អបអរសាទរ​៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ជ្រើស​យក​កម្ពុជា​ធ្វើជា​ដៃគូ​សហការ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ កម្ពុជា​ត្រូវ​បាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ជ្រើសរើស​ជា​ដៃគូ​ក្នុង​ការពិភាក្សា​លើ​ការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ សម្រាប់​ការ​អភវ​ឌ្ឍ​ប្រកបដោយ​ចីរភាព​ គឺ​ឈរ​លើ​មូលដ្ឋាន​រឹង​មុំា​របស់​កម្ពុជា​ ដែល​មាន​គោលនយោបាយ​បើក​ចំហរ​ដ៏​ប្រសើរ​ ចំពោះ​ការ​វិនិយោគ​។

លោក​បណ្ឌិត​ Matthew​ Stephenson​ នាយក​គោលនយោបាយ​ និង​សហគមន៍​ នៃ​នាយកដ្ឋាន​វិនិយោគ​ និង​ ពាណិជ្ជកម្ម​អន្តរជាតិ​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បានឱ្យ​ដឹង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ ពី​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​ប្រក​ដោយ​ចីរភាព​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២ ខែតុលា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ មាន​មូលហេតុ​សំ​ខាន់​ៗចំនួន៣​ ដែល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ សម្រេច​ជ្រើសរើស​យក​កម្ពុជា​ ជា​ដៃគូ​ដូចជា​ ទី១​ កម្ពុជា​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ដ៏​ធំធេង​ ក្នុង​កា​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ក្នុង​កំណើន​គួរ​ឱ្យ​មោទ​នដែល​ជាមធ្យម​ជាង៥០​% ចាប់តាំងពី​ឆ្នាំ​ ២០០៥​ មកដល់​បច្ចុប្បន្ន​ ហើយ​វិធានការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការសម្រេច​បាន​នូវ​ជោគជ័យ​នេះ​។

ទី២​ ខណៈ​ពេល​ដែល​កម្ពុជា​ ត្រូវការ​ការ​អភិវឌ្ឍ​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ប្រមាណ​ជា៧​% តាំងពី​ឆ្នាំ២០១១មក​ បទពិសោធន៍​របស់​កម្ពុជា​ ក្នុង​កា​ធ្វើ​អានុ​ភាវូបនីយកម្ម​ ការ​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​អាច​ជួយ​ប្រទេស​ផ្សេងទៀត​ ក្នុង​ការរៀនសូត្រ​ពី​ជ្រុង​សំ​ខាន់​ៗ នៃ​ការ​ភិ​វឌ្ឍ​ពាក់ព័ន្ធ​នឹង​កិច្ច​សម្រួល​វិនិយោគ​នៅ​កម្ពុជា​។

ទី៣​ កម្ពុជា​ក្រសោប​យក​នូវ​កិច្ចសហការ​ធ្វើការ​រួមគ្នា​ រវាង​រាជរដ្ឋាភិបាល​ និង​ផ្នែកឯកជន​ តាមរយៈ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​។ វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​ លើក​ទី១៨​ កាលពី​ខែមីនា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាងសកម្ម​ពី​រាជរដ្ឋាភិបាល​សម្រាប់​កិច្ចសហការ​គ្នា​រវាង​រដ្ឋ​ និង​ឯកជន​ក្នុង​ការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​បន្ថែម​ទៀត​ដែល​ប្រការ​នេះ​ គឺ​ស្របគ្នា​នឹង​បេសកកម្ម​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។

លោក​បណ្ឌិត​ Matthew​ Stephenson​ បាន​បន្ត​ថា​ លើស​ពីនេះ​ទៀត​ កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ក្នុងឋានៈជា​ភ្ញៀវ​កិត្តិយស​ នៃ​ការ​ត្រួតពិនិត្យ​ឡើងវិញ​ ជាស​កល​នូវ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ កាលពី​ខែកក្កដា​ឆ្នាំ​ ២០១៩​ កន្លងមក​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ តាមរយៈ​ការចែក​រំលែក​បទពិសោធន៍​ជាមួយ​ពិភពលោក​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​នា​ពេលនេះ​។

លោក​បន្ត​ថា​ “ឈរ​លើ​មូលដ្ឋាន​មូលដ្ឋាន​ខាងលើ​នេះ​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ និង​កម្ពុជា​ អាច​ធ្វើការ​រួមគ្នា​ដើម្បី​ចែករំលែក​នូវ​របកគំហើញ​ និង​ឧត្តមា​នុ​វត្ត​ស្តី​ពី​ការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ជាមួយ​ប្រទេស​ដទៃទៀត​ ក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ក្របខណ្ឌ​តំបន់​ដទៃទៀត​”។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​កត់សម្គាល់​ថា​ កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​សំ​ខាន់​ៗជាច្រើន​ ពាក់ព័ន្ធ​នឹង​ការសម្រួល​វិនិយោគ​ សំដៅ​ទាក់ទាញ​ការ​វិនិយោគ​ប្រកបដោយ​ជោគជ័យ​ ដែល​ក្នុង​នោះ​រួមមាន​ កញ្ចប់​លើកទឹកចិត្ត​ និង​ការ​ធនា​រ៉ាប់រង​វិនិយោគ​ តម្លៃ​ភាព​និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​ ការសម្រប​សម្រួល​ និង​កិច្ច​សហប្រតិបត្តិ​ការ​ ដំណោះស្រាយ​ ICT​ និង​បញ្ជរ​តែមួយ​។ល។ ​វិធាន​ទាំងនោះ​មាន​ចរិតលក្ខណៈ​ដើម​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​វេទិកា​ពិភពលោក​ បាន​រៀបចំឡើង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here