ដោយ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងសន្ទុះនៃកំណើនវិនិយោគជាតិ និងអន្តរជាតិនៅកម្ពុជា បានធ្វើឲ្យតំបន់សេដ្ឋកិច្ចទូទាំងប្រទេស ទាក់ទាញទុនវិនិយោគរហូតដល់៣៦០០លានដុល្លារសហរដ្ឋអាមេរិក លើគំរោងវិនិយោគចំនួន៤៨២។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញកាលពីថ្ងៃម្សិលម៉ិញបានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ទំហំវិនិយោគនៅសរុបនៅទូទាំងប្រទេសកម្ពុជា មានការកើនឡើងរហូតដល់ជា៦ពាន់លានដុល្លារ ស្មើនឹងចំនួន២២២គម្រោង កើនឡើង៨១គម្រោង ធៀបទៅនឹងឆ្នាំ ២០១៨ ។
-->
អគ្គលេខាធិការងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី សក្ដានុពលនៃការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩កន្លងមកថា “ទំហំវិនិយោគសរុបរបស់កម្ពុជា គិតត្រឹមខែសីហា មានចំនួនរហូតដល់ជាង៦ ០០០ លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងប្រមាណ១៨៨០ លានដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ ។
នៅកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងតែមានសកម្មភាពចំនួន២៣កន្លែង ហើយទំហំនៃការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស មានចំនួនប្រមាណ១៥ភាគរយ នៃទំហំនាំចេញសរុបរបស់កម្ពុជា។ ;
ជាមួយនឹងសញ្ញាវិជ្ជមាននេះ លោក ជា វុទ្ធី បានបង្ហាញពីការជឿជាក់យ៉ាងមុតមាំថា នៅឆ្នាំបន្ទាប់កំណើនសេដ្ឋកិច្ចកម្ពុជា នឹងនៅតែរក្សាបាននូវភាពល្អប្រសើរ។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោកង៉ែត ជូបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នេះថា ផ្អែកតាមទិន្នន័យដូចបានបង្ហាញខាងលើនេះ វាគឺជាសុចនាករណ៍ដ៏ល្អមួយ ដែលបង្ហាញពីភាពល្អប្រសើររបស់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។
លោកបានបន្តទៀតថា “តំបន់សេដ្ឋកិច្ចពិសេសត្រូវតែរៀបចំយ៉ាងពិសេស ដើម្បីឱ្យមានភាពទាក់ទាញលើការវិនិយោគ ទាំងទីតាំង ភាពអនុគ្រោះពីរដ្ឋាភិបាលក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផងដែរ”។
លោកបានបន្តទៀតថា “បើទោះជាពេលនេះ កម្ពុជាទទួលបានលទ្ធផលល្អក្នុងការវិនិយោគ ប៉ុន្តែយើងចង់មានពិពិធកម្មប្រភពវិនិយោគ មកពីបណ្តាប្រទេសជាច្រើនទៀត ជាជាងពឹងតែប្រទេស១ ឬ២ ដែលអាចជាហានិភ័យណាមួយកើតឡើង នៅពេលប្រទេសដែលជាប្រភពវិនិយោគជួបវិបត្តិ ដូចជាប្រទេសចិនជាដើម”៕