ធនាគារ​ដ៏​ធំ​របស់​ចិន​កំពុង​ចាប់អារម្មណ៍​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ចំនួន៣នៅ​កម្ពុជា​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ធនាគារ​អភិវឌ្ឍន៍​ចិន​ CDB​ សាខា​ខេត្ត​ក្វាង​ស៊ី​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​អាកាសយាន​ដ្ឋាន​ភ្នំពេញថ្មី​ បន្ថែម​ពីលើ​គម្រោង​ដែល​មានស្រាប់​រួមមាន​ដូចជា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ព្រះសីហនុ​ និង​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​ខេត្តសៀមរាប​។

នាយកចាត់ការ​ទូទៅ​របស់​ CDB​ សាខា​ខេត្ត​ក្វាង​ស៊ី​ ប្រទេស​ចិន​ លោក​ Mei​ Shiwen​ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​វិនិយោគិន​មួយ​ក្រុម​ដើម្បី​សិក្សា​ពី​សក្ដានុពល​ និង​ឱកាស​វិនិយោគ​ជា​ដៃគូ​នៅ​កម្ពុជា​ បាន​លើកឡើង​ពី​គោលបំណង​ចង់​បណ្តាក់​ទុន​វិនិយោគ​ទៅលើ​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​ភ្នំពេញ​បន្ថែម​ពីលើ​គម្រោង​ដែល​ស្រាប់​នា​ពេល​បច្ចុប្បន្ន​នេះ​។

នៅក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ នៅ​ទីស្ដីការ​ក្រសួង​ កាលពី​ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ លោក​ Mei​ Shiwen​ បាន​មាន​ប្រសាសន៍​ថា​ “តប​ទៅ​នឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុងរយៈពេល​កន្លងមក​ រវាង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ធនាគារ​អភិវឌ្ឍន៍​ចិន​ (CDB​) ក្នុង​ការចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឱ្យ​មានការ​រីកចម្រើន​ ជា​លទ្ធផល​គឺ​ទទួល​បានសម្រេច​សមិទ្ធផល​ជាច្រើន​”។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ ធនាគារ​អភិវឌ្ឍន៍​ចិន​ (CDB​) ដែល​ជា​ធនាគារ​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​ក្រុមប្រឹក្សារដ្ឋ​ចិន​ បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោ​ងធំៗ​ចំនួន​ពីរ​នៅ​កម្ពុជា​គឺ​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ និង​គម្រោ​ងព្រលា​នយន្តហោះ​សៀមរាប​ថ្មី​ជាដើម​”។

លោក​បាន​បន្ត​ទៀត​ថា​ “ យោង​តាម​បទពិសោធន៍​ និង​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​កាលពី​ពេល​កន្លងទៅ​នេះ​ ធនាគារ​ CDB​ បាន​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​អាកាសយាន​ដ្ឋាន​ភ្នំពេញថ្មី​ និង​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ និង​កំពង់ផែ​ក្រុង​ព្រះសីហនុ​ផង​ដែរ​”។

លោក​ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារ​អភិវឌ្ឍន៍​ចិន​(CDB​) ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ និង​គម្រោង​ដទៃទៀត​នៅ​កម្ពុជា​ឱ្យ​ដំណើរការ​បាន​ដោយ​រលូន​។

ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​ក៏បាន​ស្នើ​ឱ្យ​ធនាគារ​ CDB​ ពិនិត្យមើល​កិច្ច​សហប្រតិបត្តិ​ការ​ បន្ថែម​ទៀត​លើ​គម្រោង​វិនិយោគ​ចិន​នៅ​កម្ពុជា​ដែល​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ផ្លូវ​ល្បឿន​លឿន​ ការ​អភិវឌ្ឍ​កំពង់ផែ​ ការ​ដឹកជញ្ជូន​ផ្លូវដែក​ និង​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​ទីក្រុង​ ជាពិសេស​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here