ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន OCIC គ្រោងចំណាយប្រាក់ ២០០០លានដុល្លារ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋថ្មីទីក្រុងកោះនរា ដែលមានទីតាំងនៅទល់មុខនឹងទីក្រុងកោះពេជ្រ ស្របនឹងដងទន្លេមេគង្គក្រោម។

ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន OCIC គ្រោងចំណាយប្រាក់ ២០០០លានដុល្លារ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋថ្មីទីក្រុងកោះនរា ដែលមានទីតាំងនៅទល់មុខនឹងទីក្រុងកោះពេជ្រ ស្របនឹងដងទន្លេមេគង្គក្រោម។

លោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៤ តុលានេះថា បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងចាប់ផ្តើមចាក់ដីបំពេញ ដើម្បីកសាងទីក្រុងថ្មី ដែលមានឈ្មោះ “ទីក្រុងកោះនរា” ហើយ ដែលគំរោងនេះមានផ្ទៃដីជាង១០០ហិកតា និងគ្រោងចំណាយពេលសាងសង់រយៈពេលបីឆ្នាំ។
លោកបន្តថា “ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋទីក្រុងថ្មីនេះ នឹងចំណាយទឹកប្រាក់ជាង២០០០លានដុល្លារអាមេរិក”។លោកបន្តថា “គំរោងនេះ នឹងមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរានាពេលអនាគត ប៉ុន្តែគំរោងលំអិតកំពុងសិក្សានៅឡើយ”។
គំរោងទីក្រុងកោះនរា ស្ថិតនៅក្នុងសង្កាត់កោះនរា ស្ថិតក្នុងខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកទូច សំណាងបានឲ្យដឹងទៀតថា ទីក្រុងថ្មីនេះនឹងមានបណ្តោយប្រវែង៣,៥គីឡូម៉ែត្រ និងចេញពីច្រាំងចូលទន្លេប្រវែង៣០០ម៉ែត្រ ហើយទីតាំងគំរោងនេះស្ថិតនៅទល់មុខ បញ្ឈិតភាគខាងត្បូងទីក្រុងកោះពេជ្របច្ចុប្បន្ននេះ។ លោកបន្តថា គំរោងនេះនឹងរៀបចំផែនការអភិវឌ្ឍស្រដៀងគ្នានឹងទីក្រុងកោះពេជ្របច្ចុប្បន្ននេះ ប៉ុន្តែផែនការលំអិតនិងការចំណាយលើការសាងសង់អាគារនានា មិនទាន់ត្រូវបានគិតគូរនៅឡើយទេ។
លោកបន្តថា “ទីក្រុងថ្មីនេះ នឹងលេចរូបរាងនៅដើមឆ្នាំ២០២៣ខាងមុខនេះហើយ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងចាក់ថ្មចូលទន្លេ ដើម្បីបង្កើតនូវកោះសប្បនិម្មិតថ្មីមួយ”។លោកបន្តថា “ការពិតតំបន់នេះកាលពីចុងទសវត្សរ៍ទី៩០ គឺជាដីកោះ តែដោយសារជំនន់ទន្លេមេគង្គ បានធ្វើឲ្យដីកោះនៅទីតាំងនេះបាក់ចូលទន្លេ”។
ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងស្វាគមន៍គំរោងដ៏គួរឲ្យចាប់អារម្មណ៍នេះ ដោយលោកបានមានប្រសាសន៍ថា ផ្អែកលើកត្តតាខសុខសន្តិភាព ស្ថេរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា ការកសាងទីក្រុងថ្មីបែបនេះនឹងជួយជំរុញកំនើនសេដ្ឋកិច្ចបន្ថែមទៀត។

លោកបន្តថា “វាមិនត្រឹមតែជាការជួយរួមចំណែកលើការអភិវឌ្ឍនោះទេ ប៉ុន្តែគំរោងនេះក៏នឹងរួមចំណែកផ្តល់ទំនុកចិត្ត ដល់ការវិនិយោគលើវិស័យអចលនទ្រព្យកម្រិតជាតិ និងអន្តរជាតិបន្ថែមទៀត”៕