សម្តេច​តេជោ​៖ ប្រជាពលរដ្ឋ​កម្ពុជា​មានលទ្ធភាព​កាន់តែ​ច្រើន​ខ្ចី​លុយ​ពី​ធនាគារ​ដើម្បី​ទិញ​លំនៅឋាន​ និង​ពង្រីក​អា​ជី​កម្ម​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អះអាង​ថា​ ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​នឹង​កំពុង​មានលទ្ធភាព​ក្នុង​ការខ្ចី​លុយ​ពី​ធនាគារ​ ដើម្បី​ទិញ​លំនៅឋាន​ សម្រាប់​រស់នៅ​ ​និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ដោយសារ​គោល​នាយ​បាយ​របស់​ធនាគារ​ផ្តល់​ជូន​នៅ​ទូទាំង​ប្រទេស​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៤០​ នៃ​ការបង្កើត​ធនាគារជាតិនៃកម្ពុជា​ឡើងវិញ​ (១០​ តុលា​ ១៩៧៩​ – ១០​ តុលា​ ២០១៩​) ​នៅ​ថ្ងៃទី​ ១០​ ខែតុលា​ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុង​រយៈ​ពេល​ស ៤០​ ឆ្នាំ​ចុងក្រោយ​នេះ​ វិស័យ​ធនាគារ​នៅ​កម្ពុជា​មានការ​រីក​ចំរើន​គួរ​ជា​ទី​មោទ​នៈ​។

កម្ពុជា​មាន​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ និង​បរិ​យា​បន្ន​ និង​សមាហរណកម្ម​ខ្ពស់ទៅ​ក្នុង​តំបន់​ និង​អន្តរជាតិ​ ព្រម​ទាំង​បំពេញ​បាន​នូវ​សេចក្តី​ត្រូវការ​ផ្នែក​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​។ សម្តេច​បន្ថែម​ថា​ វិស័យ​ធនាគារ​បាន​ក្លាយជា​សសរ​ស្តម្ភ​មួយ​ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ។

ជាមួយគ្នា​នេះ​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ បាន​ទទួលស្គាល់​តួនាទី​របស់​វិស័យ​ធនាគារ​ក្នុង​ការ​រួមចំណែក​រក្សា​បាន​នូវ​
មា​ក្រូសេ​ដ្ឋ​កិច្ច​ ស្ថេរ​ភាព​ហិរញ្ញវត្ថុ​ ការ​លើកស្ទួយ​ជីវភាពរស់នៅ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ជាពិសេស​តាមរយៈ​មីក្រូហិរញ្ញវត្ថុ​។

សម្តេច​បន្ថែម​ទៀត​ថា ​ទន្ទឹមគ្នា​នេះ​ដែរ​ ធនាគារជាតិនៃកម្ពុជា​ បាន​រក្សា​ស្ថេរ​ភាព​តម្លៃ​ប្រាក់​រៀល​ ដែល​ប្រែប្រួល​ក្នុងរង្វង់​តែ​ ១ភាគរយ​ប៉ុណ្ណោះ​ ជាមួយនឹង​ការ​បង្កើន​ទុ​នបំ​រ៉ុង​អន្តរជាតិ​ ឱ្យ​ស្ថិត​ក្នុង​កម្រិតខ្ពស់​ ដែល​លទ្ធផល​ទាំងនេះ​ បាន​បង្ហាញ​ពី​ប្រសិទ្ធិ​ភាព​ នៃ​ការគ្រប់គ្រង​បរិមាណ​ផ្គត់ផ្គង់​ប្រាក់​រៀល​ និង​គរ​ពូន​ទ្រព្យសម្បត្តិ​ជាតិ​ ឱ្យ​ល្អ​ប្រសើរ​ដើម្បី​រក្សា​ស្ថេរ​ភាព​ថ្លៃ​ ដោយ​អត្រា​អតិផរណា​មានកម្រិត​ទាប​ ប្រមាណ៣​ ភាគរយ​។

សម្តេច​បន្ថែម​ថា​ ម្យ៉ាងទៀត​ វិស័យ​ធនាគារ​បាន​ពង្រីក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ ទៅដល់​ប្រជាជន​ទូទាំង​ប្រទេស​ ជាពិសេស​ប្រជាជន​ក្រីក្រ​សម្រាប់​លើកស្ទួយ​ជីវភាពរស់នៅ​អោយ​កាន់តែ​ប្រសើរ​ឡើង​ដែល​ក្នុង​នោះ​ប្រជាជន​ពេញវ័យ​ ប្រមាណ​ ៧១​ ភាគរយ​ កំពុង​ទទួល​បាន​នូវ​សេវា​ហិរញ្ញវត្ថុ​ ​ហើយ​ការ​ផ្តល់​ហិរញ្ញប្បទាន​តាមរយៈ​វិស័យ​ធន​គារ​ បាន​កើនឡើង​ដល់​ ១១៥​ ភាគរយ​ នៃ​ផសស​ សម្រាប់​បំពេញ​សេ​ក្តី​ត្រូវការ​ក្នុង​ការពង្រីក​អាជីវកម្ម​ លើ​គ្រប់​វិស័យ​។

សម្តេច​បញ្ជាក់​ទៀ​ថា​ តាមរយៈ​វិស័យ​ឥណ​ទា​ណវិស័យ​ធនាគារ​ ប្រជាជន​កម្ពុជា​មាន​ឱកាស​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ មាន​ជីវភាពរស់នៅ​ល្អ​ប្រសើរ​ អាច​ទិញ​លំនៅឋាន​បាន​សមរម្យ​ ដែល​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​កា​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ និង​ភាព​សុខដុមរមនា​នៅក្នុង​សង្គមជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here