ដោយ វុត្ថា
ភ្នំពេញៈ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៩ បានក្លាយដៃគូជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងការទូទាត់ និងប្រមូលចំណូលសម្រាប់សេវាសាធារណៈរបស់ក្រសួង ជាពិសេសសេវាលេខពិសេសផ្ទាល់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជម្រើសច្រើនក្នុងការមកទទួលសេវានេះ។

-->
យោងតាមរបារណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញកាលពីពេលថ្មីៗនេះថា គ្រឹះស្ថានទាំង៩នោះ រួមមាន៖1. ធនាគារ ABA 2. ធនាគារ វឌ្ឍនៈ 3. ធនាគារ កាណាឌីយ៉ា ក.អ 4. ធនាគារ ព្រីនស៍ 5. ធនាគារ ហុង លីអុង 6. ធនាគារ កម្ពុជាអាស៊ី 7. ធនាគារ ស្ថាបនា 8. ធនាគារ អាយស៊ីប៊ីស៊ី និង 9. ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។
ក្រសួងសាធារណៈការបានស្វាគមន៍ ចំពោះវត្តរបស់គ្រឹះស្ថានទាំង៩នេះ ដែលមានបំណងចង់ចូលរួម ជំរុញការផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែមានជម្រើសសំបូរបែបបន្ថែមទៀត។
ក្រសួងពន្យល់ថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានបង្កើតប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការកាត់បន្ថយពេលវេលាផ្តល់សេវា កាត់បន្ថយចំណាយក្រៅផ្លូវការ ក៏ដូចជាបង្ខិតសេវាកាន់តែជិតប្រជាពលរដ្ឋ។
ក្រសួងបញ្ជាក់ដល់គ្រឹះស្ថានហិរញ្ញវត្ថុ អំពីគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងក្នុងការផ្តល់សេវាលេខពិសេសផ្ទាល់ខ្លួន ដែលជាបង្គំ អក្សរ និងលេខឡាតាំងមិនលើសពី៨ខ្ទង់ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ក្នុងនោះផងដែលក្រសួង ក៏មានបំណងផ្ដល់ជម្រើសក្នុងការបង់ប្រាក់បញ្ជាទិញ និងការចូលរួមដេញថ្លៃ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ គំនិតផ្តួចផ្តើមទាំងនេះអាចដំណើរការទៅបាន លុះត្រាតែមានការសហការពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យា ក្នុងការចរាចរណ៍សាច់ប្រាក់នៅកម្ពុជា។

ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះក្រសួងសាធារណៈការ និងដឹកជញ្ជូន បានសហរការជាមួយគ្រឹះស្ថានដៃគូរចំនួន៦ បានប្រមូលចំណូលដុលបានសរុប ប្រមាណជាង ១១៤ ពាន់លានរៀល និងមានប្រមាណ១លានប្រតិបត្តការ៕