ដោយៈ រ៉ាណេត
ភ្នំពេញៈ ចាប់តាំងពីដើមឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ន វិស័យសណ្ឋាគារដែលស្ថិតនៅតំបន់ទេសចរណ៍សំខាន់ៗមួយចំនួននៅកម្ពុជា ដូចជា នៅខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម ដែលបានិងកំពុងតែប្រឈមនឹងហានិភ័យបាត់បង់ទីផ្សារ ខណៈដែលកំណើននៃចំនួនភ្ញៀវទេសចរមានការថយចុះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសន៍ប្រាប់កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះថា បច្ចុប្បន្ននេះវិស័យសណ្ឋាគារ ដែលកំពុងតែប្រតិបត្តិការអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួនតូច ដែលមានសកម្មភាពពាណិជ្ជកម្មហាក់មិនមានភាពប៉ះពាល់នោះទេ ប៉ុន្តែសម្រាប់សណ្ឋាគារដែលស្ថិតនៅក្នុងតំខេត្តទេសចរណ៍ ដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាប កំពុងតែជួបបញ្ហាប្រឈម ដែលទាមទារឱ្យមានដំណោះស្រាយ។
-->
លោកស្រីបានបញ្ជា់ថា “និយាយតែនៅក្នុងខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍យ៉ាងសំខាន់ប្រចាំប្រទេសកម្ពុជា មានសណ្ឋាគារប្រមាណ៦០០ទីតាំង ស្មើនឹងជាង២០,០០០ម៉ឺនបន្ទប់ ខណៈដែលតម្រូវការជួលស្នាក់ នៅបានធ្លាក់មកត្រឹមប្រមាណ៤០០០បន្ទប់តែប៉ុណ្ណោះ”។ លោកស្រីបន្តទៀតថា “ទិន្នន័យនៃចំនួនសណ្ឋាគារ និងបន្ទប់សម្រាប់ផ្គត់ផ្គង់នេះ ជាចំនួនមួយលើសតម្រូវការជាក់ស្ដែង ហើយវាក៏ជាក្ដីបារម្ភមួយដែលត្រូវតែមានដំណោះស្រាយ ក្រោមការចូលរួមពីសំណាក់រដ្ឋាភិបាលជាចាំបាច់ ដើម្បីស្ដារ និងកែប្រែស្ថានការណ៍ឱ្យមានភាពល្អប្រសើរឡើងវិញ”។
លោកស្រីឆាយ ស៊ីវលីនបានបញ្ជាក់ទៀតថា ការធ្លាក់ចុះនៃតម្រូវការស្នាក់នៅទាំងអស់ខាងលើនេះ គឺបណ្តាលមួយភាគធំមកពីការធ្លាក់ នៃចំនួនកំណើនភ្ញៀវទេសចរនៅត្រឹមមួយរយៈពេលចុងក្រោយនេះ ដូច្នេះការជំរុញ និងការបង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍គឺត្រូវតែមាន។ បន្ថែមពីនេះ លោកស្រីក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលក៏គួរតែមានការកំណត់ពីចំនួន នៃការវិនិយោគផ្នែកអាជីវកម្មសណ្ឋាគារ នៅក្នុងតំបន់ទេសចរណ៍ផងដែរ ដោយមិនគួរអនុញ្ញាតឱ្យមានការវិនិយោគរហូតដល់ លើសពីតម្រូវការ ដែលជាការប្រឈមខាតបង់របស់អ្នកវិនិយោគ នឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានមានប្រសាសន៍ថា ការវិនិយោគ គឺជាការចូលរួមចំណែកមួយ នៅក្នុងការជំរុញសេដ្ឋកិច្ចជាតិ ប៉ុន្តែបើការវិនិយោគខុសគោលដៅ ក៏អាចជះឥទ្ធិពលមិនល្អត្រឡប់មកវិញផងដែរ។ លោកបានបន្តទៀតថា ភាគច្រើនពាណិជ្ជករមួយចំនួន ហាក់មិនបានធ្វើការសិក្សាពីឱកាសទទួលបានផលប្រយោជន៍ និងភាពប៉ះពាល់ក្រោយការវិនិយោគនោះទេ។
លោកបានបន្តទៀតថា “តាមខ្ញុំមើលឃើញ ពួកគាត់មួយចំនួនច្រើនតែធ្វើឡើងតាមគ្នា បើឃើញគេរកស៊ីអីបានចំណេញ ក៏ចេញរកស៊ីដូចគេ និងនៅក្បែរៗគេទៀត”។លោកបន្ថែមថា “ជាក់ស្ដែងដូចជាការបើកសណ្ឋាគារ នៅក្នុងខេត្តសៀមរាបជាដើម ការផ្គត់ផ្គង់មានរហូតដល់ទៅជាង២ម៉ឺនបន្ទប់ ខណៈដែលបច្ចុប្បន្ននេះតម្រូវការស្នាក់នៅមានត្រឹមតែប្រមាណ ៤ពាន់បន្ទប់តែប៉ុណ្ណោះ”។
រូបតំណាង
លោកបានមានប្រសាសន៍បន្តទៀតថា “ការវិនិយោគ វាគឺជារឿងមួយ ប៉ុន្តែការចូលរួមជំរុញធ្វើឱ្យមានភាពទាក់ទាញដែលស្ថិតនៅក្នុងផ្នែកមួយនៃវិស័យទេសចរណ៍ ម្ចាស់សណ្ឋាគារនីមួយៗក៏គួរតែមានការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអជ្ញាធរក្នុងតំបន់ ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញភ្ញៀវបន្ថែមទៀត”។
លោកធួន ស៊ីណានបានបន្តទៀតថា បន្ថែមពីនេះ សណ្ឋាគារនីមួយៗក៏គួរតែមានវិធីសាស្ត្រខ្លួនឯងក្នុងការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ខ្លួនទៅកាន់ទីផ្សារឱ្យបានទូលំទូលាយ តាមរយៈបច្ចេកវិទ្យាថ្មីៗ និងបញ្ចប់ការផ្សព្វផ្សាយតាមវិធីសាស្ត្របែបបុរាណនោះទៀតទេ៕