ប៉េកាំង​៖ គ្មាន​មូលហេតុ​សម្រាប់​ភាព​ស្លន់​ស្លោ​ទេ​ ខណៈ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​

0

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ ទីក្រុង​ប៉េកាំង​បាន​អះអាង​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅក្នុង​ត្រីមាស​ទី៣​ មិនមែន​ជា​បុព្វហេតុ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ​ ហើយ​ជា​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​និង​ការ​វិវត្ត​របស់​មជ្ឈឹ​មបូព៌ា​ទៅជា​សេដ្ឋកិច្ច​រីកចម្រើន​។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​កាសែត​ People​’s Daily ​របស់​ចិន​បាន​បង្ហាញថា​ “សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី៣​ ប៉ុន្តែ​វា​មិនមែន​ជា​មូលហេតុ​នៃ​ភាព​ភិតភ័យ​ទេ​”។

អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ចិន​ បាន​ធ្លាក់ចុះ​ដល់៦ភាគរយ​នៅក្នុង​ត្រីមាស​ទី៣​។ នេះ​បើ​យោង​តាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS​) ចេញផ្សាយ​កាលពី​ថ្ងៃសុក្រ​។ ត្រីមាស​ទី៣​ នៃ​ឆ្នាំ២០១៩​ គឺជា​រយៈពេល​ដំណើរការ​អាក្រក់​បំផុត​ក្នុងរយៈពេល​ជិត៣០ឆ្នាំ​ ​និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ ធ្លាក់ចុះ​ពី​កំណើន៦​,២ ភាគរយ​នៅក្នុង​ត្រីមាស​ទី២​។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ “ស្ថិត​ក្នុង​ភាព​តានតឹង​ពាណិជ្ជកម្ម​ និង​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​ពី​ដំណាក់កាល​ នៃ​កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន​ ទៅ​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ វា​ជា​លទ្ធផល​ល្អ​ និង​ស្របតាម​ច្បាប់​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​”។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បានឱ្យ​ដឹង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ និង​ការ​ធ្លាក់ចុះ​ដែល​មិនធ្លាប់​មាន​ចាប់តាំងពី​វិបត្តិសេដ្ឋកិច្ច​ដ៏​ធំ​កាលពី១០ឆ្នាំមុន​។

របាយការណ៍​របស់​ IMF​ បាន​បង្ហាញថា​ “សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់ចុះ​ស្របគ្នា​ ហើយ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ២០១៩​ បាន​ធ្លាក់ចុះ​ម្តង​ទៀត​ដល់៣ភាគរយ​ ដែល​ជា​ល្បឿន​ទាប​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​”។

របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​បញ្ជាក់​ថា​ សេដ្ឋកិច្ច​កំពុង​ផ្លាស់​ប្តូរ​ទៅ​ដំណាក់កាល​អភិវឌ្ឍន៍​មួយ​ ដែល​ការប្រើ​ប្រាស់​ក្នុង​ស្រុក​នឹង​ដើរតួ​នាទី​ កាន់តែ​ធំ​ជាជាង​ពាណិជ្ជកម្ម​អន្តរជាតិ​។

របាយការណ៍​បានឱ្យ​ដឹង​ថា​ “ការប្រើ​ប្រាស់​បាន​បន្ត​ជា​កម្លាំង​ស្នូល​ ក្នុង​ការជំរុញ​តម្រូវការ​ ដែល​រួមចំណែក៦០.៥​ ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុងរយៈពេល​នេះ​”។

របាយការណ៍​នេះ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅតែ​បន្ត​មាន​ភាពរឹងមាំ​ ខណៈ​ទុន​វិនិយោគ​ប្រមាណ៣៥៤លាន​ដុល្លារ​ បាន​ហូរ​ចូល​ចិន​ជា​រៀងរាល់ថ្ងៃ​។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​ “ស្ថិត​ក្នុង​ការ​ធ្លាក់ចុះ​នៃ​ការ​វិនិយោគ​អន្តរជាតិ​ វិនិយោគិន​បរទេស​បាន​បោះឆ្នោត​ទុកចិត្ត​លើ​ទីផ្សារ​ចិន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here