វៀតណាម​ឈរ​នៅ​លំដាប់​ទី៣ក្នុង​ការ​វិនិយោគ​ពី​បរទេស​នៅ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា​ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខណៈ​វៀតណាម​ស្ថិត​ក្នុងចំណោម​វិ​និ​យោ​គិន​ធំៗ​លំដាប់​ទី៣នៅក្នុង​ប្រទេស​។

យោង​តាម​របាយការណ៍​ចុងក្រោយ​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) រដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) ចំនួន២២២គម្រោង​ក្នុងរយៈពេល៨ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​ ជាមួយនឹង​ការ​វិនិយោគ​សរុប​ចំនួន៦ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​កើនឡើង​ចំនួន៨១គម្រោង​ និង៤​,១២ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ចិន​គឺជា​វិនិយោគិន​បរទេស​ធំជាង​គេ​នៅ​កម្ពុជា​ ជាមួយនឹង​ការ​វិនិយោគ​សរុប៧​,៨ ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល៨ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដែល​ស្មើនឹង៣៥ភាគរយ​នៃ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) សរុប​នៅ​កម្ពុជា​។ បន្ទាប់មក​គឺ​ជប៉ុន​ (៧.៨​ ភាគរយ​ នៃ​ការ​វិនិយោគ​(FDI​ សរុប​) វៀតណាម​ (២,៩ ភាគរយ​) សិង្ហបុរី​ (១,៨ ភាគរយ​) សាធារណរដ្ឋ​កូរ៉េ​ (១,៧ ភាគរយ​) ម៉ាឡេស៊ី​ (១,៣៦​ ភាគរយ​) និង​ថៃ​ (០,៩ ភាគរយ​)។

លោក​ ជា​ វុទ្ធី​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​មានប្រសាសន៍​ថា​ លំហូរ​ចូល​នៃ​ការ​វិនិយោគ​មាន​និ​ន្នា​ ការ​កើនឡើង​យ៉ាង​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម​ ផលិតកម្ម​ និង​ទេសចរណ៍​ដែល​បាន​កើនឡើង​ ៩៤​ ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨​ បន្ថែម​លើ​ការជំរុញ​ការ​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ ពី​បរទេស​ចំនួន៨៣១​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ដោយមាន​ទុន​វិនិយោគ​សរុប
២២​,៥ ពាន់​លាន​ដុល្លារ​អាមេរិក​។ ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​មាន​ចំនួន៤៧ភាគរយ​ នៃ​ដើមទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ ខណៈ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ចំនួន២៤ភាគរយ​ ឧស្សាហកម្ម​មាន២៣​ ភាគរយ​ និង​កសិកម្ម​មាន៦ភាគរយ​ នៃ​ដើមទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​។

លោក​ជា​ វុទ្ធី​ បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ដល់​កម្ពុជា​ក្នុង​ការ​រក្សា​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ខ្លួន៧ភាគរយ​ និង​បង្កើត​ការងារ​ប្រមាណ១៥​ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here