កម្ពុជា​អនុ​ម័ត្រគម្រោង​វិនិយោគ​វៀតណាម​ចំនួន​ ៨៤គម្រោង​ មាន​ទឹកប្រាក់​ជាង ២,៥​ពាន់​លាន​ដុល្លារ​

0

ដោយ ​វុត្ថា​

វៀតណាម​៖ ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានឱ្យ​ដឹង​ថា​ គិត​ចាប់ពី​ឆ្នាំ​ ១៩៩៤​ រហូតដល់​ខែសីហា​ឆ្នាំ២០១៩​ ពោល​គឺ​មាន​រយៈពេល​ ២៥​ ឆ្នាំ​ កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន៨៤គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ជាង​ ២,៥​ ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​វិស័យ​កសិកម្ម​មាន​ចំនួន​ប្រមាណ២ភាគ៣​ នៃ​គម្រោង​វិនិយោគ​ទាំងអស់​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ថ្លែង​នៅក្នុង​សន្និសីទ​ កម្ពុជា​-វៀតណាម​ ស្ដីពី​ការ​ជម្រុ​ញវិនិយោគ​ និង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ៤ ខែតុលា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ក្រៅពី​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក៏​មាន​វត្តមាន​នៃ​ការ​វិនិយោគ​ក្រុមហ៊ុន​វៀតណាម​ក្នុង​វិស័យ​នានា​ដូចជា​ វិស័យ​ធនាគារ​ ធានារ៉ាប់រង​ សេវាកម្ម​ និង​ការ​លក់ដុំ​ លក់រាយ​ជាដើម​។

សម្តេច​តេជោ​បន្ត​ថា​ ក្នុង​វិស័យ​ពាណិជ្ជកម្ម​ សម្តេច​ពិតជា​មាន​ក្តី​មោទនភាព​ ចំពោះ​ការ​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​កាលពី​ឆ្នាំ២០១៨​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ និង​វៀតណាម​សម្រេច​បាន​ចំនួន​ប្រមាណ​ជាង៤,៧ពាន់​លាន​ដុល្លារ​អាមេរិក​គឺ​កើនឡើង​ប្រមាណ​ជា២៤​% ធៀប​នឹង​ឆ្នាំ២០១៧​។

ដោយឡែក​ក្នុងរយៈពេល​ ៦ខែ​ដើមឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំងពីរ​សម្រេច​បាន​ចំនួន២,៧២ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​យើង​រំពឹង​ថា​នឹង​សម្រេច​ដល់​ប្រមាណ​ជា៥ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ដំណាច់ឆ្នាំ​នេះ​។ ចំពោះ​វិស័យ​ទេសចរណ៍​វិញ​ វៀតណាម​ឈរ​នៅ​លំដាប់​លេខរៀង​ទី២នៅ​ឆ្នាំ២០១៧​ និង២០១៨​។

ក្នុងរយៈពេល៧ខែ​ នៃ​ឆ្នាំ២០១៩នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម​មក​កម្ពុជា​ មាន​ចំនួន​ប្រមាណ​ជាង៤៧ម៉ឺន​នាក់​ ដែល​តួលេខ​នេះ​មានការ​កើនឡើង​ប្រមាណ​ជា៤,៦​% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨កន្លងទៅ​។

ចំនួន​ភ្ញៀវ​ទេសចរ​ប្រទេស​ទាំងពីរ​ រំពឹង​ថា​នឹង​មាន​កំណើន​បន្ថែម​ទៀត​តាមរយៈ​ការ​ពន្លឿន​សកម្មភាព​ផ្សព្វផ្សាយ​ និង​ការ​បង្កើន​ការ​តភ្ជាប់​ក្នុងចំណោម​គោលដៅ​និង​ផលិតផល​ទេសចរណ៍​ ជាក់ស្ដែង​ជើងហោះហើរ​ត្រង់​ ភ្នំពេញ​-ដា​ណាំង​ និង​ចាប់ផ្ដើម​ដំណើរការ​នា​ពេល​ឆាប់​ៗខាងមុខនេះ​បន្ថែម​លើ​ជើងហោះហើរ​កម្ពុជា​វៀតណាម​ដែល​មានស្រាប់​ចំនួន១១២ជើង​ក្នុង​មួយ​សប្តាហ៍​។

ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សម្រួលការ​ដឹកជញ្ជូន​ផ្លូវគោក​និង​ឡូ​ជី​ស្ទិ​កប្រទេស​ទាំងពីរ​បាន​ឯកភាព​អនុញ្ញាត​ឲ្យ​យានយន្ត​ចំនួន៥០០គ្រឿង​ឆ្លងកាត់​តាម​ច្រកព្រំដែន​ចំនួន៩​ ហើយ​ប្រទេស​ទាំងពីរ​បាន​ និង​កំពុង​ពិភាក្សា​លើ​ការ​បន្ថែមចំនួន​យានយន្ត​និង​ជំនួញ​ច្រក​ឆ្លងកាត់​ដែរ​។

សម្ដេច​តេជោ​ ក៏​សូម​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ធ្វើការ​សិក្សា​និង​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​ដាក់ចេញ​នូវ​យន្តការ​ពិសេស​ដើម្បី​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម​ និង​ផ្នែក​ឡូ​ជី​ស្ទីក​នៅ​តាម​ជាយដែន​ជាពិសេស​ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតប​ទៅនឹង​កំណើន​យ៉ា​កំហុស​នៃ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​បន្ទាប់ពី​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ​ និង​ទីក្រុង​ហូជីមិញ​ មក​ប្រសព្វគ្នា​នៅ​ច្រកព្រំដែន​អន្តរជាតិ​បាវិត​ ដែល​ជា​ចំណុច​ប្រមូលផ្ដុំ​ដ៏​សំខាន់​មួយ​នៅក្នុង​របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​។

សម្តេច​តេជោ​ក៏បាន​ស្នើរ​អ្នក​វិនិយោគ​វៀតណាម​មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យ​កសិកម្ម​ វិស័យ​ទេសចរណ៍​ វិស័យ​ដឹកជញ្ជូន​ និង​ឡូ​ជី​ស្ទីក​ វិស័យ​សំណង់​ ផលិត​សម្ភារៈ​បរិ​ក្ខា​សំណង់​ និង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​ ដែល​សុទ្ធសឹង​ជា​វិ​ស័យ​សក្កា​នុ​ពល​របស់​កម្ពុជា​ ក្នុង​គោលដៅ​ប្រែក្លាយ​កម្ពុជា​ឱ្យ​ក្លាយទៅជា​ផ្នែក​មួយ​សំខាន់​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​តំបន់​ និង​សកល​ព្រមទាំង​ពង្រឹង​ភាព​ប្រកួតប្រជែង​និង​ធ្វើឲ្យ​បរិយាកាស​ធុរកិច្ច​ និង​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​។

សម្តេច​តេជោ​ក៏បាន​មានប្រសាសន៍​អំពី​ការ​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​នៃ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ដែល​សម្ដេច​បាន​ដឹកនាំ​កិច្ចប្រជុំ​ពីរ​ថ្ងៃ​ ទី២៩​ ខែមីនា​ឆ្នាំ២០១៩​ កន្លងទៅ​ ដែល​បាន​ផ្ដល់​ដល់​ផ្នែក​វិស័យ​ឯកជន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​សំណូមពរ​ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​និង​មាន​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ​ និង​ដើម្បី​ធ្វើឲ្យ​វិនិយោគិន​ដែល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ កាន់តែ​មាន​ភាព​ងាយស្រួល​។

សម្ដេច​តេជោ​ បាន​ស្វាគមន៍​រាល់​ការសម្រេច​ចិត្ត​របស់​អ្នក​វិនិយោគ​ទាំងអស់​ជាពិសេស​អ្នក​វិនិយោគ​វៀតណាម​ ដែល​បាន​ជ្រើសរើស​ នឹង​មានបំណង​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​សម្ដេច​ក៏បាន​អំពាវនាវ​ដល់​ធុរជន​ និង​អ្នក​វិនិយោគ​វៀតណាម​ដែល​បាន​មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​បន្ថែម​ពី​សក្តា​នុ​ពល​ និង​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​ឬសហការ​វិនិយោគ​រួមគ្នា​ជាមួយ​អ្នក​វិនិយោគ​កម្ពុជា​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​កម្ពុជា​និង​វៀតណាម​។

សម្ដេច​ក៏​សូម​ធានា​ជូន​ដល់​អ្នក​វិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​ប្រកបដោយ​អំណោយផល​ជាពិសេស​គឺ​សន្តិភាព​សន្តិសុខ​និង​ស្ថិរភាព​នយោបាយ​ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ក្របខណ្ឌ​ច្បាប់​ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​ គណនេយ្យ​ភាព​ និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។

នៅ​ចុងបញ្ចប់​នៃ​សន្និសីទ​នេះ​ផង​ដែរ​ ក៏​មាន​ពិធី​ចុះហត្ថលេខា​មួយ​លើ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ជាមួយ​ក្រសួងផែនការ​ និង​វិនិយោគ​វៀតណាម​ ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here