ក្រុមហ៊ុន​ចិន​ធំ​មួយ​បោះទុន​ ១៥០លាន​ដុល្លារ​សាងសង់​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​នៅ​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​វិនិយោគ​ ទឹកប្រាក់១៥០លាន​ដុល្លារ​ ដើម្បី​កែច្នៃ​ផ្លែស្វាយ​ នៅ​ខេត្ត​ព្រះសីហនុ​ ដែល​រោងចក្រ​នេះ​នឹង​ដំណើរការ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​។

កាលពីដើម​ឆ្នាំ២០១៩​ ក្រុមហ៊ុន​ Cam​ MJ​ Agricultural​ Park​ Co​.,Ltd​ បាន​ទទួល​គោលការណ៍​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ​(CDC​) ដើម្បី​កសាង​ ” Cam​ MJ​ Agricultural​ Park​ Special​ Economic​ Zone​ ” លាតសន្ធឹង​លើ​ផ្ទៃដី​ជាង៩៩ហត​ ស្ថិតនៅ​ភូមិ​តា​នៃ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ១៥០លាន​ដុល្លារ​ មាន​រយ:ពេល៥​ ឆ្ នាំ​(២០២០​-២០២៥​)។

លោក​ Ung​ Kim​ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ Cam​ MJ​ Agricultural​ Park​ Co​.,Ltd​ បាន​លើកឡើង​ថា​ ជា​ការ​ឆ្លើយតបទៅនឹង​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​ ក្រុមហ៊ុន​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៧​ ក្នុង​បំណង​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម​ ការ​ការពារ​ផលប្រយោជន៍​របស់​កសិករ​ តាម​រយ:ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​កសិផល​ បង្កើន​តម្លៃបន្ថែម​ និង​ធ្វើការ​ប្រកួតប្រជែង​ទីផ្សារ​ក្នុង​ និង​ក្រៅប្រទេស​។ ការ​លើកឡើង​នេះ​ ធ្វើឡើង​ក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការគួរសម​របស់​លោក​ Ung​ Kim​ ជាមួយ​លោក​ វេង​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ កាលពី​រសៀល​ថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០១៩​។

លោក​បាន​បន្ត​ទៀត​ថា​ តំបន់ឧស្សាហកម្ម​នេះ​ នឹង​ប្រើជា​ប្រយោជន៍​សម្រាប់​ធ្វើ​កន្លែង​តាំងពិព័រណ៍​កសិផល​ ការ​ប្រមូល​ទិញ​ ការកែច្នៃ​ផ្លែឈើ​ត្រូពិច​ បន្លែ​ ការ​ធ្វើជំនួញ​កសិផល​ជាមួយ​ដៃគូ​ឈានមុខ​អន្តរជាតិ​ ព្រមទាំង​ជា​កន្លែង​អនុវត្ត​បច្ចេកទេស​កសិកម្ម​ ការ​ប្រមូល​ផ្តុំ​ក្រុម​ផលិត​ពូជ​ និង​ការកែច្នៃ​ជីសរីរាង្គ​។ល។ និយាយ​ជា​រួម​គឺជា​តំបន់​ពហុ​ប្រយោជន៍​បម្រើ​ឱ្យ​វិ​ស័យ​កសិ​-ឧស្សាហកម្ម​កម្ពុជា​។ ប្រសិនបើ​តំបន់​នេះ​ដំណើរការ​ល្អ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​ នោះ​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​លើឆាកអន្តរជាតិ​កាន់តែ​ច្រើនឡើង​តាម​រយ:ផលិត​ ផល​កសិផល​កែច្នៃ​នេះ​។

រដ្ឋមន្រ្តី​ក្រ​សួង​កសិ​កកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ លោ​កវេង​ សា​ខុន​បាន​សម្តែង​ការ​ស្វាគមន៍​រីករាយ​ និង​គាំទ្រ​ចំពោះ​ឆន្ទ:វិនិយោគ​រយ:ពេល​វែង​ លើ​វិស័យ​កសិកម្ម​កម្ពុជា​ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ នូវ​គោលនយោបាយ​យកចិត្ត​ទុកដាក់​ បង្កើន​តម្លៃបន្ថែម​លើ​ការផលិត​ ការកែច្នៃ​កសិផល​ឱ្យ​បាន១២ភាគរយ​ នៅ​ត្រឹម​ឆ្នាំ២០២៥​។ លោក​ក៏បាន​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ ដែល​មាន​អាទិភាព​ចម្បង​ដូច​បាន​កំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥​-២០២៥​។ ក្រសួង​កំពុង​ទន្ទឹងរង់ចាំ​ និង​ស្វាគមន៍​ជានិច្ច​ រាល់​គម្រោង​វិនិយោគ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ពី​ A-Z (ផលិត​ កែច្នៃ​ និង​ទីផ្សារ​) ដែល​មាន​លក្ខណ:បំពេញ​ឱ្យ​ដំណើរការ​កែច្នៃ​កសិផល​បាន​គ្រប់ជ្រុងជ្រោយ​។

លោក​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា​ “ប្រសិនបើ​យើង​បញ្ចូល​បច្ចេកទេស​សមស្រប​មួយ​ឱ្យ​អ្នក​ផលិត​ រួម​ទាំង​មាន​សួន​កែច្នៃ​នេះ​ទៀត​ យើង​សង្ឃឹមថា​ផលិតផល​ស្វាយ​នឹង​មានតម្លៃ​បន្ថែម​ខ្ពស់​មួយ​ ហើយ​នេះ​គឺ​អ្វី​ដែល​កសិករ​យើង​រំពឹង​ទុក​”។លោក​បន្ត​ថា​ “ក្រសួង​នឹង​ផ្តល់​កិច្ចសហការ​តាម​គ្រប់រូប​ភាព​ ដើម្បី​ជួយ​សម្រួល​គ្រប់បែបយ៉ាង​ ទាំង​ឯកសារ​រដ្ឋបាល​ ច្បាប់​ និង​បច្ចេកទេស​ ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​សម្រេច​ទទួល​បាន​ជោគជ័យ​ ដើម្បី​លើកកម្ពស់​សមត្ថភាព​ផ្គត់ផ្គង់​កសិផល​កែច្នៃ​លើ​ទីផ្សារ​ក្នុង​ និង​ក្រៅប្រទេស​ ធ្វើការ​ប្រកួតប្រជែង​ ជំរុញ​ការប្រើ​ប្រាស់​ និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ ស្វាយ​ បង្កើន​តម្លៃបន្ថែម​ បង្កើត​ការងារ​ បង្កើន​ចំណូល​ និង​និរន្តរភាព​សេដ្ឋកិច្ច​ជាតិ​”។

ក្រៅពី​ផលិតផល​ស្វាយ​ លោក​ក៏បាន​ប្រាប់​ឱ្យ​ក្រុមហ៊ុន​ចាប់អារម្មណ៍​ លើ​ផលិតផល​ដំឡូងមី​ ម្រេច​ ស្វាយចន្ទី​ និង​ត្រី​ទឹកសាប​ផង​ដែរ​ ដែល​សុទ្ធតែ​ជា​វត្ថុធាតុដើម​មាន​សក្តា​នុ​ពល​សម្រាប់​ធ្វើការ​កែច្នៃ​ និង​នាំចេញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here