ដោយ វុត្ថា
ភ្នំពេញៈ កម្ពុជាត្រូវបានវេទិកាសេដ្ឋកិច្ចពិភពលោក ជ្រើសរើសជាដៃគូក្នុងការពិភាក្សាលើការផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់ការអភវឌ្ឍប្រកបដោយចីរភាព គឺឈរលើមូលដ្ឋានរឹងមុំារបស់កម្ពុជា ដែលមានគោលនយោបាយបើកចំហរដ៏ប្រសើរ ចំពោះការវិនិយោគ។
លោកបណ្ឌិត Matthew Stephenson នាយកគោលនយោបាយ និងសហគមន៍ នៃនាយកដ្ឋានវិនិយោគ និង ពាណិជ្ជកម្មអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តី ពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍប្រកដោយចីរភាពនៅកម្ពុជាកាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៩ ម្សិលមិញនេះថា មានមូលហេតុសំខាន់ៗចំនួន៣ ដែលវេទិកាសេដ្ឋកិច្ចពិភពលោក សម្រេចជ្រើសរើសយកកម្ពុជា ជាដៃគូដូចជា ទី១ កម្ពុជាសម្រេចបាននូវភាពជោគជ័យដ៏ធំធេង ក្នុងកាទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ក្នុងកំណើនគួរឱ្យមោទនដែលជាមធ្យមជាង៥០% ចាប់តាំងពីឆ្នាំ ២០០៥ មកដល់បច្ចុប្បន្ន ហើយវិធានការផ្តល់កិច្ចសម្រួលវិនិយោគ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវជោគជ័យនេះ។
-->
ទី២ ខណៈពេលដែលកម្ពុជា ត្រូវការការអភិវឌ្ឍស្របពេលដែលកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណជា៧% តាំងពីឆ្នាំ២០១១មក បទពិសោធន៍របស់កម្ពុជា ក្នុងកាធ្វើអានុភាវូបនីយកម្ម ការវិនិយោគសម្រាប់ការអភិវឌ្ឍអាចជួយប្រទេសផ្សេងទៀត ក្នុងការរៀនសូត្រពីជ្រុងសំខាន់ៗ នៃការភិវឌ្ឍពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគនៅកម្ពុជា។
ទី៣ កម្ពុជាក្រសោបយកនូវកិច្ចសហការធ្វើការរួមគ្នា រវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ បានបង្ហាញនូវការគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាលសម្រាប់កិច្ចសហការគ្នារវាងរដ្ឋ និងឯកជនក្នុងការផ្តល់កិច្ចសម្រួលវិនិយោគបន្ថែមទៀតដែលប្រការនេះ គឺស្របគ្នានឹងបេសកកម្មរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។
លោកបណ្ឌិត Matthew Stephenson បានបន្តថា លើសពីនេះទៀត កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងអង្គការពាណិជ្ជកម្មពិភពលោក ក្នុងឋានៈជាភ្ញៀវកិត្តិយស នៃការត្រួតពិនិត្យឡើងវិញ ជាសកលនូវជំនួយសម្រាប់ពាណិជ្ជកម្ម កាលពីខែកក្កដាឆ្នាំ ២០១៩ កន្លងមកនៅទីក្រុងហ្សឺណែវប្រទេសស្វីស តាមរយៈការចែករំលែកបទពិសោធន៍ជាមួយពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះ។
លោកបន្តថា “ឈរលើមូលដ្ឋានមូលដ្ឋានខាងលើនេះ វេទិកាសេដ្ឋកិច្ចពិភពលោក និងកម្ពុជា អាចធ្វើការរួមគ្នាដើម្បីចែករំលែកនូវរបកគំហើញ និងឧត្តមានុវត្តស្តីពីការផ្តល់កិច្ចសម្រួលវិនិយោគជាមួយប្រទេសដទៃទៀត ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌតំបន់ដទៃទៀត”។
វេទិកាសេដ្ឋកិច្ចពិភពលោកបានកត់សម្គាល់ថា កម្ពុជាបានដាក់ចេញនូវវិធានការសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការសម្រួលវិនិយោគ សំដៅទាក់ទាញការវិនិយោគប្រកបដោយជោគជ័យ ដែលក្នុងនោះរួមមាន កញ្ចប់លើកទឹកចិត្ត និងការធនារ៉ាប់រងវិនិយោគ តម្លៃភាពនិងភាពអាចប៉ាន់ប្រមាណបាន ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដំណោះស្រាយ ICT និងបញ្ជរតែមួយ។ល។ វិធានទាំងនោះមានចរិតលក្ខណៈដើមស្រដៀងទៅនឹងអ្វីដែលវេទិកាពិភពលោក បានរៀបចំឡើង៕