ប្រធានសមាគម CVEA នឹងបង្ហាញឱកាសវិនិយោគកម្ពុជាទៅដល់វិនិយោគិនអចលនទ្រព្យនៅអាមេរិក

0

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម នឹងដឹកនាំគណៈប្រតិភូរបស់សមាគមទៅសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីសក្តានុពលសម្រាប់វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាទៅកាន់វិនិយោគិនបរទេសមកពី៦០ប្រទេសចាប់ពីថ្ងៃទី ៨ ដែលថ្ងៃទី ១១ខែវិច្ឆិកាខាងមុខនេះ ។

លោក ច្រឹក សុខនីម បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាគឺសមាជិកសមាគមអ្នកវាយតម្លៃអចលនទ្រព្យអាមេរិក ហើយការដឹកនាំគណៈប្រតិភូទៅសហរដ្ឋអាមេរិកនាពេលនេះ គឺក្នុងគោលបំណងទី១ ទៅរៀនសូត្រពីបទពិសោធន៍ដែលអ្នកជំនាញទទួលបាន និងទី២ បង្ហាញឱកាសវិនិយោគរបស់កម្ពុជាទៅកាន់វិនិយោគិនបរទេស និងបង្ហាញពីឱកាសវិនិយោគបរទេសមកកាន់កម្ពុជាផងដែរ។
លោកបន្ថែមថា “សម្រាប់ប្រទេសកម្ពុជាយើងមានពេលប្រមាណ ១៥ នាទី ដើម្បីបង្ហាញពីឱកាសវិនិយោគនៅកម្ពុជាទៅកាន់អ្នកវិយោគបរទេសនៅលើសកលលោកឱ្យមកវិនិយោគអចលនទ្រព្យនៅកម្ពុជា។ ហើយអ្វីដែលសំខាន់នោះ កម្ពុជារបស់យើងបានលើកទង់ជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ” ។
លោក ច្រឹក សុខនីម នឹងលើកយកពីសក្តានុពលសេដ្ឋកិច្ចខ្ពស់របស់កម្ពុជាក្នុងរង្វង់ ៧,៥ ភាគរយក្នុងរយៈពេល ៥ ឆ្នាំជាប់គ្នាចុងក្រោយនេះ ហើយក៏ជាប្រទេសដែលមានការទាក់វិនិយោគប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីផងដែរ និងនីតិវិធីនៃការវិនិយោគកាន់តែមានភាពងាយស្រួលជាដើម។
លោកថា ពីមុនគេមិនដែលស្គាល់ប្រទេសកម្ពុជានោះទេ គេស្គាល់តែប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ី តែបន្ទាប់ពីមានការសផ្សព្វផ្សាយយ៉ាងទូលំទូលាយ វិនិយោគិនបរទេសបានចាប់អារម្មណ៍ វិនិយោគអចលនទ្រព្យ នៅកម្ពុជាកាន់តែច្រើន ព្រោះការវិយោគវិស័យអលចនទ្រព្យនៅកម្ពុជាមានឱកាសចំណេញច្រើនជាបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ី។
លោកបញ្ជាក់ទៀតថា នៅពេលដែលអ្នកវិនិយោគអាមេរិកចូលមកវិនិយោគច្រើនលើវិស័យអចលនវត្ថុកម្ពុជា នោះ គឺជាការកសាងទំនុកចិត្តក្នុងវិស័យនេះធ្វើឲ្យវិស័យនេះ កាន់តែរឹងមាំថែមទៀត ដែលកម្ពុជាត្រូវធ្វើការងារច្រើនទៀតលើវិស័យអចលនទ្រព្យ ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីសហរដ្ឋអាមេរិក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here