ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យក្រុមហ៊ុនចិនដែលកំពុងដាក់ទុននៅកម្ពុជាបន្តវិនិយោគនៅកម្ពុជា ទោះបីជាមានការបញ្ហាអ្វីក៏ដោយ ជាពិសេសការដក EBA ពីកម្ពុជា គឺសម្ដេចស្នើសុំឲ្យចិននៅតែបន្តធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តទៀត។

-->
សម្តេចតេជោ ហ៊ុន សែន មានប្រសាសាន៍បែបនេះនៅក្នុងជំនួបពិភាក្សាគណៈប្រតិភូសមាគមត្រកូលហ៊ុន ; និងសហគ្រិនដែលមកពីបណ្ដាខេត្តផ្សេងៗ នៃប្រទេសចិនសុទ្ធតែអ្នកវិនិយោគសំខាន់ៗ ដែលមកសិក្សាអំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩ នេះ។
សម្ដេចបានមានប្រសាសន៍ពាក់ព័ន្ធ នឹងការធ្វើយ៉ាងណាឲ្យពាណិជ្ជករ អ្នកវិនិយោគចិនថ្មីឲ្យមកបណ្ដាក់ទុននៅប្រទេសកម្ពុជាបន្ថែម ដើម្បីធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា គឺមានន័យថាថែរក្សាចាស់និងបង្កើនការវិនិយោគថ្មី។ ; សម្ដេចតេជោបានស្នើទៅថ្នាក់ដឹកនាំចិន ត្រូវធ្វើយ៉ាងណាបន្តបើកទីផ្សារចិនឲ្យកាន់តែធំជាងមុន សម្រាប់ការនាំចូលផលិតផលកសិផលរបស់ប្រទេសកម្ពុជា ទៅទីផ្សាររបស់ប្រទេសចិន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ប្រាប់ពីមូលហេតុ ដែលរាជរដ្ឋាភិបាលបានលុបចោលនូវonline casino នៅប្រទេសកម្ពុជា គឺសម្តេចបានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយ ដែលប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ក៏ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ ប៉ុន្តែពឹងផ្អែកទៅលើកត្តាជាច្រើន នៅក្នុងមូលដ្ឋានសេដ្ឋកិច្ច ដូច្នេះគឺយើងធ្វើយ៉ាងណា ត្រូវតែពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា និងធ្វើយ៉ាងម៉េច ដើម្បីទាក់ទាញការវិនិយោគច្បាស់លាស់ តែមកវិនិយោគទៅលើវិស័យផ្សេងៗទៀត មិនមែនតែពឹងផ្អែកទៅលើកាស៊ីណូអនឡាញនោះទេ។
សម្តេចបន្តថា “កម្ពុជាបានពន្ធតិចតួចណាស់ តាមរយៈកាស៊ីណូអនឡាញនេះហើយកាស៊ីណូអនឡាញនេះ ក៏នាំមកនូវការប្រឈមដូចជាឧក្រិដ្ឋកម្ម កាលាងលុយកខ្វក់ជាដើម ដែលអាចធ្វើប៉ះពាល់ដល់សង្គម”។
សម្ដេចតេជោបានបញ្ជាក់ថា បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានលក្ខណៈកើនឡើងជាបន្តបន្ទាប់ ដែលចំនួននេះគោលដៅនៅក្នុងការធ្វើពាណិជ្ជកម្មដល់ឆ្នាំ២០២២ អាចកើនឡើងរហូតដល់ទៅ១០ពាន់លានដុល្លារ។ សម្ដេចតេជោក៏បានមានប្រសាសន៍ ទាក់ទងនឹងយន្តការដែលកម្ពុជា កំពុងតែសហការនឹងចិនទៅលើ ចំនុចសំខាន់ៗ ដូចជានៅក្នុងអនុតំបន់ គឺកិច្ចសហប្រតិបត្តិការលើមេគង្គឡានឆាង ក្នុងអនុតំបន់មេគង្គអាស៊ានចិន និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។
បច្ចុប្បន្ននេះ យើងនៅមានសក្តានុពលជាច្រើន ក្នុងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារកន្លងមកនេះ យើងមានរួចទៅហើយនៅតំបន់សេដ្ឋកិច្ចសេរី រវាងអាស៊ាន និងចិនអាស៊ាន តំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន ចិន ដែលយើងគួរតែមើលនៅសក្តានុពលដែលអាចនាំចេញផលិតផលកម្ពុជា នាំចេញទៅកាន់ទីផ្សារចិន។

ក្នុងកិច្ចពិភាក្សានេះ សម្តេចតេជោបានជំរុញឲ្យសហគ្រិនចិន មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយកុំមានការភ័យព្រួយ ចំពោះចំណុចណានៅប្រទេសកម្ពុជាឲ្យសោះ ដោយសារតែចិន និងកម្ពុជាយើងមានទំនាក់ទំនងល្អ មានកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរួចទៅហើយ៕