ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅចូលរួមសម្ពោធរោងចក្រផលិតស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង តម្លៃជាង២០០លានដុល្លារ ស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ខាងមុខឆាប់ៗនេះ។

លោក ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៩ បានចុះពិនិត្យ ទីតាំងប្រារព្ធពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការ នូវរោងចក្រផលិតស៊ីម៉ង់ត៍ថៃប៊ុនរ៉ុងនេះ ដើម្បីរៀបចំពិធីការ និងសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ សម្រាប់ទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
-->
នាយឧត្តមឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានចុះពិនិត្យទីតាំងប្រារព្ធពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង បានបញ្ជាក់ថា ពិធីនេះនឹងត្រៀមទទួលភ្ញៀវកិត្តិយសជាតិអន្តរជាតិ និងប្រជាពលរដ្ឋ ដើម្បីចូលរួមទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែនមានចំនួនប្រមាណ៨៥០០នាក់ផងដែរ។
រោងចក្រស៊ីម៉ងតិ៍ ថៃ ប៊ុន រ៉ុង ជាសហគ្រាសផលិតស៊ីម៉ងតិ៍ទ្រង់ទ្រាយធំ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចឧស្សាហកម្ម ថៃ ប៊ុន រ៉ុង ចំងាយ២០គីឡូម៉ែត្រពីខេត្តកំពត និង១២៥គីឡូម៉ែត្រពីភ្នំពេញ។
យោងតាមសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ កាលពីន្លងមកនេះថា ក្រុមហ៊ុនបានចំណាយទុន វិនិយោគសរុបប្រមាណ២២០លានដុល្លារ សម្រាប់កសាងរោងចក្រស៊ីម៉ងតិ៍ ថៃ ប៊ុន រ៉ុងនេះ និងគម្រោងកំណែទម្រង់បច្ចេកវិទ្យាផលិតកម្ម។ ខ្សែសង្វាក់ផលិតកម្មថ្មីនេះ បំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុត ដែលមានសមត្ថភាពផលិតស៊ីម៉ងតិ៍គុណភាពខ្ពស់២លានតោន ក្នុង១ឆ្នាំ និងផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ៣០០នាក់៕