ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Sunwah Group របស់ចិនគ្រោងអភិឌ្ឍន៍សួនឧស្សាហកម្ម និងលំនៅឋានលើទំហដី ៦០ហិកតា នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីភ្នំពេញ ខណៈតំបន់មួយនេះ បាននឹងកំពុងមានសក្តានុពលខ្ពស់ និងរីកចំរើនយ៉ាងខ្លាំង។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Sunwah Group បានឱ្យដឹងថា ក្រមហ៊ុននេះបាននឹងកំពុងអនុវត្តន៍គម្រោង និង
កំពុងចរចាសាងសង់ គម្រោង Sunwah New Town ជាមួយអាជ្ញាធរកម្ពុជាពាក់ព័ន្ធ លើគម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម និងលំនៅឋាន នៅលើដី ៦០ហិកតា ស្ថិតនៅតាមផ្លូវជាតិចំងាយប្រមាណ២០គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ (ផ្លូវជាតិលេខ៤)។
-->
រដ្ឋាភិបាលកម្ពុជាគ្រោងប្រែក្លាយ តំបន់ស្ថិតនៅតាមផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ បានក្លាយជាតំបន់ឧស្សាហកម្ម រោងចក្រ និងលំនៅឋានដ៏ពេញនិយម ដោយសារខេត្តព្រះសីហនុជាខេត្តពិសេសមួយ ដែលរដ្ឋាភិបាលបានដាក់បញ្ចូលជាតំបន់ឧស្សាហកម្មពិសេស ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផ្លូវជាតិលេខ៤បាន នឹងកំពុងតែមានទាក់ទាញផ្នែកវិនិយោគទាំង គម្រោងដីឡូត៍ គម្រោងលំនៅដ្ឋាន និងបុរី (ទាំងការរស់នៅ និងការប្រកបអាជីវកម្ម) គម្រោងការ៉ាសសាំង ម៉ាត ផ្សារ មន្ទីរពេទ្យអន្តរជាតិ និងក្នុងស្រុក សាលារៀន ព្រោងព្រាតនៅតាមដងផ្លូវជាតិមួយនេះផងដែរ។
ក្រុមហ៊ុន Sunwah Group បានវិនិយោគនៅកម្ពុជា អស់រយៈពេលជាង២៥ឆ្នាំហើយ។ កាលពីដើមឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានវិយោគសំខាន់លើពាណិជ្ជកម្មនាំចូល និងនាំចេញ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានពង្រីកអាជីវកម្មរបស់ខ្លួន លើកការផលិត និងកែច្នៃគ្រឿងសមុទ្រសម្រាប់នាំចេញ។ បន្ទាប់មកទៀត ក្រុមហ៊ុន Sunwah Group គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញ ជាមួយនឹងផលប័ត្រនៅក្នុងប្រទេសកម្ពុជា។
កាលពីឆ្នាំ១៩៩៥ ក្រុមហ៊ុន Sunwah Group បានដាក់ទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា និងបានសាងសង់រោងចក្រកែច្នៃគ្រឿងសមុទ្រ នៅលើទំហំដី១០ ហិកតា នៅឯកំពង់ផែក្រុងព្រះសីហនុ ដោយចំណាយទឹកប្រាក់វិនិយោគ១០លានដុល្លារអាមេរិក។ នេះគឺជារោងចក្រកែច្នៃគ្រឿងសមុទ្រធំជាងគេមួយនៅកម្ពុជា សម្រាប់ការនាំចេញផលិតផលគ្រឿងសមុទ្រទៅកាន់ទីក្រុងហុងកុង និងនៅទូទាំងពិភពលោក៕