សម្តេច​តេជោ​នឹង​អញ្ជើញ​ចូល​រួប​បើក​សន្និសីទ​ស្តី​ពី​ការជំរុញ​វិនិយោគ​ និង​ពាណិជ្ជកម្ម​កម្ពុជា​-វៀតណាម​នៅ​ចុង​សប្តាហ៍​នេះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ចូលរួម​បើក​សន្និសីទ​ស្តី​ពី​ការជំរុញ​វិនិយោគ​ និង​ពាណិជ្ជកម្ម​កម្ពុជា​-វៀតណាម​ចាប់ពី​ថ្ងៃទី៤​ ដល់​ថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ តប​តាម​ការ​អញ្ជើញ​របស់​ លោក​ ង្វៀន​ សួន​ហ្វ៊ុ​ក (Nguyen​ Xuan​ Phuc​) នាយក​រដ្ឋមន្រ្តី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ចេញផ្សាយ​នៅ​ថ្ងៃទី២​ ខែតុលា​ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុងអំឡុងពេល​ទស្សនកិច្ច​ សម្តេច​តេជោ​ហ៊ុន​ សែន​ នឹង​ចូល​ជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ ជាមួយ​ លោក​ ង្វៀន​ ហ្វ៊ូ​ ជុង​ (Nguyen​ Phu​ Trong​) អគ្គលេខាធិការ​បក្ស​ និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​ និង​លោកស្រី​ ង្វៀន​ ធី​ គីម​ ងិន​ (Nguyen​ Thi​ Kim​ Ngan​) ប្រធាន​រដ្ឋសភា​វៀតណាម​។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​វៀតណាម​ លោ​កង្វៀន​ សួន​ហ៊្វុ​ក ដែល​នៅក្នុង​ឱកាស​នោះ​ នាយក​រដ្ឋមន្រ្តី​ទាំងពីរ​នឹង​ពិភាក្សា​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ តំបន់​ និង​អន្តរជាតិ​ ដែល​មានផល​ប្រយោជន៍​ទៅវិញទៅមក​ និង​ការ​បារម្ភ​រួមគ្នា​។ ក្រោយ​កិច្ចប្រជុំ​នាយក​រដ្ឋមន្រ្តី​ទាំងពីរ​ នឹង​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ស្តី​ពី​ ការជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​។

នាយក​រដ្ឋមន្រ្តី​ទាំងពីរ​នឹង​ចូលរួម​ថ្លែង​សុន្ទរកថា​ បើក​សន្និសីទ​ស្តី​ពី​ការជំរុញ​វិនិយោគ​ និង​ពាណិជ្ជកម្ម​កម្ពុជា​ វៀតណាម​នៅ​រសៀល​ថ្ងៃទី៤​ តុលា​។ នៅ​ថ្ងៃទី​ពីរ​នៃ​ទស្សនកិច្ច​ នាយក​រដ្ឋមន្រ្តី​ទាំងពីរ​ នឹង​ចូលរួម​ជា​អធិបតី​ក្នុង​សន្និសីទ​ បូកសរុប​ការងារ​ខ័ណ្ឌ​សីមា​ និង​បោះបង្គោល​ព្រំដែន​ ដែល​រំពឹង​ថា​ នឹង​បញ្ចប់​ដោយ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ពីរ​ ដើម្បី​ទទួលស្គាល់​លទ្ធផល​ការងារ​ខ័ណ្ឌ​សីមា​ព្រំដែន៨៤​% ដែល​សម្រេច​បាន​។

ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ហាណូយ​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​ គោរព​វិញ្ញា​ក្ខន្ធ​នៅ​វិមាន​អនុស្សាវរីយ៍​បុព្វបុរស​ និង​យុទ្ធជន​ពាលី​ និង​នៅ​វិមាន​តម្កល់សព​លោក​ហូជីមិញ​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ថ្លែង​ឱ្យ​ដឹង​នៅក្នុង​ពិ​ពី​ប្រ​គលសញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកល​វិទ្យាល័យ​ប៊ែល​ធី​ អន្តរជាតិ​ នៅ​ថ្ងៃទី​ ២ ខែតុលា​ នេះ​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-វៀតណាម​នា​ពេល​បច្ចុ​បុ​ប្ប​ន្ន​នេះ​ មាន​ប្រមាណ៤​ ពាន់​ដុល្លារ​អាមេរិក​ ហើយ​ភាគី​ទាំងពីរ​ គ្រោង​ពង្រីក​អោយ​ដល់៥ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០២០ខាងមុខនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here