ដោយៈ រ៉ាណេត
ភ្នំពេញៈ ផ្តើមចេញពីការសម្របសម្រួល និងបើកទូលាយលើកិច្ចទំនាក់ទំនងរវាងបណ្តាប្រទេសជិតខាង ដើម្បីជំរុញនិងពង្រីកវិស័យពាណិជ្ជកម្ម ឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើន រដ្ឋាភិបាលកម្ពុជាបានអនុវត្តនូវវចនាចំនួន២ (ពង្រឹងខាងក្នុង និងពង្រីកខាងក្រៅ) ក្នុងគោលបំណងទទួលបានឱកាសទីផ្សារ នៅក្នុងសហភាពអឺរ៉ុប និងនៅតាមទីផ្សារតាមបណ្តាប្រទេសនានាផងដែរ។

-->
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះថា គិតត្រឹមដើមខែតុលានេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ គឺបន្តមានភាពល្អប្រសើរ។
សម្ដេចបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសវៀតណាម មានចំនួនប្រមាណ ៤០០០លានដុល្លារ ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសឡាវ រួមនឹងប្រទេសថៃមានទំហំប្រមាណ ៧០០០លានដុល្លារ ក្នុងនោះប្រទេសឡាវមានភាគរយតិចជាងគេ។
ជាមួយគ្នានេះ សម្តេចបានលើកឡើង ពីគម្រោងអភិវឌ្ឍតាមតំបន់ព្រំកម្ពុជា ជាមួយបណ្តាប្រទេស ដែលនៅជាប់គ្នាជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការជាមួយគ្នា ដែលអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគធ្វើជំនួញ លើគ្រប់វិស័យមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម។ បន្ថែមពីនេះ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដើម្បីបង្កភាពងាយស្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍បង្ហាញពីក្ដីសាទរ ចំពោះការសម្រេចបានលទ្ធផលល្អ ក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជាផងដែរ។
លោកឧកញ៉ាបានលើកឡើងថា “ពីមួយឆ្នាំទៅមួយឆ្នាំ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន តែងមានការកើនឡើងជាលំដាប់ ជាពិសេសទំហំពាណិជ្ជកម្មជាមួយប្រទេសថៃ និងវៀតណាម ដោយសារតែប្រទេសទាំង២នេះស្ថិតនៅជាប់គ្នា ហើយរបៀបរបបនៃការរស់នៅ ក៏ដូចជាតម្រូវការការប្រើប្រាស់សម្ភារៈ និងចំណីអាហារមានលក្ខណៈស្រដៀងគ្នា”។
លោកឧកញ៉ាបានបន្តទៀតថា ចំពោះប្រទេសឡាវ គឺមានទំហំពាណិជ្ជកម្មតូចជាងគេបន្តិច ដោយសារតែប្រទេសមួយនេះ ភាគច្រើនមានការផ្គត់ផ្គង់ តែលើសម្ភារៈបរិក្ខាអគ្គិសនី និងប្រភពថាមពលតែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំបន្ទាប់រដ្ឋាភិបាលនៃប្រទេសទាំង២នឹងរកវិធានការ ក៏ដូចជាវិធីសាស្ត្រ ធ្វើយ៉ាងឱ្យមានការកើនឡើងនូវទំហំពាណិជ្ជកម្មដូចប្រទេសដទៃទៀត។
លោកឧកញ៉ាលឹម ហេង បានបន្តថា មិនមែនមានតែប្រទេស ដែលស្ថិតនៅក្នុងអាស៊ានទាំង ១០ប្រទេសនេះទេ រដ្ឋាភិបាលបានធ្វើការកំណែទម្រង់ផ្ទៃក្នុងស៊ីជម្រៅ ជាពិសេសបានអនុវត្តនូវវចនាចំនួន២សំខាន់ៗ (ពង្រឹងខាងក្នុង ពង្រីកខាងក្រៅ) ដែលជាយុទ្ធសាស្ត្រពង្រីកទីផ្សារកម្ពុជា ទៅកាន់ទីផ្សារសភាពអឺរ៉ុប ក៏ដូចជាទីផ្សារអន្តរជាតិ។

លោកឧកញ៉ាបានបញ្ជាក់ថា“នៅក្នុងផែនការ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនេះ សភាពាណិជ្ជកម្មកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងចូលរួមចំណែកយ៉ាងសកម្ម ដើម្បីអាចសម្រេចបានផែនការដែលបានកំណត់”៕