាសទី៣នៃឆ្នាំ២០១៩នេះ ចំណូលបានមកពីការប្រមូលពន្ធគយ និងរដ្ឋាករ មានចំនួនរហូតដល់២៣៨៤លានដុល្លារ កើនលើសផែនការដែលបានគ្រោងទុករហូតដល់ប្រមាណ១០៥ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងពិធីចែកសញ្ញាបត្រដល់សិស្ស-និស្សិត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុប១,១៨៣នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំណូលដែលបានប្រមូលពីពន្ធគយ និងរដ្ឋាករ នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៩នេះ មានចំនួនរហូតដល់ ២៣៨៤លានដុល្លារ កើនឡើងប្រមាណ១០៥ភាគរយ ស្មើនឹងប្រមាណជាង៨០០លានដុល្លារ។
-->
សម្ដេចបានបញ្ជាក់ទៀតថា “ចំណូលទាំងអស់នេះ មានខែខ្លះប្រមូលបាន២៥០លានដុល្លារ ហើយខែខ្លះទៀតប្រមូលបានជាង៣០០លានដុល្លារ ដែលវាជាសញ្ញាបង្ហាញពីភាពល្អប្រសើរពីសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្មរបស់កម្ពុជា”។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា ជារួមនៅក្នុងមួយខែ កម្ពុជាទទួលបានចំណូលសរុបប្រមាណ៥០០លានដុល្លារ ខណៈដែលការចំណាយប្រចាំខែអស់ត្រឹម៣០០លានដុល្លារ មានន័យថានៅសល់២០០លានដុល្លារ សម្រាប់ធ្វើការវិនិយោគដោយខ្លួនឯង និងមិនចាំបាច់ពឹងអាស្រ័យទៅលើបរទេសទាំងស្រុងនោះទេ។
សម្ដេចបានបន្តទៀតថា “ដោយឡែកសម្រាប់ចំណូល ដែលនឹងទទួលបានពីដំណក់ប្រេងក្នុងពេលខាងមុខនេះ នឹងទុកសម្រាប់ប្រើប្រាស់តែលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានដូចជាផ្លូវថ្នល់ និងស្ពាន នៅទូទាំងប្រទេសកម្ពុជាតែប៉ុណ្ណោះ”។
កាលពីឆមាសទី១ ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង៥.៩ ទ្រីលានរៀល (ប្រមាណ ១,៤៧៥ លានដុល្លារអាមេរិក) កើនឡើង២៥.៥ ភាគរយ (ប្រមាណ ៣០០លានដុល្លារអាមេរិក) ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ លទ្ធផលចំណូលនេះត្រូវប្រមាណជា៦៥ភាគរយនៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៩។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ; លទ្ធផលចំណូលតាមប្រភេទពន្ធនិងអាករសំខាន់ៗ ដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់ក្នុងនោះពន្ធគយ (ពន្ធនាំចូល)មានកំណើនជាង៣៣.៨ ភាគរយ, អាករពិសេសកើន ៣១.១ ភាគរយ ; និងអាករលើតម្លៃបន្ថែម (VAT)កើន២៨.៦ ភាគរយ។
មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន ៖ (១).យានយន្តនិងគ្រឿងចក្រគ្របដណ្តប់ប្រមាណជាង៥២ភាគរយនៃចំណូលសរុប, (២).ប្រេងឥន្ធនៈ និងថាមពលប្រមាណ១៧.១ភាគរយ នៃចំណូលសរុបនិង(៣).ទំនិញចម្រុះ និងគ្រឿងសំណង់មានប្រមាណ ២៩.៥ ភាគរយនៃចំណូលសរុប៕