ដោយ ម៉ាណេត
ភ្នំពេញៈ នៅរាជធានីភ្នំពេញ មានគម្រោងខុនដូចំនួន៩ដែលស្មើនឹង ៥,១៤០យូនីតបានដាក់ដំណើរការក្នុងត្រីមាសទី៣ឆ្នាំ២០១៩ ជាចំនួនកើនឡើងខ្ពស់ធៀបនឹងត្រីមាសមុនៗ។ នេះបើយោងតាមទិន្នន័យចុងក្រោយក្រុមហ៊ុន CBRE Cambodia។
តួលេខនេះតំណាងឱ្យត្រីមាសដ៏សកម្មបំផុតមួយ សម្រាប់យូនីតខុនដូនៅរាជធានីភ្នំពេញ និងត្រឡប់មកវិញនៃដំណើរការល្អនៅក្នុងត្រីមាសទី២ ខណៈខុនដូចំនួន ៥៨០០ខុនដូយូនីត ត្រូវបានដាក់ឱ្យដំណើរការដែលជាលទ្ធផលល្អបំផុតប្រចាំត្រីមាស។
-->
គំរោងខុនដូដែលបានដាក់ដំណើរការគម្រោងថ្មី ភាគច្រើនស្ថិតនៅក្នុងខណ្ឌចំការមន និងជ្រោយចង្វារ ដែលស្មើនឹង ៤៤ភាគរយ និង៤០ភាគរយនៃខុនដូយូនីតថ្មី ដែលទើបនឹងចាប់ផ្តើមដំណើរលក់។ ភាគច្រើននៃខុនដូដែលបានចាប់ផ្តើមដំណើរលក់ថ្មី ត្រូវបានដាក់នៅតម្លៃកណ្តាល ដែលបានដាក់ដំណើរការលក់បានគ្របដណ្តប់៥២ភាគរយ ដែលស្មើនឹងប្រមាណ២៧០០យូនីត។ បន្ទាប់មកយូនីតខុនដូ ដែលមានតម្លៃខ្ពស់ និងតម្លៃសមរម្យដែលតំណាងឱ្យ៣២ភាគរយ និង១៦ភាគរយ។
ការផ្គត់ផ្គង់កើនឡើងត្រឹមតែ៥,១ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាសស្មើនឹងប្រមាណ១៧,៥១០យូនីត។ អាគារសហកម្មសិទ្ឋចំនួន៣ ដែលស្មើនឹងប្រមាណ៨៥០ យូនីតត្រូវបានបញ្ចប់នៅក្នុងគម្រោងស្តារស៊ីធី។
តម្លៃលក់
ក្នុងរយៈពេលត្រីមាសទី៣ ទីផ្សារនេះមានការធ្លាក់ចុះ១,៩ ភាគរយពីមួយត្រីមាសទៅមួយត្រីមាស សម្រាប់តម្លៃខុនដូប្រណីតនៅត្រីមាសនេះ ដោយតម្លៃគិតជាមធ្យមស្មើនឹង៣,១៩០ ដុល្លារអាមេរិកក្នុងម៉ែត្រការ៉េ។ អ្នកអភិវឌ្ឍន៍មួយចំនួន ដែលមានគម្រោងជិតបញ្ចប់ ត្រូវបានផ្តល់ជូននូវការបញ្ចុះតម្លៃដើម្បីលក់ចេញខុនដូរបស់ពួកគេ។
ផ្ទុយទៅវិញខុដូតម្លៃសមរម្យ បានកើនឡើងជាមធ្យម២ភាគរយ ដែលមាន១,៥៣១ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈខុនដូតម្លៃកណ្តាលបានកើនឡើង១,២ ភាគរយដែលជំរុញឱ្យតម្លៃលក់ជាមធ្យមដល់២,៦០០ ដុល្លារក្នុងម៉ែត្រការ៉េ។
ចំណែកការជួលក្នុងកំឡុងត្រីមាសទី៣ ឆ្នាំ២០១៩ មានស្ថេរភាពជាទូទៅទាំងផ្នែកខុនដូតម្លៃកណ្តាល និងដុនដូលំដាប់ប្រណីតដោយមានតម្លៃ១២ដុល្លារ ក្នុងម៉ែត្រការ៉េនិង ១៤,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

បច្ចុប្បន្នវិនិយោគិនចិន បានឈរនៅលំដាប់កំពូល នៃការវិនិយោគក្នុងវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
យ៉ាងក៏ដោយ លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងក្នុងសន្និសិទ្នសារព័ត៌មាននៅថ្ងៃទី១១ តុលានេះថា “កិច្ចការសំខាន់ដែលយើងត្រូវធ្វើដើម្បីទាក់ទាញវិនិយោគផ្សេងទៀត ក្រៅពីប្រទេសចិន គឺរៀបចំសមត្ថភាពបទបញ្ញត្តិរបស់កម្ពុជាឱ្យបានប្រសើរ ហើយធ្វើឱ្យកាន់តែប្រសើរឡើងនូវអ្វី ដែលយើងមានក្នុងប្រទេស”។
កង្វះខាតបទបញ្ញត្តិទាក់ទងគុណភាពសំណង់ និងការអនុញ្ញាតលក់ ហើយបើអ្វីទាំងអស់នេះ ត្រូវបានធ្វើប្រសើរឡើង វានឹងធ្វើឱ្យវិនិយោគិនផ្សេងៗទៀត មានទំនុកចិត្តក្នុងវិនិយោគនៅទីនេះ និងដាក់ទុនរបស់ពួកគេនៅផងដែរ៕