ដោយគង់ សូរិយា
ព្រះសីហនុៈ ផ្សារទំនើប FURI TIMES SQURES ដែលជាផ្សារទំនើបដំបូងគេនៅក្រុងព្រះសីហនុនឹងបើកដំណើរការនៅថ្ងៃទី២៥តុលាខាងមុខនេះហើយជាមួយនឹងផលិតផលនិងហាងល្បីៗលំដាប់អន្តរជាតិជាច្រើន។
ជាមួយគ្នានេះផ្សារទំនើបខ្នាតអន្តរជាតិថ្មីមួយ FURI Times Square នឹងបើកដំណើរការនៅកំឡុងចុងឆ្នាំនេះផងដែរ។ ផ្សារទំនើបនេះវិនិយោគក្នុងទឹកប្រាក់ជាង៩លានដុល្លារអាមេរិកដោយនាំទៅជាមួយនូវផលិតផលល្បីៗជាច្រើនដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
-->
នាយកគ្រប់គ្រងផ្នែកទីតាំងជួលផ្សារទំនើប FURI Square លោកកង ដាវីត បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថាដោយសារតែមានកំណើននៃការវិនិយោគជាច្រើនគម្រោងលើគ្រប់វិស័យបានធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើសការរំពឹងទុក។
លោកបានបន្តទៀតថា “កំណើននៃការវិនិយោគបានធ្វើឱ្យប្រជាជនចូលមករស់នៅ និងប្រកបការងារនៅក្នុងខេត្តមួយនេះកាន់តែច្រើនជាពិសេសកំណើននៃចំនួនភ្ញៀវទេសចរដែលកាន់តែធ្វើឱ្យអំណាចនៃការទិញកាន់តែមានទំហំធំ”។ លោកបន្តទៀតថា“តាមការពិនិត្យឃើញជាក់ស្ដែងបច្ចុប្បន្ននេះនៅក្នុងខេត្តព្រះសីហនុមានមណ្ឌលលក់ទំនិញបែបទំនើបមានចំនួនតិចនៅឡើយខណៈដែលតម្រូវការរបស់អតិថិជនដែលមានជីវភាពកម្រិតមធ្យមមានចំនួនច្រើន”។
ដោយសារតែមើលឃើញសក្ដានុពលលើការផ្គត់ផ្គង់ខាងលើនេះមានក្រុមហ៊ុនធំៗជាច្រើនដែលសុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់អន្តរជាតិបានបង្ហាញខ្លួនព្រោងព្រាតជាមួយនឹងក្ដីរំពឹងថាអាចទទួលបានចំណែកទីផ្សារប្រកបដោយភាពជោគជ័យ។

លោកកង ដាវីត បានបន្តទៀតថា “តាមរយៈផ្សារទំនើបដ៏ធំដែលទើបតែមានលើកដំបូងគេបង្អស់នៅក្នុងខេត្តព្រះសីហនុ FURI Times Square មានក្រុមហ៊ុនលំដាប់អន្តរជាតិស្ទើរគ្រប់វិស័យបានបង្ហាញវត្តមាននៅក្នុងខេត្តមួយនេះរួមមានដូចជាក្រុមហ៊ុន Starbucks ក្រុមហ៊ុន Amazone Café ក្រុមហ៊ុន KOI ក្រុមហ៊ុន Dakasi Teaក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត”។
ក្រៅពីនោះក៏មានផ្សារទំនើបមួយចំនួនទៀតបាននឹងកំពុងរៀបចំតុបតែងនិងកែលម្អដែលគ្រោងនឹងដាក់ឱ្យដំណើរការឆាប់ៗនាពេលខាងមុខនេះ និងមួយចំនួនទៀតបាននឹងកំពុងបុកគ្រឹះសាងសង់។សម្រាប់ទីផ្សារនៅក្នុងក្រុងព្រះសីហនុដែលមានផ្សារទំនើបច្រើនបែបនេះដែលមានចំនួន៥ទៅ៦កន្លែងបែបនេះគឺមានទំហំធំ។
លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងថាទាំងប្រជាពលរដ្ឋនៅក្នុងក្រុងនិងចំណាកស្រុកបាននឹងកំពុងមានជីវភាពធូធាឆ្ងាយបើធៀបទៅនឹងបណ្តាឆ្នាំមុនៗដែលអាចឆ្លើបតនិងអាចទទួលយកបាននូវការរីកចំរើនលើវិស័យផ្សារទំនើបនៅក្នុងក្រុងទាំងមូល។ លោកបន្តថាផ្អែកទៅលើកត្តារីកចំរើនទាំងនេះបានធ្វើឱ្យលំហូចូលប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗមកធ្វើការងារនិងប្រកបមុខរបរផ្សេងៗទៅតាមជំនាញរបស់ខ្លួន។

សម្រាប់វិស័យសំណង់នៅក្នុងខេត្តព្រះសីហនុមានសន្ទុះរីកចម្រើនយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដោយគិតចាប់ពីឆ្នាំ២០០៧រហូតដល់ខែកក្កដាឆ្នាំ២០១៩មានសំណង់ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ចំនួន៨១៩គម្រោងក្នុងនោះអគាររាប់ពីកំពស់៥ជាន់ឡើងដល់៤០ជាន់មាន២១៨គម្រោង៕