ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចូលរួមកិច្ចប្រជុំព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីសំណង់

0

ដោយ ៖ វុត្ថា
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមកិច្ចប្រជុំព្រឹទ្ធសភា វិសាមញ្ញ នីតិកាលទី៤ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសំណង់ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាដែល propertyarea.asia ទទួលបាននៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩ នេះបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះ ត្រូវបានអង្គព្រឹទ្ធសភាផ្តល់យោបល់អនុម័ត ៥៧សំឡេងនៃសមាជិកាព្រឹទ្ធសភា។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឱ្យដឹងថា ការបង្កើតឱ្យមានច្បាប់ស្តីពីសំណង់នេះ គឺដើម្បីឆ្លើយតបទៅនឹងវិស័យសំណង់ដែលមានកំណើនយ៉ាងឆាប់រហ័ស ដូចជាអគារស្នាក់នៅ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ សំណង់ទីក្រុងរណប បុរី ភូមិគ្រឹះ ធនាគារ រោងចក្រ និងគ្រឹះស្ថានសិក្សាជាដើម។
សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ មានគោលបំណង និងសារប្រយោជន៍ ពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។
* ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍទីក្រុងឱ្យមានសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ
* បង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់
* បង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពនិងសេដ្ឋកិច្ចសង្គម។
គោលបំណងនៃការរៀបចំសេចក្តីព្រៀងច្បាប់នេះរួមមាន៖
* គុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។
* សោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ
* គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។
* ការបង្កើនការជឿទុកចិត្តរបស់វិនិយោគនៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម។
សេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះមាន ២២ជំពូក និង ១១៣ មាត្រា ហើយច្បាប់ស្តីពីសំណង់នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here