ដោយ វុត្ថា
ភ្នំពេញៈ យោងតាមការចុះផ្សាយរបស់គេហទំព័រ www.skyscrapercenter.com ស្តីពី សំណង់អគារខ្ពស់ជាច្រើននៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា មានអគារខ្ពស់ៗចំនួន៣ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ។
១) អគារ MORGAN TOWER
-->

អគារ MORGAN TOWER មានកំពស់២១០ម៉ែត្រ និងមានចំនួន៤៦ជាន់ត្រៀមនឹងរំលេចខ្លួននៅទីក្រុងកោះពេជ្រ នៅពេលដ៏ខ្លីខាងមុខនេះ។ អាគារ MORGAN TOWER ជាបណ្ដុំដោយការិយាល័យ សាលប្រជុំ សណ្ឋាគារ ភោជនីយដ្ឋាន និង Sky Bar ដែលជាអាគារសន្សំសំចៃថាមពល មុនគេបង្អស់នៅកម្ពុជា។
ក្រៅពីទីក្រុងកោះពេជ្រក្រុមហ៊ុននឹងមានគម្រោង សាងសង់អាគារលំដាប់ផ្កាយប្រាំ នៅក្រុងព្រះសីហនុផងដែរ ខណៈក្រុមហ៊ុន MORGAN TOWER ជាក្រុមហ៊ុនដែលបានសាងសង់អាគារទំនើបៗ នៅប្រទេសចិន ដូចជា ទីក្រុងសៀងហៃ និងឈឹងឌូជាដើម។ អាគារនេះបើកការដ្ឋានសាងសង់នៅថ្ងៃទី១៨ សីហា កាលពីឆ្នាំ ២០១៨។
២) អគារ Sky Villa

អគារ Sky Villa ជាគម្រោងសាងសង់ខុនដូភ្លោះដ៏ធំមួយ របស់ក្រុមហ៊ុន Crystal Orange Construction Plc. ដែលមានចំនួន២៥៦យូនីត និងកម្ពស់៣៥ជាន់ តាមបណ្តោយមហាវិថីព្រះសីហនុ ក្រោមទុនវិនិយោគប្រហែល១០០លានដុល្លារអាមេរិក។
អគារSky Villa នឹងក្លាយជាកន្លែងរស់នៅដ៏ល្អដាច់គេនៅកម្ពុជា ព្រោះការរចនាម៉ូដរបស់ Sky Villa ត្រូវធ្វើឡើងដោយក្រុមហ៊ុន C.Y. Lee & Partners, Architects & Planners ដែលជាក្រុមហ៊ុន ដ៏មានកេរ្តិ៍ឈ្មោះល្បីបំផុតក្នុងពិភពលោក តាមរយៈការរចនាប្លង់អគារ Taipei 101 ដែលមានសម្រស់ និងកម្ពស់៥០៩ម៉ែត្រនៅតៃវ៉ាន់។
៣) អគារ The Peak

The Peakជាអគារពាណិជ្ជកម្ម ដែលខ្ពស់ជាងគេចំនួន៣ នៅភ្នំពេញកម្ពស់៥៥ជាន់ ទល់មុខមាត់ទន្លេ នៅក្បែរស្ពាននាគកោះពេជ្រ ជាមួយនឹងទុនវិនិយោគ៥៨០លានដុលា្លរ បានចាប់បុកគ្រឹះបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៦នេះ។
The Peak Project ជាម្រោងអភិវឌ្ឍន៍អចលនវត្ថុមួយ ស្ថិតនៅក្រោមការគ្រប់គ្រង់ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Oxley-Gem (Cambodia) Co.,LTtd តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន Oxley International Holding Land Limited នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនដែលមាន សក្ដានុពលខាងធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងបទពិសោធន៍លើវិស័យសំណង់អគារធំៗ ខ្ពស់ៗហើយប្រណិត ហើយថែមទាំងទទួលបានកិត្ដិស័ព្ទ ដ៏ល្បីល្បាញ ខាងវិស័យអភិវឌ្ឍសំណង់អចលនវត្ថុ នៅសិង្ហបុរីជាច្រើនឆ្នាំមកហើយរួមជាមួយ Worldbridge Land សព្វថ្ងៃនេះ។
ក្នុងគម្រោងសាងសង់នេះ មានអគារភ្លោះកម្ពស់៥៥ជាន់ដ៏ប្រណីត និងសណ្ឋានគារThe Shangri-La Hotel ដែលប្រកបដោយកិត្យានុភាព ក្នុងពិភពលោកជាយូរណាស់មកហើយ ឥឡូវបានចាប់ផ្ដើមសាងសង់ក្នុងទឹកកម្ពុជា ដែលគម្រោងនេះ មានចំណុះសរុប ចំនួនប្រមាណ១០១៤ Unite៕