ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា សន្ទុះនៃការរីកចំរើនរបស់វិស័យសំណង់ ត្រូវការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់ កាន់តែមានភាពចំាបាច់ជាសារវន្ត។
សម្តេចតេជោ នៅក្នុងសេចក្តីថ្លែងហេតុសេចក្តីព្រាងច្បាប់ស្តីពីសំណង់ នាសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៃដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ឱ្យដឹងថា សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុកស្មាញ កាន់តែទាមទារឱ្យការអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្តង់ដារ និងបទបញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភណភាព និងចីរភាពនៃសំណង់រៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថលដើម្បីឆ្លើយតប នឹងបដិវត្តន៍ឧស្សាហកម្មទី៤ផង និងដើម្បីលើកតម្កើងអត្តសញ្ញាណជាតិ និងភាពសុខដុមរមនានៅក្នុងសង្គមផង។
-->
សម្តេចបន្តថា ឆ្លើយតបទៅនឹងតម្រូវការនេះ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលនយោបាយជាតស្តីពី ការរៀបចំទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១ បានកំណត់ឱ្យរៀបចំច្បាប់ស្តីពីសំណង់។
សម្តេចបន្ថែមថា ស្ថិតនៅក្នុងបរិការណ៍នៃសន្តិភាព និងស្ថិរភាពនយោបាយ វិស័យសំណង់បានដើរតួនាទីជាសសរស្តម្ភមួយ ជាមួយសសរស្តមដែលជំរុញកំណើន៣ ទៀត គឺវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដោយចូលរួមរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងវិស័យសាធារណៈ ទាំងក្នុងវិស័យឯកជន ពិសេរចនាសម្ព័ន្ធផលិតកម្មឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម និងទេសចរណ៍ ព្រមទាំងចូលរួមអភិវឌ្ឍលំនៅឋាន និងសំណង់ផ្សេងទៀត សម្រាប់បម្រើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងផាកភាព។
រយៈពេលជាមួយទសវត្សរ៍ចុងក្រោយនេះ ទុនវិនិយោគក្នុងវិស័យសំណង់មានកំណើនជាទៀតទាត់ និងនៅតែបន្តរីកចំរើនជាលំដាប់ ជាពិសេសការសាងសំណង់ធំៗខ្ពស់ៗ ដូជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ សំណង់ទីក្រុងរណប បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំង ស្ថានីយ ប្រេងឥន្ទនៈ។ល។
សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ ដែលរដ្ឋសភានអនុម័តនៅថ្ងៃនេះ មានគោលបំណង និងសារប្រយោជន៍ដូចជា ទី១ពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។ ទី២ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍទីក្រុងឱ្យមានសោភណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខមាលភាពសាធារណៈ។
ទី៣ បង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ និងទី៤ បង្កើនការជឿទុកចិត្តរបស់វិនិយោគិន នៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម៕