ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យ និងលំនៅដ្ឋានប្រចាំឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅចាប់់ថ្ងៃទី៤ ដល់៥តុលា ឆ្នាំ២០១៩ នេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណៈជនទូទៅ ក៏ដូចជាបណ្តាអ្នកជំនួញវិស័យអចលនទ្រព្យយ៉ាងច្រើន ក្រោមការចូលរួមតាំងបង្ហាញ ពីគម្រោងអភិវឌ្ឍពីសំណាក់ក្រុមហ៊ុនជាតិ អន្តរជាតិប្រមាណ ៧០ក្រុមហ៊ុន។

-->
ក្នុងនាមជាវាគ្មិនកិត្តិយស ដែលត្រូវបានអញ្ជើញចូលរួមចែករំលែកចំណេះដឹង និងព័ត៌មានសំខានៗទាក់ទងទៅនឹងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសនានាលើសាកល លោកសន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំឡើងដោយក្រុមហ៊ុន realestate.com.kh នេះមានអត្ថប្រយោជន៍ច្រើន សម្រាប់អ្នកដែលមានបំណង និងកំពុងវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ។
លោកបានបញ្ជាក់ថា “តាមរយៈកម្មវិធីមួយនេះ បណ្តាអ្នកចូលរួមនឹងបានដឹងពីគម្រោងអភិវឌ្ឍនានា ដើម្បីជាដំណឹង និងជាព័ត៌មាន ដើម្បីជាទុនសម្រាប់សម្រេចចិត្តធ្វើការវិនិយោគ”។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ មានការចូលរួមចែករំលែកពីវាគ្មិនសំខាន់ៗជាច្រើន រួមមានឧកញ៉ាសៀ រិទ្ឋី លោកបណ្ឌិតគីម ហ៊ាង លោកសន សៀប លោក Marck Townson ប្រធាន CBRE Cambodia ជាដើម។

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គេឃើញមានគម្រោងសាងសង់សំណង់អាគារធំៗជាច្រើន ដូចជាសំណង់ខុនដូ អាផាតមិន អគារពាណិជ្ជកម្ម បុរី បណ្តុំលំនៅដ្ឋាន ក៏ដូចជាគម្រោងដីឡូតិ៍ ក្រោមការបោះទុនវិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុនជាតិ និងអន្តរជាតិ មកពីពីប្រទេសចិន មកពីប្រទេសជប៉ុន មកពីប្រទេសកូរ៉េ និងប្រទេសថៃផងដែរ៕

