ចិនទិញមាសជិត ៦ លានតោនកាលពីខែកញ្ញា ខណៈការចរចាសង្គ្រាមពាណិជ្ជកម្មកំពុងបន្ត
ដោយ Donald Lee
ភ្នំពេញ៖ ធនាគារប្រជាជនចិន (PBOC) បានប្រកាសថា ខ្លួនបានទិញមាសចំនួន ៥,៩តោននៅក្នុងខែ កញ្ញា ដើម្បីធ្វើពិពិធកម្មប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន និងបានពឹងផ្អែកតិចតួចលើប្រាក់ដុល្លារអាមេរិក ខណៈដែលការចរចាសង្គ្រាមពាណិជ្ជកម្មត្រូវបានចាប់ផ្តើមឡើងវិញ។
មុនខែកញ្ញា ធនាគារកណ្តាលចិនបានបន្តការទិញមាស ៩៩ តោនចាប់តាំងពីខែ មករា ឆ្នាំនេះ។
-->
ស្របពេលជាមួយគ្នានេះដែរ ធនាគារកណ្តាលនៅជុំវិញពិភពលោកបានទិញមាសចំនួន ៣៧៤,១ តោនក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ។
ការទិញនេះកើតឡើងនៅពេលដែលធនាគារកណ្តាលជាច្រើនបានទិញចំនួន ៦៥១.៥ តោនកាលពីឆ្នាំមុនដែលជាការកើនឡើង ៧៤ ភាគរយ បើធៀបនឹងឆ្នាំមុន។មាសត្រូវបានគេចាត់ទុកថាជាការវិនិយោគដែលមានសុវត្ថិភាព និងរក្សាតម្លៃពិត បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណជាតិនៅជុំវិញពិភពលោក។
តម្លៃមាសបានកើនឡើងជាលំដាប់ នៅពេលដែលធនាគារកណ្តាលបានប្រមូលទិញមាសដើម្បីការពារសេដ្ឋកិច្ចជាតិក្នុងករណីមានវិបត្តិសេដ្ឋកិច្ចដែលទំនងជានឹងមានផលប៉ះពាល់ជាសកល។
តម្លៃមាសសព្វថ្ងៃឡើងដល់ ១ ៥១១ ដុល្លារក្នុងមួយអោន (ឬប្រហែល ៣១ ក្រាម) ។ក្រុមអ្នកវិភាគបានព្យាករណ៍ថា តម្លៃមាសនឹងកើនឡើងខ្ពស់រហូតដល់ ២,០០០ ដុល្លារក្នុងមួយអោននៅឆ្នាំក្រោយ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានបង្កើតភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចពិភពលោក។
តំណាងពាណិជ្ជកម្មអាមេរិក និងចិនគ្រោងនឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មមួយផ្សេងទៀតនៅថ្ងៃ ព្រហស្បតិ៍ខាងមុខនេះ៕