ដោយ វុត្ថា
ភ្នំពេញៈ កម្ពុជានិងម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់ ជាមួយធនាគារមេយប៊ែង ដើម្បីជំរុញការទូទាត់និងការផ្ទេរប្រាក់ឆ្លងដែនកាន់តែងាយស្រួល និងរហ័សទាន់ចិត្ត។
យោងតាមសេចក្តីជូនណឹងរបស់ធនគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាស្របពេលនឹងការរៀបចំពិធីខួប៤០ឆ្នាំ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ។
-->
តាមរយៈអនុស្សរណៈនេះ ធនាគារជាតិនៃកម្ពុជា និងធនាគារមេយប៊ែងម៉ាឡេស៊ី នឹងសហការគ្នា ដើម្បីពិនិត្យលទ្ធភាពឱ្យប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ភ្លាមៗអាចធ្វើបានរវាងប្រទេសកម្ពុជានិងម៉ាឡេស៊ី តាមរយៈប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជានិងផ្លែតហ្វមឌីជីថលមេយប៊ែងធូយូ របស់ធនាគារមេយប៊ែង។
តាមរយៈសេចក្តីជូនដំណឹងដដែលបន្ថែមថា បន្ទាប់ពីដាក់ឱ្យដំណើរការ សេវានេះនឹងរំពឹងថាផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រទេសម៉ាឡេស៊ី និងប្រជាជនម៉ាឡេស៊ី ដែលកំពុងរស់នៅប្រទេសកម្ពុជា ក៏ដូចជាធុរកិច្ចក្នុងប្រទេសទាំងពីរ ដោយប្រើប្រាស់អ៊ីវ៉ាឡេតរបស់ប្រព័ន្ធបាគង និងផ្លែតហ្វមឌីជីថលមេយប៊ែងធូយូ ដើម្បីផ្ទេរមូលនិធិឆ្លងប្រទេស សម្រាប់ការទូទាត់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកិច្ចគាំទ្រចំពោះការវិវឌ្ឍន៍ទៅរកសង្គមឌីជីថលក្នុងប្រទេសកម្ពុជា។
លោកស្រីជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងនៅ ក្នុងពិធីចុះអនុស្សារណៈយោគយល់ គ្នាកាលពីទី១០ ខែតុលាម្សិលមិញ នេះបានឱ្យដឹងថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ប្រព័ន្ធបាគង បានផ្តល់លទ្ធភាពជាច្រើន ក្នុងការលើកកម្ពស់ប្រព័ន្ធទូទាត់កាន់តែប្រសើរ ទាំងក្នុងប្រទេសកម្ពុជានិងកម្រិតតំបន់ ជាក់ស្តែងការចុះអនុស្សារណៈនេះ នឹងនាំឲ្យស្ថាប័នទាំងពីរ ឈានដល់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុមួយកម្រិតទៀត ក្នុងការទាញយកផលប្រយោជន៍ ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើឲ្យប្រជាជននៅកម្ពុជា និងម៉ាឡេស៊ី។

លោកស្រីបន្តថា ក្រៅពីការផ្តល់អត្ថប្រយោជន៍ខាងលើ ការចុះអនុស្សាណៈនេះគឺជាផ្នែកមួយយ៉ាងសំខាន់ផងដែរ សម្រាប់ការផ្ទេរប្រាក់ចុះឡើងរបស់ប្រទេសទាំងពីរ ជាពិសេសការផ្តល់លទ្ធភាពដល់កម្មករកម្ពុជា ដែលកំពុងធ្វើការនៅ ប្រទេសម៉ាឡេស៊ីអាចទូទាត់ប្រាក់បានកាន់តែលឿន និងរហ័សជាងមុន ព្រមទាំងបានកាត់បន្ថយនូវពេលវេលា និងការ ចំណាយថ្លៃសេវាខ្ពស់ជាដើម៕