ប្រធាន​ CREA ៖ ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាមិនមានសញ្ញាអាក្រក់ដូចឆ្នាំ២០០៨នោះទេ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ ស្រដៀងគ្នាទៅនឹងការសិក្សា និងរបាយការណ៍របស់ធនាគារពិភពលោកដែលបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ -២០២០ នៅតែបន្តមានកំណើននោះ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានបញ្ជាក់ថា ទីផ្សារអចលនទ្រព្យកម្ពុជា នៅមិនទាន់សញ្ញាណាមួយដែលបង្ហាញពីស្ថានការណ៍អាក្រក់ដូចកាលពីឆ្នាំ២០០៨នោះទេ។

ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចចិន និងសហរដ្ឋអាមេរិក នៅមិនទាន់បានបញ្ចប់នៅឡើយនោះ មានមនុស្សជាច្រើន ជាពិសេសអ្នកជំនួញក្នុងស្រុកបានបង្ហាញពីការព្រួយបារម្ភពីឱនភាពសេដ្ឋកិច្ចពិភពលោកដែលអាចជះឥទ្ធិពលអាក្រក់មកលើប្រទេសកម្ពុជារហូតសម្រេចចិត្តផ្អាកសកម្មភាពវិនិយោគ។

តាមរយៈការឆ្លើយឆ្លងតាមបណ្តាញទំនាក់ទំនង Telegram លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្តមានសញ្ញាវិជ្ជមាន និងល្អប្រសើរដដែលបើទោះជាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចចិន និងសហរដ្ឋអាមេរិកនៅមិនទាន់បានបញ្ចប់ក៏ដោយ។

លោកបានបញ្ជាក់ថា “មិនថាឆ្នាំ២០១៩ ឬឆ្នាំ២០២០នោះទេ សេដ្ឋកិច្ចកម្ពុជានៅតែបន្តមានកំណើនដដែល ដោយសារតែកម្លាំងនៃការវិនិយោគជាតិ និងអន្តរជាតិជាច្រើននៅតែបន្តសកម្មភាព”។ លោកបានបន្តទៀតថា “បច្ចុប្បន្ននេះមានគម្រោងវិនិយោគជាច្រើនកំពុងតែបន្តសកម្មភាពយ៉ាងសកម្ម ដែលនៅក្នុងមានដូចជាគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម គម្រោងសំណងលំនៅដ្ឋាន រួមជាមួយនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលផងដែរ”។

លោក ឃាង ពុទ្ធី បានបន្តទៀតថា “ពាក់ព័ន្ធទៅនឹងសង្គ្រាមពាណិជ្ជកម្មចិនជាមួយអាមេរិច បើទោះបីប៉ះពាល់ ក៏ប៉ះពាល់បន្តិចបន្តួចតែប៉ុណ្ណោះ ដែលវាអាស្រ័យ លើឥរិយាបទរបស់អ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ក្នុងការៀបចំគម្រោងក្នុងការទិញ ឬលក់អចលនទ្រព្យឱ្យបានត្រឹមត្រូវ និងមានការប្រយ័ត្នប្រយ៉ែងខ្ពស់ មានតម្លាភាព និងប្រកបដោយជំនាញ ចំណេះដឹងរបស់ខ្លួន”។

លោកបន្តទៀតថា “បច្ចុប្បន្ន រដ្ឋាភិបាលក៏បានរៀបចំច្បាប់ផ្សេងៗ ដើម្បីការពារហានិភ័យណាមួយកើតឡើងទាំងអ្នកអភិឌ្ឍន៍ និងអតិថិជន ដែលកាន់តែបង្កើនទំនុកកាន់តែខ្ពស់”។ ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគលើវិស័យអចលនទ្រព្យទាំងអស់កុំឱ្យមានការព្រួយបារម្ភខ្លាំងពេកចំពោះបញ្ហានេះ ហើយបន្តអាជីកម្ម និងការវិនិយោគរបស់ខ្លួនដែលមានបច្ចុប្បន្នឆ្ពោះទៅរកឧត្តមភាពនៅថ្ងៃអនាគត។

លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងក្នុងសន្និសិទ្នសារព័ត៌មាននៅថ្ងៃទី១១ តុលា ឆ្នាំ២០១៩ ថា ការគំរាមកំហែងពីខាងក្រៅដូចជា ការដកប្រព័ន្ធអនុគ្រោះពន្ធពីអឺរ៉ុប វានៅតែមានឳកាស និងពេលវេលាក្នុងការចរចាក្នុងទទួលបានវាមកវិញ ហើយចំណែកសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនបានបង្កើតឳកាសជាច្រើនដល់កម្ពុជា។ លោកបញ្ជាក់ថា “ថ្មីៗនេះ យើងឃើញរោងចក្រផលិតកម្មចិនជាច្រើនកំពុងសម្លឹងរកកន្លែងវិនិយោគនៅទីនេះ ហើយទីតាំងវិនិយោគផ្សេងទៀត នៅតំបន់អាស៊ីអាគ្នេយ៍ដូចជាវៀតណាម ដោយតម្លៃកម្លាំងពលកម្មនៅទីនេះមានភាពសមរម្យ ខណៈកម្ពុជាក៏តម្លៃកម្លាំងពលកម្មសមរម្យដែរ ក្នុងការប្រកួតប្រជែងជាមួយវៀតណាម ដើម្បីទាញយកវិនិយោគក្រៅប្រទេស”។

លោកបានបន្តថា “កិច្ចការសំខាន់ដែលយើងត្រូវធ្វើដើម្បីទាក់ទាញវិនិយោគផ្សេងទៀត ក្រៅពីប្រទេសចិន គឺរៀបចំសមត្ថភាពបទបញ្ញត្តិរបស់កម្ពុជាឱ្យបានប្រសើរ ហើយធ្វើឱ្យកាន់តែប្រសើរឡើងនូវអ្វីដែលយើងមានក្នុងប្រទេស”។
យោងតាមរបាយការណ៍ថ្មី ដែលចេញផ្សាយដោយធនាគារពិភពលោក កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញនេះបានបង្ហាញថា វិស័យសំណង់នៅតែបន្តមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ ២០១៩ ដោយសារវិនិយោគិន បន្តបោះទុនវិនិយោគលើគម្រោងនានានៅទូទាំងប្រទេស។

វិនិយោគិនចិននៅតែបន្តនាំមុខគេ នៅក្នុងតារាងវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ចូលមកក្នុងប្រទសកម្ពុជាដែលស្មើនឹង៤០ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសសរុប។

របាយការណ៍ដដែលបានបង្ហាញបន្តថា ខណៈលទ្ធផលវិស័យអចលនទ្រព្យ បាននឹងកំពុងរីកចម្រើនខ្លាំង ការនាំចូលដែកថែបមកកាន់ប្រទេសកម្ពុជាបានកើនឡើង៦៣,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

របាយការណ៍ដដែលក៏បានបង្ហាញពីកំណើននៃការនាំចូលរថយន្ត និងផលិតផលប្រេងចូលមកក្នុងប្រទេសកម្ពុជា ដោយសារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានការរីកចំរើនយ៉ាងឆាប់រហ័ស។

របាយការណ៍បានលើកឡើងថា “ការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក បានជំរុញឱ្យមានកំណើននៃការនាំចូល ដោយក្នុងនោះការនាំចូលផលិតផលប្រេង និងយានយន្តបានកើនឡើង ៩១,០ ភាគរយ និង ១៨,៥ ភាគរយ”។

ក្នុងឆ្នាំ២០១៩នេះ ធនាគារពាណិជ្ជនៅកម្ពុជា ក៏ជួយជំរុញកំណើនឥណទានផងដែរ ដោយក្នុងនោះកំណើនឥណទានកើនជិត ៣០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here