កម្ពុជា​-ប៊ុលហ្គារី​ ប្ដេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​វិទ្យាសាស្ត្រ​

0

ដោយ​ ៖ រ៉ា​ណេត

ប៊ុលហ្គារី​ ៖ បច្ចុប្បន្ន​នេះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ប៊ុលហ្គារី​ មាន​ទំហំ​តូច​នៅឡើយ​ ពោល​គឺ​គិត​ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ​មាន​ទំហំ​ត្រឹម​ជាង៣០លាន​ដុល្លារ​តែប៉ុណ្ណោះ​ ។

ក្នុង​គោលបំណង​ជំរុញ​ និង​បង្កើន​កិច្ច​ទំនាក់ទំនង​សហប្រតិបត្តិ​ការ​ជា​ដៃគូ​ ជាពិសេស​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២ឱ្យ​មាន​ទំហំ​ធំ​ នៅ​រសៀល​ថ្ងៃទី១៦​ ខែតុលា​ ម្សិលមិញ​នេះ​ មន្ត្រី​ជាន់ខ្ពស់​តំណាង​ប្រទេស​ទាំង២បាន​ធ្វើការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អនុស្សារ​ណៈ​យោគយល់​ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​បង្កើន​ចំណងមិត្តភាព​ ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ និង​បច្ចេកទេស​។

នៅក្នុង​កិច្ច​ព្រមព្រៀង​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ប្រទេស​កម្ពុជា​ រួម​ជាមួយនឹង​លោក​ Emil​ Karanikolov​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី​ ក៏បាន​ពិភាក្សា​លើ​វិស័យ​មួយចំនួន​ទៀត​ ដែល​គ្រប​ដណ្តប់​លើ​ផ្នែក​សំ​ខាន់​ៗ រាប់​ចាប់តាំងពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ វិនិយោគ​ ឧស្ស​ហក​ម្ម​ កសិកម្ម​ សំណង់​ ដឹកជញ្ជូន​ និង​ភ័ស្តុភារ​ (Logistics​) បរិស្ថាន​ ថាមពល​ សុខាភិបាល​ ទូរគម​នាគ​ន៍​ ព័ត៌មាន​វិទ្យា​ ពាណិជ្ជកម្ម​អេឡិចត្រូនិក​ (E-Commerce​) បច្ចេកវិទ្យា​ អប់រំ​ ទេសចរណ៍​ កម្មសិទ្ធិ​បញ្ញា​ ហិរញ្ញវត្ថុ​ និង​ធនាគារ​ ធានារ៉ាប់រង​ វិទ្យាសាស្ត្រ​ និង​ការស្រាវជ្រាវ​ ព្រមទាំង​កិច្ច​សហប្រតិបត្តិ​ការ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​បម្រើការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​គ្នា​ទៅវិញទៅមក​។

ក្រៅពី​នេះ​ វិស័យ​ផ្សេងទៀត​ក៏​នឹង​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​-ប៊ុលហ្គារី​ បាន​ឯកភាព​គ្នា​លើ​វិធាន​សម្រាប់​ពង្រីក​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​បន្ថែម​ផង​ដែរ​ ជាពិសេស​ការ​លើកទឹកចិត្ត​ក្នុង​ការបង្កើត​ធុរកិច្ច​ថ្មី​ និង​ការ​ពង្រឹង​ទំនាក់ទំនង​ធុរកិច្ច​ដែល​មានស្រាប់​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ និង​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​របស់​ឯកជន​ និង​សហគ្រិន​ រួម​ទាំង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ធុរកិច្ច​ ការចូលរួម​ក្នុង​ការ​តាំង​បង្ហាញ​សាធារណៈ​ និង​ពិព័រណ៍​អន្តរជាតិ​ ផ្តល់​ការ​ជួយ​គាំទ្រ​ ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​សម្រាប់​អ្នកតំណាង​ធុរកិច្ច​ កម្មវិធី​សិក្ខាសាលា​សន្និសីទ​វិទ្យាសាស្ត្រ​ និង​កិច្ចប្រជុំ​នានា​។

បច្ចុប្បន្ន​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​ ពោល​គឺ​ចាប់ពី​ឆ្នាំ២០១៦​ រហូតដល់​ឆ្នាំ​ពាក់កណ្តាល​ឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ហុងគ្រី​ មាន​ចំនួន​ជាង​ ៣០លាន​ដុល្លារ​ អាមេរិក​ប៉ុណ្ណោះ​។

ក្នុង​នោះ​កម្ពុជា​ នាំចេញ​ទៅ​ប៊ុលហ្គារី​មាន​ទឹកប្រាក់​ ២៥លាន​ដុល្លារ​អាមេរិក​ និង​នាំចូល​មាន​ទឹកប្រាក់​ជាង​ ៥.៥​លាន​ដុល្លារ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here