ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមបើកសន្និសីទស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាមចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី២ ខែតុលាឆ្នាំ ២០១៩ នេះថា ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោហ៊ុន សែន នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយ លោក ង្វៀន ហ្វ៊ូ ជុង (Nguyen Phu Trong) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកស្រី ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម។
-->
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីវៀតណាម លោកង្វៀន សួនហ៊្វុក ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរនឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ ក្រោយកិច្ចប្រជុំនាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពី ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។
នាយករដ្ឋមន្រ្តីទាំងពីរនឹងចូលរួមថ្លែងសុន្ទរកថា បើកសន្និសីទស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា វៀតណាមនៅរសៀលថ្ងៃទី៤ តុលា។ នៅថ្ងៃទីពីរនៃទស្សនកិច្ច នាយករដ្ឋមន្រ្តីទាំងពីរ នឹងចូលរួមជាអធិបតីក្នុងសន្និសីទ បូកសរុបការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលរំពឹងថា នឹងបញ្ចប់ដោយការចុះហត្ថលេខាលើឯកសារច្បាប់ចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការងារខ័ណ្ឌសីមាព្រំដែន៨៤% ដែលសម្រេចបាន។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងហាណូយ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាក្ខន្ធនៅវិមានអនុស្សាវរីយ៍បុព្វបុរស និងយុទ្ធជនពាលី និងនៅវិមានតម្កល់សពលោកហូជីមិញ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងនៅក្នុងពិពីប្រគលសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ នៅថ្ងៃទី ២ ខែតុលា នេះថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមនាពេលបច្ចុបុប្បន្ននេះ មានប្រមាណ៤ ពាន់ដុល្លារអាមេរិក ហើយភាគីទាំងពីរ គ្រោងពង្រីកអោយដល់៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ខាងមុខនេះ៕