ដោយ វុត្ថា
ភ្នំពេញៈ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា គម្រោងអគារខ្ពស់ៗគិតចាប់តាំងពីកំពស់៥ជាន់ ឡើងនៅទូទាំងប្រទេសនៃការអនុវត្តរហូតមកដល់ខែកញ្ញា ឆ្នាំ ២០១៩ នេះមានចំនួន១៥១៧ អគារ។
យោងតាមរបាយការណ៍របស់ក្រសួងដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា អគារខ្ពស់ៗចាប់ពី៥ជាន់ទៅ ៩ មានចំនួន ៨៣០អគារ។ អគារខ្ពស់ៗចាប់ពី១០ ជាន់ទៅ១៩ជាន់មានចំនួន៤២៣អគារ។
-->
អគារខ្ពស់ៗចាប់ពី២០ជាន់ទៅ ២៩ ជាន់មានចំនួន១៣៨ អគារ។ អគារខ្ពស់ៗចាប់ពី៣០ ជាន់ទៅ៣៩ជាន់មានចំនួន៨៨ អគារ និងអគារខ្ពស់ៗចាប់ពី ៤០ ជាន់ឡើងទៅមានចំនួន៣៨អគារ ។
ដោយឡែកបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈបុរីគិតចាប់ពីឆ្នាំ ២០០៣ ដល់ខែកញ្ញា ឆ្នាំ ២០១៩ នេះ មានចំនួន២៦៨ គម្រោង។
ចំណែកគំរោងសំណង់នៅទូទាំងប្រទេសគិតចាប់ពីឆ្នាំ ២០០០ ដល់ខែកញ្ញា ឆ្នាំ ២០១៩ បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៤៦,៩៩១គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន១២៦,៤០៣,៣៣៩ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤៨,១៧៥,៧៩៩, ៣៤៧ ដុល្លារ។
អ្នកជំនាញធ្លាប់បានអះអាងថា ការកើនឡើងសំណង់អាគារក្នុងមួយរយៈពេលចុងក្រោយនេះ គឺបណ្តាលមកពីមានវិនិយោគិនបរទេសធំៗជាច្រើន បានមកវិនិយោគនៅកម្ពុជា។ ក្នុងនោះរួមមានចិន កូរ៉េ វៀតណាម ជប៉ុន ថៃ ម៉ាឡេស៊ី សឹង្ហបុរី សហរដ្ឋអាមេរិក បារាំង អង់គ្លេស ឥណ្ឌូនេស៊ី កាណាដា អូស្រ្តាលី ឥណ្ឌា និង ហ្វីលីពីនជាដើម។
យោងតាមរបាយការណ៍ថ្មី ដែលចេញផ្សាយដោយធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី១០ ខែតុលាកន្លងមកនេះបានបង្ហាញថា វិស័យសំណង់នៅតែបន្តមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ២០១៩នេះ ដោយសារវិនិយោគិនបន្តបោះទុនវិនិយោគលើគម្រោងនានានៅទូទាំងប្រទេស។
វិនិយោគិនចិននៅតែបន្តនាំមុខគេ នៅក្នុងតារាងវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ចូលមកក្នុងប្រទសកម្ពុជាដែលស្មើនឹង ៤០ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសសរុប។
World Bank បញ្ជាក់ទៀតថា ខណៈលទ្ធផលវិស័យអចលនទ្រព្យ បាននឹងកំពុងរីកចម្រើនខ្លាំង ការនាំចូលដែកថែបមកកាន់ប្រទេសកម្ពុជា បានកើនឡើង ៦៣,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕