ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសាធាណៈការ និងដឹកជញ្ជូន នឹងចាប់ផ្តើមអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិសំខាន់ៗចំនួន ២ ខ្សែក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារអាមេរិក នៅចុងឆ្នាំ ២០១៩នេះ ខណៈគម្រោងទាំងពីរត្រូវបានអនុម័ត។

-->
១) គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ២
គម្រោងផ្លូវជាតិលេខ២ និងលេខ២២ គ្រោងនឹងបើកការដ្ឋានធ្វើឡើងក្នុងអំឡុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ ដោយបានត្រៀមទឹកប្រាក់ចំនួនទឹកប្រាក់សរុប ៥៦លាន ១០ម៉ឺនដុល្លារ បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) បានចុះកិច្ចសន្យាជាមួយគ្នាកាលពីន្លងមកនេះ។
ការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២នេះ នឹងធ្វើឡើងក្នុងអំឡុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ ដោយបានត្រៀមទឹកប្រាក់ចំនួនទឹកប្រាក់សរុប ៥៦លាន ១០ម៉ឺនដុល្លារ។ក្នុងនោះថវិកាគ្រោងសម្រាប់ការសាងសង់ (Civil Works) មានចំនួន ៤៣លាន៦សែន១ពាន់ដុល្លារ និងថវិកាបម្រុង (Cortingencies) មានចំនួន ៨លាន ៩ម៉ឺន១ពាន់ដុល្លារ។
គម្រោងនេះ ឆ្លងកាត់រាជធានី-ខេត្តចំនួន៣រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ មានប្រវែងផ្លូវជាង ៧២គីឡូម៉ែត្រ «គម្រោងផ្លូវជាតិលេខ២ ចាប់ផ្តើមពីរង្វង់មូលតាខ្មៅ (ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល) ដល់រង្វង់មូលអូរចំបក់ (ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ) និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម»។
គម្រោងនេះ ត្រូវបានបែងចែកជា ៣កំណាត់ផ្លូវធំៗមានដូចជា កំណាត់ទី១ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ ដែលមានប្រវែង ៨,៧៤គីឡូម៉ែត្រ កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្ត្រីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែង ៥៣,៨១៩គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ និងកំណាត់ទី៣ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ២២) ដែលមានប្រវែង ៩,៦១១ គ.ម ស្ថិតក្នុងតំបន់ជនបទ។

២) គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ១០
ផ្លូវជាតិលេខ១០ប្រវែង ១៩៣គីឡូម៉ែត្រ នឹងត្រូវបើកការដ្ឋានសាងសង់ នៅចុងឆ្នាំនេះ។ ពិធីបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ១០នេះ នឹងត្រូវធ្វើឡើងរួមគ្នានឹងពិធីសម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ក្រោមអធិបតីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ផ្លូវជាតិលេខ១០ មានប្រវែង១៩៣ គីឡូម៉ែត្រ ដែលតភ្ជាប់ចេញពីស្រុកសំឡូតនៃខេត្តបាត់ដំបង ទៅខេត្តកោះកុង ដោយឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ បើតាមលោក ស៊ុន ចាន់ថុល គម្រោងផ្លូវមួយខ្សែនេះ នេះ មានសក្ដានុពលសម្រាប់ការដឹកជញ្ជូន ហើយទទួលបានប្រាក់កម្ចីពីរដ្ឋាភិបាលចិនប្រមាណ ១៨៣ លានដុល្លារអាមេរិកសម្រាប់ការសាងសង់៕