ដោយ វុត្ថា
ភ្នំពេញៈ CEO Master Club បានដឹកនាំសមាជិករបស់ខ្លួន ដែលជាម្ចាស់អាជីវកម្មសរុប១៨រូប ទៅរៀនសូត្រពីរដ្ឋធំៗចំនួន៤របស់សហរដ្ឋអាមេរិក ដែលនេះជាលើកទី២ក្នុងឆ្នាំ២០១៩។

ដោយ វុត្ថា
ភ្នំពេញៈ CEO Master Club បានដឹកនាំសមាជិករបស់ខ្លួន ដែលជាម្ចាស់អាជីវកម្មសរុប១៨រូប ទៅរៀនសូត្រពីរដ្ឋធំៗចំនួន៤របស់សហរដ្ឋអាមេរិក ដែលនេះជាលើកទី២ក្នុងឆ្នាំ២០១៩។

កម្មវិធីទស្សនកិច្ចសិក្សានេះ បានផ្តើមពីថ្ងៃទី១៧-២៦កញ្ញាកន្លងមកនេះ ក្នុងន័យឱ្យម្ចាស់អាជីវកម្មកម្ពុជា ចាប់អារម្មណ៍ទីផ្សារពិភពលោក និងចង់ឃើញប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CEO Master Club ដែលគេហទំព័រ propertyarea.asia នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៩ នេះថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាការទៅសិក្សារៀនសូត្រពីស្ថាប័នធំៗ និងលំដាប់ពិភពលោកក្នុងរដ្ឋធំៗចំនួន៤ រួមមាន Texas, Tennessee, Oregon, Washington States ក្នុងទឹកដីប្រទេសមហាអំណាចសេដ្ឋកិច្ចទី១របស់ពិភពលោក ដែលជាប្រភពចំណេះដឹងថ្មីៗ និងជឿនលឿន ក្នុងការយល់ដឹងបន្ថែមសម្រាប់សមាជិក CEO Master Club នោះទេ ប៉ុន្តែក៏បានផ្សាភ្ជាប់នឹងការកំសាន្ត ដែលធ្វើសមាជិកទាំងអស់រីករាយ និងរំភើបខ្លាំងផងលើសពីការរំពឹងទុកផងដែរ។
នាអំឡុងពេលបំពេញទស្សនកិច្ចលើទឹកដីអាមេរិកនេះ ក្រុមគ្រួសារសមាជិក CEO Master Club ដែលដឹកនាំផ្ទាល់ដោយលោក អោម សេងបូរ៉ា បានទទួលការចែករំលែកចំណេះដឹង បទពិសោធន៍ និងរៀនសូត្រពីស្ថាប័នលំដាប់ពិភពលោកជាច្រើនកន្លែង ដែលរួមមាន សកម្មភាពទី១ក្នុងរដ្ឋ Texas គឺបានរៀនសូត្រអំពីតុល្យភាពរវាងគ្រួសារ និងអាជីវកម្ម (Family and Business Balancing) ថាតើធ្វើយ៉ាងណា ដើម្បីជោគជ័យទាំងគ្រួសារ និងអាជីវកម្ម ព្រោះវាជាអ្វីដែលផ្តោតទៅលើ សុភមង្គលគ្រួសារស្របពេលប្រកបអាជីវកម្ម។
បានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ Rice University បានទៅសិក្សាអំពីអចលនទ្រព្យ ក៏ដូចជាតំលៃដីធ្លីនៅក្នុងទីក្រុង Houston និងបន្ទាប់មកទៀតក៏បន្តទៅសិក្សាអំពីបៀបនាំចេញ-ចូលផលិតផល និងរបៀបសុំសិទ្ធិរស់នៅសហរដ្ឋអាមេរិក ដែលចែករំលែកដោយមេធាវីរបស់ការិយាល័យ Lodestone Advisory ក្រុង Nashville។
ចំណែកសកម្មភាពទី២ គឺទៅរដ្ឋ Oregon ដើម្បីទស្សនាកម្សាន្តភាពស្រស់ស្រាយអមដោយការបន្តសិក្សា តាមរយៈការទស្សនាដងស្ទឹងកូឡំប៊ីរីវ័រ (Colombia River) ដែលជាទន្លេងវែងហូតកាន់រដ្ឋជាច្រើនរបស់អាម៉េរិក និង Japanese Garden ដែលរមណីយដ្ឋានដ៏ស្រស់ស្អាត ជាពិសេសមានការរៀបចំរចនាសម្ព័ន្ធយ៉ាងល្អប្រសើរ។ ក្រៅពីទីតាំងពីរខាងលើ សមាជិកទាំងអស់ក៏បានទៅទស្សនៈកិច្ច MountHood ដែលជាតំបន់ពោរពេញទៅដៅទេសភាពដ៏ស្រស់ស្អាតលាយ ជាមួយការចុះអ័ព្ទនិងធ្លាក់ព្រិលផងដែរ។
រីឯសកម្មភាពទី៣ គឺជាទៅបំពេញទស្សនកិច្ចសិក្សា នៅក្នុងក្រុមហ៊ុនយក្ស Nike ដែលមានយីហោដ៏ល្បី ដើម្បីឈ្វេងយល់អំពីសង្វាក់ផលិតកម្ម ការធ្វើទីផ្សារនិងការក្តោបក្តាប់ទីផ្សារ និងរបៀបធ្វើឱ្យអាជីវកម្មរីកចម្រើនខ្លាំងរហូតអាចឈរលំដាប់ពិភពលោក។
សកម្មភាពទី៤ ជាទស្សនកិច្ចចុងក្រោយនេះ ដែលបានធ្វើដំណើរកំសាន្តតាមរថភ្លើងទៅទីក្រុង Seattle រដ្ឋធានី Washington ដើម្បីទៅទស្សនាអំពីអាជីវកម្មរបស់បងប្អូនជនជាតិខ្មែរនៅទីនោះ ដែលមានដូចជា ហាងលក់ឥវ៉ាន់ និងភោជនីយដ្ឋាន ផ្សារទំនើបជាដើម ហើយអ្វីដែលពិសេសនោះ គឺទទួលទានអាហារសាមគ្គីដោយសេចក្តីស្រឡាញ់ ជាមួយម្ចាស់អាជីវកម្ម ដែលជាជនជាតិខ្មែរទាំងនោះតែម្តង ក្នុងការជជែកសំណេះសំណាល ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។

CEO Master Club គឺជាស្ថាប័នប្រមូលផ្ដុំ និងបង្វឹកម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ឱ្យក្លាយទៅជាអគ្គនាយកដែលមានលក្ខណៈអាជីព និងមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងស្ថាប័ន អាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ ពង្រីកបណ្តាញការលក់កាន់តែទូលាយ លើកកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្លួនបានកាន់តែខ្លាំង ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក ឱ្យមានភាពរឹងមាំ។

គិតត្រឹមដើមខែតុលា ឆ្នាំ២០១៩ នេះ CEO Master Club កើនសមាជិកសរុបចំនួន ១០៤០នាក់ ដែលកំពុងបើកដំណើរការអាជីវកម្មជាង១០០០ក្រុមហ៊ុន៕