ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមអ្នកជំនាញនិងអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានលើកឡើងថា កម្ពុជា គួរតែមានការធ្វើពិពិធកម្មប្រភពប្រទេសវិនិយោគ ដោយមិនត្រូវរំពឹងទៅលើតែប្រទេសណាមួយជាចម្បងនោះទេ។

ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមអ្នកជំនាញនិងអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានលើកឡើងថា កម្ពុជា គួរតែមានការធ្វើពិពិធកម្មប្រភពប្រទេសវិនិយោគ ដោយមិនត្រូវរំពឹងទៅលើតែប្រទេសណាមួយជាចម្បងនោះទេ។

យោងតាមរបាយការណ៍ ដែលបង្ហាញដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) កាលពីចុងសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ថា ក្នុងចំណោមប្រទេសជាច្រើនដែលកំពុងតែមានសកម្មភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា ប្រទេសចិនបានដើរតួយ៉ាងសំខាន់ និងឈរនៅលំដាប់ទី១ ដោយគ្រប់គ្រងលំហញូរវិនិយោគផ្ទាល់ពីបរទេស នៅកម្ពុជារហូតដល់ប្រមាណ ៣៥,៣១ភាគរយ នៃទំហំទុនវិនិយោគសរុប ខណៈដែលទំហំទុនវិនិយោគក្នុងស្រុករបស់កម្ពុជាមានប្រមាណ ៤៤,៧ភាគរយ។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោក ង៉ែត ជូ បានមានប្រសាសន៍កាលពីចុងសប្ដាហ៍កន្លងមកថា ការទទួលបានទុនវិនិយោគ ពីបណ្តាប្រទេសនានាលើគ្រប់វិស័យ សុទ្ធតែជាការរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងអស់។
លោកបានបន្តទៀតថា “យើងសាទរ ចំពោះគ្រប់វត្តមាននៃអ្នកវិនិយោគទាំងអស់ ហើយកម្ពុជា ក៏មិនមាននិន្នាការរើសអើងចំពោះប្រទេសណាមួយនោះទេ”។
ជាមួយនឹងទិន្នន័យ ដែលបង្ហាញពីទំហំទុនវិនិយោគនៅកម្ពុជា របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ខាងលើនេះលោក ង៉ែត ជូ បាន មានប្រសាសន៍បន្តទៀតថា “វាគឺជាសូចនាករដ៏ល្អមួយ ដែលបង្ហាញពីភាពល្អប្រសើរ សំរាប់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា”។ លោកបានបន្តទៀតថា “កម្ពុជាត្រូវតែរៀបចំឱ្យមានលក្ខណៈពិសេស និងងាយស្រួលដើម្បីឱ្យមានភាពទាក់ទាញលើការវិនិយោគ ទាំងទីតាំង ភាពអនុគ្រោះពីរដ្ឋាភិបាល ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផងដែរ”។
លោកបានបញ្ជាក់ថា បើទោះជាពេលនេះ កម្ពុជាទទួលបានលទ្ធផលល្អ ក្នុងការវិនិយោគ ប៉ុន្តែយើងចង់មានពិពិធកម្មប្រភពវិនិយោគ មកពីបណ្តាប្រទេសជាច្រើនទៀត ជាជាងមានតែប្រភពវិនិយោគធំត្រឹមតែ១ ឬ២ប្រទេស ដែលអាចជាហានិភ័យណាមួយកើតឡើង នៅពេលប្រទេសប្រភពវិនិយោគជួបវិបត្តិ ជាក់ស្ដែងដូចជាប្រទេសចិនជាដើម។
ស្រដៀងគ្នាទៅនឹងការលើកឡើងខាងលើនេះ លោកបណ្ឌិតហុង វណ្ណៈ អ្នកវិភាគ និងស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា ការទទួលបានទុនវិនិយោគ ពីបណ្តាប្រទេសអន្តរជាតិ ជារឿងដែលល្អ និងគាំទ្រ ប៉ុន្តែអ្វីដែលសំខាន់នោះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសមត្ថភាព ដើរតួនាទីជាអ្នកវិនិយោគក្នុងស្រុកខ្លួនឯង ដោយជំរុញ និងលើកម្ពស់ផ្នែក SME ដើម្បីបំពេញនូវតម្រូវការប្រើប្រាស់ក្នុស្រុក ជាជាងការទិញផលិតផលពីក្រៅស្រុក។
លោកបានបន្តទៀតថា “បច្ចុប្បន្ននេះរដ្ឋាភិបាល បានធ្វើកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុង ជាពិសេសផ្នែកច្បាប់វិនិយោគ ដើម្បីជួយសម្រួលការពាណិជ្ជករក្នុង និងក្រៅស្រុក ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ”។ លោកបន្តថា ការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ច គឺជាចំណុចសំខាន់ ហើយព្យាយាមបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយអន្តរជាតិ ដែលមានទីផ្សារធំទូលាយ សម្រាប់ធ្វើការនាំចេញផលិតផលរបស់កម្ពុជា ដែលពិសេស កសិផលដែលជាផលិតផលសំខាន់របស់កម្ពុជា”។

បណ្តាប្រទេសដែលកំពុង តែមានភាពសកម្មក្នុងការវិនិយោគនៅកម្ពុជា រួមមានដូចជា ប្រទេសចិនប្រមាណ ៣៥,៣១ភាគរយ ជប៉ុន៧,៨៧ ភាគរយ វៀតណាម ២,៩៩ភាគរយ សិង្ហបុរី១,៨៥ ភាគរយ កូរ៉េ១,៧៩ ភាគរយ ម៉ាឡេស៊ី ១,៤៨ ភាគរយ ថៃ១,៣៦ភាគរយ និងបណ្តាប្រទេសដទៃទៀតសរុបប្រមាណ២,៦៤ភាគរយ៕