ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ជាទិញរថយន្តប្រមាណ ៤៥០ គ្រឿងសម្រាប់ដឹកថ្នាក់ដឹកនាំមកពីអាស៊ី និងអឺរ៉ុបមកចូលរួមកិច្ចប្រជុំកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅឆ្នាំ ២០២០។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការគាំទ្រពីសហគមន៍អន្តរជាតិ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅភ្នំពេញ ដោយផ្ដោតទៅលើប្រធានបទស្ដីពី ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះ នាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាព និងតម្លៃសកល។
-->
លោក ឯក ថា ជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំ ជាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា រដ្ឋមន្ត្រី និងអតីតប្រមុខរដ្ឋ និងអតីតប្រមុខរដ្ឋាភិបាល មកពីជាង៥០ប្រទេស ព្រមទាំងអ្នកមុខអ្នកការតំណាងមកពីវិស័យឯកជន សិល្បៈករ យុវជន សរុបទាំងអស់មកពីជាង ១៥០ប្រទេស។
លោកបន្តថា កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ធ្វើការជាអ្នកពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសង្គម និងសេដ្ឋកិច្ច របស់អង្គការសហប្រជាជាតិ (UN/ECOSOC) ក៏ចូលរួមសម្របសម្រួលក្នុងដំណើរការកិច្ចប្រជុំកំពូលនេះផងដែរ។
លោកបន្ថែមថា ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបទ្វេភាគីជាមួយប្រមុខរដ្ឋមួយចំនួន និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំនេះ។ កិច្ចប្រជុំកំពូលនេះ ក៏នឹងមានរៀបចំនូវកម្មវិធី ការជួបជុំគ្នាលក្ខណៈជាក្រុមគ្រួសារ និងមិត្តភាពប្រមាណ៣០០០នាក់ ដែលនឹងប្រព្រឹត្តទៅនៅកោះពេជ្រ។
កាលពីខែមករា ឆ្នាំ២០១៨ រដ្ឋាភិបាលនៃប្រទេស សេណេហ្គាល់ បានសហការជាមួយសហព័ន្ធសហភាពសកល (UPF) ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាហ្វ្រិកលើកទីមួយ ដែលមានការចូលរួមជាង១២០០នាក់ មកពីជាង ៦០ប្រទេស។
កិច្ចប្រជុំកំពូលអាហ្វ្រិកលើកទីពីរ ត្រូវបានធ្វើឡើងនៅអាហ្វ្រិកខាងត្បូង នៅក្រុងខេប។ ហើយកាលពីខែធ្នូ ឆ្នាំ២០១៨ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ត្រូវបានធ្វើឡើងនៅប្រទេសនេប៉ាល់ ដែលមានការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ១៥០០នាក់ មកពី៤៥ប្រទេស៕