រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ កម្ពុជា​ កូរ៉េ​ ប្ដេជ្ញា​លើក​កំពស់​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ប៉ាន​ សូរ​ស័ក្តិ​បាន​ថ្លែង​ថា​ កម្ពុជា​និង​កូរ៉េ​ បាន​បង្កើន​ភាព​ជិ​តស្និ​ទ្ឋ​ ហើយ​កំពុង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ធំឡើង​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ គឺ​មាន​ភាពល្អ​ប្រសើរ​ជាបន្តបន្ទាប់​ ជាក់ស្ដែង​កាលពី​ឆ្នាំ២០១៧​ ទំហំ​ពាណិជ្ជកម្ម​មាន​ចំនួន​ប្រមាណ៦០០លាន​ដុល្លារ​ ហើយ​នៅ​ឆ្នាំ២០១៨បាន​បន្ត​កើនឡើង​រហូតដល់​ប្រមាណ​ជាង​៧០០​លាន​ដុល្លារ​។ ដោយឡែក​នៅ​ឆ្នាំ២០១៩នេះ​ តាម​ការព្យាករណ៍​ទំហំ​ពាណិជ្ជកម្ម​នឹង​បន្ត​កើនឡើង​ទៀត​ខណៈ​ដែល​នៅ​ត្រឹម​ឆមាស​ទី១​ ទំហំ​ពាណិជ្ជកម្ម​មាន​ចំនួន៤៥០លាន​ដុល្លារ​។

តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ក្រ​សួង​ពាណិជ្ជកម្ម​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ប៉ាន​ សូរ​ស័ក្តិ​ បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​ដែល​បាន​ចូលរួម​នៅក្នុង​ពិធីបុណ្យ​ជាតិ​របស់សាធារណៈ​រដ្ឋ​កូរ៉េ​ កាលពី​ថ្ងៃទី៣ខែតុលា​ ឆ្នាំ២០១៩​ ថា​ កាលពី​ពេល​កន្លងទៅ​ សាធារណរដ្ឋ​កូរ៉េ​ បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​ស្ទើរគ្រប់​វិស័យ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​វិស័យ​អប់រំ​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាដើម​។

លោក​បាន​បន្ត​ទៀត​ថា​ ក្រៅពី​នេះ​ កូរ៉េ​បាន​ជួយ​ជ្រោមជ្រែង​លើ​វិស័យ​សុខាភិបាល​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​អភិវឌ្ឍ​ជនបទ​ វិស័យ​កសិកម្ម​ បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ផង​ដែរ​។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​កោតសរសើរ​រដ្ឋាភិបាល​ និង​ប្រជាជន​កូរ៉េ​ លើ​ភាព​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ជំនះ​ឧបសគ្គ​ជាច្រើន​ ដើម្បី​សម្រេច​បាន​នូវ​វឌ្ឍនភាព​នៅក្នុង​ប្រទេស​ និង​លើកកម្ពស់​កិត្តិនាម​របស់​ប្រទេស​កូរ៉េ​លើ​ថ្នាល​អន្តរជាតិ​។

កិច្ច​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​សាធារណៈ​រដ្ឋ​កូរ៉េ​ បាន​បង្កើន​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែកការ​ទូត​ជាថ្មី​ក្នុងអំឡុងឆ្នាំ១៩៩៧​៕

LEAVE A REPLY

Please enter your comment!
Please enter your name here