ដោយៈ រ៉ាណេត
ភ្នំពេញៈ ថ្នាក់ដឹកនាំអន្តរក្រសួងបានសម្រេច ហាមមិនឱ្យក្រុមហ៊ុនវិនិយោគបរទេស ប្រើ Google Translation លើស្លាកសញ្ញាពាណិជ្ជកម្មនោះទេ ដោយសារការបកប្រែមានបញ្ហាពិបាកយល់ និងមិនស្រូវតាមវចនានុក្រមខ្មែរ។
បន្ទាប់ពីបានពិនិត្យឃើញពីភាពមិនប្រក្រតីមួយចំនួន ដែលតែងកើតមានឡើងតាមរយៈការលើកស្លាកសញ្ញាក្រុមហ៊ុន និងយីហោហាងលក់ទំនិញមួយចំនួន ភាគច្រើនមានថៅកែជាជនជាតិចិន ជ្រើសយកការបកប្រែភាសាបរទេស តាមរយៈកម្មវិធី Google Translation ដែលគ្មានខ្លឹមសារត្រឹមត្រូវតាមបែបខេមរភាសានោះ រដ្ឋាភិបាលបានសម្រេចធ្វើការហាម និងបញ្ឈប់សកម្មភាពទាំងអស់ខាងលើនេះ ហើយតម្រូវឱ្យមានការសរសេរអក្សរជាតិធំជាងអក្សរបរទេស និងស្ថិតនៅខាងលើគេ។
-->
នៅក្នុងកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នៅទីស្ដីការក្រសួងបរិស្ថាន ក្រោមការដឹកនាំដោយលោក នេត្រ ភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថានបានពិភាក្សាពីផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីគម្រោងសាងសង់អគារខុនដូ និងផ្ទះល្វែង ប៉ាវលីហ័រយាន ដែលមានទីតាំងនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន KIMBERLY (CAMBODIA) INTERNATIONAL INVESMENT COMPANY LIMITED។
ក្រៅពីបង្ហាញការគាំទ្រទៅលើគម្រោងទាំងស្រុង អន្តរក្រសួងក៏បានសម្រេចហាមមិនឱ្យក្រុមហ៊ុនវិនិយោគ ប្រើវិធីសាស្ត្របកប្រែខ្លឹមសារឯកសារ ឬស្លាកសញ្ញារបស់ក្រុមហ៊ុនតាមរយៈ Google Translation ។
ជាមួយគ្នានេះ អន្តរក្រសួងក៏បានកំណត់ឱ្យក្រុមហ៊ុន អនុវត្តទៅតាមគោលការណ៍មួយចំនួន ដែលត្រូវបានកំណត់ដោយក្រសួងដែលពាក់ព័ន្ធ ដូចជា ក្រុមហ៊ុនដែលជាម្ចាស់គម្រោង ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងអនុលោមតាមលិខិតអនុ ញ្ញាតសាងសង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ត្រូវសហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងក្រុមហ៊ុនផ្តល់សេវាប្រមូលសំរាម សម្រាប់ការគ្រប់គ្រង និងការដឹកចេញសំណល់រឹង និងសំណល់ភក់បាតអាងប្រព្រឹត្តិកម្ម។

ត្រូវមានប្រព័ន្ធការពារអគ្គីភ័យ ច្រកសុវត្ថិភាព ស្លាកសញ្ញាណែនាំ និងមានទីតាំងសម្រាប់ឧត្ថម្ភាគចក្រចុះចតពេលមានអន្តរាគមន៍ ហើយអគារត្រូវមានស្តង់ដារសុវត្ថិភាពបរិស្ថាន និងធានាគុណភាពសំណង់ រួមជាមួយនឹងការកំណត់ចាំបាច់មួយចំនួនទៀតដែលធានាថា មិនមានផលប៉ះពាល់ដល់បរិស្ថានក្នុងពេលសាងសង់៕