ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិបានថ្លែងថា កម្ពុជានិងកូរ៉េ បានបង្កើនភាពជិតស្និទ្ឋ ហើយកំពុងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែធំឡើង។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ គឺមានភាពល្អប្រសើរជាបន្តបន្ទាប់ ជាក់ស្ដែងកាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មមានចំនួនប្រមាណ៦០០លានដុល្លារ ហើយនៅឆ្នាំ២០១៨បានបន្តកើនឡើងរហូតដល់ប្រមាណជាង៧០០លានដុល្លារ។ ដោយឡែកនៅឆ្នាំ២០១៩នេះ តាមការព្យាករណ៍ទំហំពាណិជ្ជកម្មនឹងបន្តកើនឡើងទៀតខណៈដែលនៅត្រឹមឆមាសទី១ ទំហំពាណិជ្ជកម្មមានចំនួន៤៥០លានដុល្លារ។
-->
តាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានមានប្រសាសន៍នៅក្នុងឱកាសដែលបានចូលរួមនៅក្នុងពិធីបុណ្យជាតិរបស់សាធារណៈរដ្ឋកូរ៉េ កាលពីថ្ងៃទី៣ខែតុលា ឆ្នាំ២០១៩ ថា កាលពីពេលកន្លងទៅ សាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការជួយដល់ប្រទេសកម្ពុជាស្ទើរគ្រប់វិស័យ ដែលក្នុងនោះរួមមានដូចជាវិស័យអប់រំ ការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
លោកបានបន្តទៀតថា ក្រៅពីនេះ កូរ៉េបានជួយជ្រោមជ្រែងលើវិស័យសុខាភិបាល វិស័យហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជនបទ វិស័យកសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ផងដែរ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើររដ្ឋាភិបាល និងប្រជាជនកូរ៉េ លើភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការជំនះឧបសគ្គជាច្រើន ដើម្បីសម្រេចបាននូវវឌ្ឍនភាពនៅក្នុងប្រទេស និងលើកកម្ពស់កិត្តិនាមរបស់ប្រទេសកូរ៉េលើថ្នាលអន្តរជាតិ។
កិច្ចទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណៈរដ្ឋកូរ៉េ បានបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកការទូតជាថ្មីក្នុងអំឡុងឆ្នាំ១៩៩៧៕