កម្ពុជា​ចាប់ផ្តើម​ដាក់ចេញ​គោលនយោបាយ​ថ្មី​ក្នុង​យុទ្ធសាស្ត្រ​ពង្រឹង​ខាងក្នុង​ ពង្រីក​ខាងក្រៅ​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ផ្តើម​ចេញពី​ការសម្រប​សម្រួល​ និង​បើកទូលាយ​លើ​កិច្ច​ទំនាក់ទំនង​រវាង​បណ្តា​ប្រទេសជិតខាង​ ដើម្បី​ជំរុញ​និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ និង​រីកចម្រើន​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​នូវ​វចនា​ចំនួន២​ (ពង្រឹង​ខាងក្នុង​ និង​ពង្រីក​ខាងក្រៅ​) ក្នុង​គោលបំណង​ទទួល​បាន​ឱកាស​ទីផ្សារ​ នៅក្នុង​សហភាព​អឺរ៉ុប​ និង​នៅ​តាម​ទីផ្សារ​តាម​បណ្តា​ប្រទេស​នានា​ផង​ដែរ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មានប្រសាសន៍​កាល​ព្រឹក​ថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ គិត​ត្រឹម​ដើមខែ​តុលា​នេះ​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​បណ្តា​ប្រទេសជិតខាង​ រួមមាន​ប្រទេស​ថៃ​ វៀតណាម​ និង​ឡាវ​ គឺ​បន្ត​មាន​ភាពល្អ​ប្រសើរ​។

សម្ដេច​បាន​បញ្ជាក់​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ប្រទេស​វៀតណាម​ មាន​ចំនួន​ប្រមាណ ៤០០០លាន​ដុល្លារ​ ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ជាមួយ​ប្រទេស​ឡាវ​ រួម​នឹង​ប្រទេស​ថៃ​មាន​ទំហំ​ប្រមាណ ៧០០០លាន​ដុល្លារ​ ក្នុង​នោះ​ប្រទេស​ឡាវ​មាន​ភាគរយ​តិច​ជាងគេ​។

ជាមួយគ្នា​នេះ​ សម្តេច​បាន​លើកឡើង​ ពី​គម្រោង​អភិវឌ្ឍ​តាម​តំបន់​ព្រំ​កម្ពុជា​ ជាមួយ​បណ្តា​ប្រទេស​ ដែល​នៅ​ជាប់គ្នា​ជា​ព្រំដែន​សន្តិភាព​ និង​សហប្រតិបត្តិ​ការ​ជាមួយគ្នា​ ដែល​អាច​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ ក៏ដូចជា​អ្នក​វិនិយោគ​ធ្វើជំនួញ​ លើ​គ្រប់​វិស័យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។ បន្ថែម​ពីនេះ​ ក៏​មានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ព្រំដែន​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ដឹកជញ្ជូន​ និង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ក្ដី​សាទរ​ ចំពោះ​ការសម្រេច​បាន​លទ្ធផល​ល្អ​ ក្នុង​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ផង​ដែរ​។

លោក​ឧកញ៉ា​បាន​លើកឡើង​ថា​ “ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ តែង​មានការ​កើនឡើង​ជាលំដាប់​ ជាពិសេស​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ​ និង​វៀតណាម​ ដោយសារតែ​ប្រទេស​ទាំង២នេះ​ស្ថិតនៅ​ជាប់គ្នា​ ហើយ​របៀបរបប​នៃ​ការរស់នៅ​ ក៏ដូចជា​តម្រូវការ​ការប្រើ​ប្រាស់​សម្ភារៈ​ និង​ចំណីអាហារ​មាន​លក្ខណៈ​ស្រដៀងគ្នា​”។

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ចំពោះ​ប្រទេស​ឡាវ​ គឺ​មាន​ទំហំ​ពាណិជ្ជកម្ម​តូចជាង​គេ​បន្តិច​ ដោយសារតែ​ប្រទេស​មួយ​នេះ​ ភាគច្រើន​មានការ​ផ្គត់ផ្គង់​ តែ​លើ​សម្ភារៈ​បរិ​ក្ខា​អគ្គិសនី​ និង​ប្រភព​ថាមពល​តែប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង២នឹង​រក​វិធានការ​ ក៏ដូចជា​វិធីសាស្ត្រ​ ធ្វើ​យ៉ាង​ឱ្យ​មានការ​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ដូច​ប្រទេស​ដទៃទៀត​។

លោក​ឧកញ៉ា​លឹម​ ហេង​ បាន​បន្ត​ថា​ មិនមែន​មានតែ​ប្រទេស​ ដែល​ស្ថិតនៅ​ក្នុង​អាស៊ាន​ទាំង ១០ប្រទេស​នេះ​ទេ​ រដ្ឋាភិបាល​បាន​ធ្វើការ​កំណែទម្រង់​ផ្ទៃក្នុង​ស៊ីជម្រៅ​ ជាពិសេស​បាន​អនុវត្ត​នូវ​វចនា​ចំនួន២សំ​ខាន់​ៗ (ពង្រឹង​ខាងក្នុង​ ពង្រីក​ខាងក្រៅ​) ដែល​ជា​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​កម្ពុជា​ ទៅកាន់​ទីផ្សារ​សភាព​អឺរ៉ុប​ ក៏ដូចជា​ទីផ្សារ​អន្តរជាតិ​។

​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​“នៅក្នុង​ផែនការ​ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​នេះ​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ ព្រមទាំង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ ដើម្បី​អាច​សម្រេច​បាន​ផែនការ​ដែល​បាន​កំណត់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here