ក្រសួង​ដែនដី​ផ្តល់​វិញ្ញាបនបត្រ​ដល់​អាជីវកម្ម​សំណង់​បាន​ចំនួន៣៦៦ក្រុមហ៊ុន​ក្នុងរយៈពេល៩ខែ​នៃ​ឆ្នាំនេះ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ចេញ​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​ និង​សាងសង់​បាន​ចំនួន​សរុប៣៦៦ក្រុមហ៊ុន​ ក្នុងរយៈពេល​ ៩ ខែ​នៃ​ឆ្នាំ​ ២០១៩នេះ​ ​កើនឡើង១២០​ ក្រុមហ៊ុន​ស្មើនឹង​នឹង​កំនើន៤៨​,៧៨​%ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ដដែល​ ដែល​គេហទំព័រ​ propertyarea.asia​ ទទួល​កាលពី​កន្លង​មក​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ​ ក្រសួង​បាន​ចុះបញ្ជី​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​ចំនួន១៩១ក្រុមហ៊ុន​ ដែល​មាន​ក្រុមហ៊ុន​សាងសង់​ចំនួន​ ១៨១​ ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ចំនួន១០ក្រុមហ៊ុន​។

របាយការណ៍​ដដែល​បញ្ជាក់​ទៀត​ថា​ ដោយឡែក​ក្រសួង​ ក៏បាន​ចុះបញ្ជី​ក្រុមហ៊ុន​បរទេស​ចំនួន១៧៥ក្រុមហ៊ុន​ ដែល​មាន​ក្រុមហ៊ុន​សាងសង់​ចំនួន១៦៧ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ចំនួន៨ក្រុមហ៊ុន​។

បើ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០០​ ដល់​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​ចុះបញ្ជី​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​ និង​សាងសង់​បាន​ចំនួន២៥១៧​ ក្រុមហ៊ុន​ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​នៅ​មាន​សុពលភាព​បច្ចុប្បន្ន​ មានតែ​ចំនួន១០២៧​ ក្រុមហ៊ុន​បុ​ណ្ណោះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​រៀបចំ​ដែនដី​ ចុះ​កាលពី​ថ្ងៃទី​ ៤ខែកក្កដា​ ឆ្នាំ​ ២០១៩កាលពី​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់​ និង​ក្រុម​ជាងសំណង់​ ដែល​ទទួល​វិញ្ញាបនបត្រ​ត្រូវ​បំពេញ​កាតព្វកិច្ច​ និង​លក្ខ​ខណ្ឌ​ចម្បង​ៗដូចជា​ ត្រូវ​មាន​ការិយាល័យ​ការងារ​ ឃ្លាំង​ផ្ទុក​សម្ភារៈ​ ជម្រក​កម្មករ​ គ្រឿងចក្រ​ សកម្មភាព​សាងសង់​ ត្រូវ​រៀបចំ​ និង​ប្រព្រឹត្តិ​ទៅ​ក្នុង​របង​ហ៊ុម​ព័ន្ធ​នៃ​ការដ្ឋាន​ ឬការដ្ឋាន​រណប​ ឬទីកន្លែង​ដែល​ធានា​បាន​សណ្តាប់​ធ្នាប់​ និង​សន្តិសុខ​សាធារណៈ​ ដោយ​មិន​ត្រូវឲ្យ​ស្នាក់នៅ​ក្នុង​អាគារ​ដែល​កំពុង​សាងសង់​ឡើយ​។

កម្ពុជា​បាន​ទាក់ទាញ​ទុន​វិនិយោគ​ ក្នុង​វិស័យ​សំណង់​ក្នុងរយៈពេល៩ខែ​ឆ្នាំ២០១៩នេះ​ មាន​ចំនួន​ជាង៦៤៩៤​ លាន​ដុល្លារ​អាមេរិក​ កើនឡើង​ប្រមាណ៣៤​,៧៣​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here