ដោយៈ សហសេវិក
ភ្នំពេញៈ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមួយ តួនាទីរបស់វិស័យឯកជនគឺជាចំណុចស្នូល និងមានសារៈសំខាន់ ដែលមិនអាចខ្វះបាន។
រដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាដៃគូ និងជាឆ្អឹងខច្នងនៃសេដ្ឋកិច្ចជាតិ ដែលជាការពិត វិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនលំហូរវិនិយោគ ធ្វើពិពិធកម្មទំនិញនាំចេញនិងនាំចូល និងបង្កើនការចូលរួមរបស់កម្ពុជា នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក។
-->
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សហគ្រាសកម្ពុជាបានពង្រីកប្រតិបត្តិការរបស់ពួកគេ លើសពីកម្លាំងនាំចេញប្រពៃណី ដោយការវិនិយោគលើការកសាងសមត្ថភាព បច្ចេកវិទ្យា និងការអនុលោមតាមលក្ខខណ្ឌតម្រូវអន្តរជាតិ។
ជាលទ្ធផល ការផ្លាស់ប្តូរនេះមិនត្រឹមតែគាំទ្រ ដល់កំណើននាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ជាដៃគូពាណិជ្ជកម្មចម្រុះផងដែរ។ តួនាទីរបស់រាជរដ្ឋាភិបាល គឺជាកាតាលីករ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ។ កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្ម ការផ្តល់សេវាសាធារណៈត្រូវបានពង្រឹង ខណៈដែលវិធានការការពារកម្មសិទ្ធិបញ្ញា ត្រូវបានពង្រឹងដើម្បីបង្កើនគុណភាពរបស់ខ្លួននៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ គួបផ្សំជាមួយនឹងវិធានការកែទម្រង់ រួមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅដំណាក់កាលផ្សេងៗ។
វិធីសាស្រ្តបែបនេះ ឆ្លុះបញ្ចាំងពីក្របខ័ណ្ឌពាណិជ្ជកម្មប្រកួតប្រជែង ខណៈដែលប្រទេសកម្ពុជា កំពុងរៀបចំខ្លួនសម្រាប់ការចាកចេញពីប្រភេទប្រទេស អភិវឌ្ឍន៍តិចតួចបំផុតនៅឆ្នាំ ២០២៩។
ខណៈពេលដែលប្រទេសកម្ពុជា កំពុងជំរុញយុទ្ធសាស្ត្រនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកឱ្យកាន់តែស៊ីជម្រៅ វិស័យឯកជនឈានមុខក្នុងការពង្រីកពាណិជ្ជកម្ម កំណើនវិនិយោគ និងការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់របស់កម្ពុជា។
ប្រធានបទនេះ ត្រូវបានគូសបញ្ជាក់ដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសដែលលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធីបិទ មហាសន្និបាតបូកសរុបការងារ សភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី២៨ ខែមករា។
ក្នុងឱកាសថ្លែងសុន្ទរកថា លោកស្រី និមល បានកោតសរសើរថ្នាក់ដឹកនាំ និងសមាជិកសភាពាណិជ្ជកម្ម ចំពោះស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ពេញមួយឆ្នាំ២០២៥។
លោកស្រីបានសង្កត់ធ្ងន់ថា “វិស័យឯកជនបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មរបស់កម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ”។
យោងតាមលោកស្រីរដ្ឋមន្ត្រី ធុរកិច្ចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលំហូរវិនិយោគ ធ្វើពិពិធកម្មទំនិញនាំចេញនិងនាំចូល ពង្រឹងភាពប្រកួតប្រជែង និងបង្កើនការចូលរួមរបស់កម្ពុជា នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងតម្លៃក្នុងតំបន់ និងសកល។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របគ្នាជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅទៅក្នុងតំបន់ និងពិភពលោក ជាពិសេសតាមរយៈការចរចាដែលមានគោលដៅបើកទីផ្សារ ដែលមានសក្តានុពលថ្មីៗទាំងទ្វេភាគី និងពហុភាគី។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សហគ្រាសកម្ពុជាបានពង្រីកប្រតិបត្តិការរបស់ខ្លួន លើសពីកម្លាំងនាំចេញប្រពៃណី ខណៈក៏កំពុងកែលម្អស្តង់ដារផលិតផល និងប្រសិទ្ធភាពផលិតកម្មផងដែរ។
តាមរយៈការវិនិយោគ លើការកសាងសមត្ថភាព បច្ចេកវិទ្យា និងការអនុលោម តាមលក្ខខណ្ឌតម្រូវអន្តរជាតិ ក្រុមហ៊ុននានាបានពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារ ក្រៅប្រទេសដែលមានតម្រូវការខ្ពស់។ ការផ្លាស់ប្តូរនេះ មិនត្រឹមតែគាំទ្រដល់កំណើននៃការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ជាដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន និងមានភាពចម្រុះកាន់តែខ្លាំងឡើងផងដែរ។
លោកស្រីបានបន្តថា កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជ រដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគក្រោមវិធីសាស្រ្ត “ពង្រឹងទីផ្សារដែលមានស្រាប់ និងពង្រីកទីផ្សារថ្មី”។
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មបានដាក់ចេញ និងអនុវត្តវិធានការកែទម្រង់ជាបន្តបន្ទាប់នៅឆ្នាំ២០២៥ ដោយសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ រួមទាំងការបញ្ចប់នីតិវិធីផ្តល់សច្ចាប័ន និងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅកម្រិតផ្សេងៗ។
ក្នុងពេលជាមួយគ្នានេះ ក្រសួងបានបន្តដោះស្រាយកង្វល់របស់វិស័យឯកជន តាមរយៈកិច្ចសន្ទនាភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលមានរចនាសម្ព័ន្ធ។ កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទំនើបកម្ម និងសម្រួល ដល់ការផ្តល់សេវាសាធារណៈត្រូវបានពង្រឹង ខណៈដែលវិធានការការពារកម្មសិទ្ធិបញ្ញាត្រូវបានពង្រឹង ដើម្បីធ្វើពិពិធកម្មផលិតផលក្នុងស្រុក និងបង្កើនគុណភាព និងកិត្យានុភាពរបស់ខ្លួនទាំងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ក្នុងឆ្នាំ២០២៦ លោកស្រី និម្មល បានគូសបញ្ជាក់ពីចក្ខុវិស័យជាយុទ្ធសាស្ត្រ សម្រាប់វិស័យពាណិជ្ជកម្ម ដែលមានលក្ខណៈ “ថាមវន្ត ភាពធន់ បរិយាបន្ន និងភាពប្រកួតប្រជែង”។
ចក្ខុវិស័យនេះនឹងផ្តោតលើអាទិភាពដែលប្រទាក់ក្រឡាគ្នាចំនួន៣៖ បរិវត្តកម្មស្ថាប័ន និងប្រព័ន្ធ ការពង្រឹងពាណិជ្ជកម្មក្នុងស្រុក និងការពង្រីកពាណិជ្ជកម្មអន្តរជាតិ។ វិធីសាស្រ្តនេះឆ្លុះបញ្ចាំងពីតម្រូវការក្នុងការកសាងក្របខ័ណ្ឌពាណិជ្ជកម្ម ដែលកាន់តែមានភាពរស់រវើក និងមានភាពប្រកួតប្រជែងជាងមុន ខណៈដែលកម្ពុជាកំពុងរៀបចំខ្លួនសម្រាប់ការចាកចេញ ពីប្រភេទប្រទេសអភិវឌ្ឍន៍តិចតួចបំផុត នៅឆ្នាំ២០២៩។
លោកស្រីរដ្ឋមន្ត្រីបានលើកទឹកចិត្ត សហគ្រាសក្នុងស្រុកធំៗឱ្យបន្តពង្រឹងសមត្ថភាព និងផលិតភាពរបស់ខ្លួន ដើម្បីទាញយកអត្ថប្រយោជន៍ ដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលកម្ពុជាជាភាគី។
លោកស្រីបានកត់សម្គាល់ថា ការត្រៀមខ្លួនសម្រាប់ដំណាក់កាលក្រោយLDC ដែលតម្រូវឱ្យអាជីវកម្មបង្កើនប្រសិទ្ធភាព អនុវត្តតាមស្តង់ដារអន្តរជាតិ និងបង្កើនភាពប្រកួតប្រជែងជារួម។
លោកស្រីចម និម្មលបាបស្នើបន្ថែមទៀតថា សហគ្រាសដែលផលិតទំនិញស្រដៀងគ្នា ឬផ្តល់ជូននូវសេវាកម្មស្រដៀងគ្នា ឱ្យស្វែងយល់ពីការបង្កើតសហព័ន្ធ ឬសមាគម។ កិច្ចសហការបែបនេះអាចបង្កើនបរិមាណផលិតកម្ម លើកកម្ពស់ការបំពេញបន្ថែមការផ្គត់ផ្គង់ និងពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីបង្កើនអត្ថប្រយោជន៍ប្រកួតប្រជែងរបស់កម្ពុជា។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រីក៏បានអំពាវនាវ ដល់ការិយាល័យតំណាងពាណិជ្ជកម្មក្រៅប្រទេស ឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការវិនិយោគបរទេស ជាពិសេសនៅក្នុងផលិតកម្មនិងការកែច្នៃកសិ-ឧស្សាហកម្ម ក៏ដូចជាទំនិញប្រើប្រាស់ចាំបាច់។
លោកស្រីបានមានប្រសាសន៍ថា ការបង្កើនការបន្ថែមតម្លៃក្នុងស្រុក និងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មរួមបញ្ចូលគ្នា នឹងជួយជំរុញការផ្គត់ផ្គង់ទីផ្សារ និងពង្រឹងជំហររបស់កម្ពុជានៅក្នុងបណ្តាញផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក។
នៅថ្នាក់ខេត្ត សភាពាណិជ្ជកម្មរាជធានី និងខេត្តត្រូវបានលើកទឹកចិត្តក្នុងការដើរតួនាទីឱ្យកាន់តែយ៉ាងសកម្ម ក្នុងការរក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងគាំទ្រដល់ពាណិជ្ជករ សហគ្រិន និងកសិករខ្នាតតូច។ តាមរយៈការស្រូបយកផលិតផលកសិកម្ម និងលើកកម្ពស់ចំណុចខ្លាំងដែលមានសក្តានុពលរបស់ខេត្តនីមួយៗ សភាពាណិជ្ជកម្មទាំងនេះអាចរួមចំណែក ដល់កំណើនដែលមានតុល្យភាព និងបរិយាបន្ននៅទូទាំងប្រទេស។

វិស័យឯកជននាំមុខ
បរិវត្តកម្មសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ជារឿយៗត្រូវបានគេសន្មតថា ដោយសារកត្តាសន្តិភាព និងស្ថិរភាពនយោបាយ។ យ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មកម្ពុជា (CCC) គឺគេសង្កត់ធ្ងន់ ទៅលើក្បាលម៉ាស៊ីនដ៏សំខាន់មួយទៀត នៃវឌ្ឍនភាពគឺវិស័យឯកជន។
អ្នកគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅក្នុងសុន្ទរកថារបស់លោក បានកំណត់ទិសដៅច្បាស់លាស់ សម្រាប់ឆ្នាំខាងមុខ ដោយបានគូសបញ្ជាក់ពីតួនាទី របស់សហគ្រាសកម្ពុជា ក្នុងការរក្សាកំណើនចំពេលមានភាពមិនប្រាកដប្រជាជាសកល។
លោកបានពិពណ៌នាអំពីវត្តមាន របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅឯមហាសន្និបាតថា “ជាសញ្ញាដ៏មានឥទ្ធិពល” នៃការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាល ចំពោះសហគមន៍អាជីវកម្ម។
នៅក្នុងសុន្ទរកថារបស់លោក វិស័យឯកជនត្រូវបានបង្ហាញមិនត្រឹមតែជាអ្នករួមចំណែក ដល់ការពង្រីកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូយុទ្ធសាស្ត្រ ក្នុងការធានាបាននូវភាពធន់របស់ជាតិផងដែរ។
ដោយឆ្លុះបញ្ចាំងពីដំណើររបស់ប្រទេសកម្ពុជា លោក គិត ម៉េង បានរំលឹកឡើងវិញ នូវផ្លូវដ៏វែងឆ្ងាយ ចាប់ពីការបះបោរនៃរដ្ឋប្រហារឆ្នាំ១៩៧០ និងសម័យខ្មែរក្រហម (១៩៧៥-១៩៧៩) រហូតដល់សេដ្ឋកិច្ចដែលកំពុងពង្រីក និងមានភាពចម្រុះនាពេលបច្ចុប្បន្ន។
លោកបានបញ្ជាក់ថា “យើងបានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយចាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ និងភាពវឹកវរនៃរបបខ្មែរក្រហម រហូតដល់សម័យកាលទំនើបនៃវិបុលភាព”។
លោកសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ នៃសន្តិភាពក្នុងការបង្កើតឱកាសសម្រាប់ធុរកិច្ច។
ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា បានកើនឡើងពី ៧១៦លានដុល្លារក្នុងឆ្នាំ១៩៨០ ដល់៥៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៦។
ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ ដែលមានប្រហែល ៣០០ ដុល្លារក្នុងឆ្នាំ២០០០ ត្រូវបានគេរំពឹងថានឹងឡើងដល់ប្រហែល ៣០២០ដុល្លារនៅឆ្នាំនេះ។ បើទោះបីជាមានឧបសគ្គសកល ក៏ដោយ សេដ្ឋកិច្ចនៅតែរក្សា អត្រាកំណើន៥ភាគរយពេញមួយឆ្នាំ២០២៥។
នៅពីក្រោយតួលេខទាំងនេះ គឺជាវិស័យឯកជនដែលមានភាពស្វាហាប់ និងមានទំនុកចិត្តកាន់តែខ្លាំងឡើង។ ចាប់ពីវិស័យកាត់ដេរសម្លៀកបំពាក់ និងកសិកម្ម រហូតដល់វិស័យកម្មន្តសាល ហិរញ្ញវត្ថុ និងសេវាកម្មឌីជីថលដែលកំពុងរីកចម្រើន ក្រុមហ៊ុនកម្ពុជាបានពង្រីកវិសាលភាពរបស់ខ្លួនទាំងក្នុងស្រុក និងអន្តរជាតិ។
ឥឡូវនេះ ក្រុមហ៊ុនជាច្រើន ត្រូវបានធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោកជាងពេលណាៗទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ មួយឆ្នាំកន្លងមកនេះ មិនមែនគ្មានបញ្ហាប្រឈមនោះទេ។ ភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះដ៏អូសបន្លាយរវាងរុស្ស៊ី និងអ៊ុយក្រែន អស្ថិរភាពនៅមជ្ឈិមបូព៌ា និងភាពតានតឹងព្រំដែនក្នុងតំបន់ បានបង្កើនសម្ពាធលើលំហូរពាណិជ្ជកម្ម និងអារម្មណ៍វិនិយោគិន។
នៅក្នុងបរិយាកាសបែបនេះ តួនាទីរបស់សភាពាណិជ្ជកម្មកម្ពុជា (CCC) កាន់តែមានសារៈសំខាន់។
ពេញមួយឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា (CCC) បានរៀបចំវេទិកាធុរកិច្ច ជាមួយដៃគូមកពីប្រទេសជប៉ុន ហ្វីលីពីន ឡាវ ឌូបៃនៅអេមីរ៉ាតអារ៉ាប់រួម វៀតណាម និងម៉ាឡេស៊ី។ ការចូលរួមទាំងនេះមានគោលបំណង បើកទីផ្សារថ្មីសម្រាប់ទំនិញកម្ពុជា និងធ្វើពិពិធកម្មភាពជាដៃគូពាណិជ្ជកម្ម នៅក្នុងបរិយាកាសសកល ដែលកាន់តែបែកបាក់។
អ្នកឧកញ៉ាគិត ម៉េង បានមានប្រសាសន៍ថា “សភាពាណិជ្ជកម្មកម្ពុជា បានបើកការិយាល័យតំណាងចំនួនប្រាំបី នៅទូទាំងពិភពលោក រួមមាននៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលសេឡង់ ដើម្បីទាក់ទាញការវិនិយោគបរទេស និងលើកកម្ពស់ម៉ាកយីហោ ‘ផលិតនៅប្រទេសកម្ពុជា’(Made in Cambodia)” ដោយបានបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយអន្តរជាតិ”។
សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ការគាំទ្រពីស្ថាប័នបែបនេះ ផ្តល់នូវលទ្ធភាពចូលទៅកាន់បណ្តាញ និងឱកាសដែលបើមិនដូច្នោះទេនឹងនៅឆ្ងាយពីគ្នា។
នៅក្នុងស្រុក វេទិការដ្ឋាភិបាល-វិស័យឯកជន (G-PSF) នៅតែជាមូលដ្ឋានគ្រឹះ នៃកំណែទម្រង់និងការសន្ទនា។ យន្តការដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ បានប្រារព្ធខួបលើកទី២៥របស់ខ្លួនកាលពីឆ្នាំមុន។
អ្នកឧកញ៉ាគិត ម៉េង បានពិពណ៌នាថាវាជា “ប្រព័ន្ធប្រតិបត្តិការនៃសេដ្ឋកិច្ចជាតិ” ដោយបានបង្ហាញពីតួនាទីរបស់ខ្លួន ក្នុងការដោះស្រាយកង្វល់ធុរកិច្ច និងសម្របសម្រួលដល់ការកែលម្អ គោលនយោបាយ”។
បច្ចុប្បន្ន ក្រុមការងារចំនួន១៦ កំពុងដំណើរការក្រោមក្របខ័ណ្ឌ G-PSF ដោយដោះស្រាយបញ្ហាជាក់លាក់ តាមវិស័យចាប់ពីភស្តុភារកម្មរហូតដល់ពន្ធដារ។
ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត វេទិការដ្ឋាភិបាល-វិស័យឯកជន លើកទី១៩ (19th G-PSF) ដែលត្រូវបានធ្វើឡើងនៅចុងឆ្នាំ២០២៣ បានដាក់ចេញវិធានការកែទម្រង់ចំនួន១១ សំដៅបង្កើនបរិយាកាសវិនិយោគ និងដោះស្រាយបញ្ហាជាប់គាំងរចនាសម្ព័ន្ធ។
នៅចុងឆ្នាំ២០២៥ ប្រហែល៩៣ភាគរយ នៃវិធានការទាំងនោះត្រូវបានបញ្ចប់ ដោយកំណែទម្រង់ដែលនៅសល់កំពុងដំណើរការ។ “ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៩៣ភាគរយនៃវិធានការដែលបានដាក់ចេញ នៅក្នុងវេទិកាG-PSF លើកទី១៩ ត្រូវបានសម្រេច ខណៈដែល៧ភាគរយ ដែលនៅសល់កំពុងស្ថិតក្នុងដំណើរការអនុវត្ត”។
សម្តេចបានមានប្រសាសន៍ថា ដោយសង្កត់ធ្ងន់លើសារដែលថា កំណែទម្រង់ និងការចូលរួមរបស់វិស័យឯកជនដើរទន្ទឹមគ្នា។
ដោយសម្លឹងមើលទៅឆ្នាំ២០២៦ បរិវត្តកម្មឌីជីថលត្រូវបានកំណត់ថាជាអាទិភាពមួយ។ សភាពាណិជ្ជកម្ម មានបំណងគាំទ្រសមាជិករបស់ខ្លួនក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗ ដែលអនុញ្ញាតឱ្យសហគ្រិនពីភ្នំពេញទៅខេត្តនានា ដើម្បីប្រកួតប្រជែង ក្នុងទីផ្សារឌីជីថលដែលគ្មានព្រំដែនកាន់តែខ្លាំងឡើង។
អ្នកឧកញ៉ាគិត ម៉េង បានកត់សម្គាល់ថា សភាពាណិជ្ជកម្មកម្ពុជានឹងផ្តល់អាទិភាព ដល់ការគាំទ្រសមាជិក ក្នុងការទទួលយកបច្ចេកវិទ្យាឌីជីថល ដើម្បីធានាថាសហគ្រិនរបស់យើង ពីភ្នំពេញទៅខេត្តនានា អាចប្រកួតប្រជែងក្នុងទីផ្សារឌីជីថលដែលគ្មានព្រំដែន”។
ការលើកកម្ពស់ការវិនិយោគ ក៏នឹងនៅតែជាចំណុចស្នូលផងដែរ។ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ពីរត្រូវបានគ្រោងទុកនៅឆ្នាំនេះ៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅភ្នំពេញ នៅថ្ងៃទី ៣-៤ ខែមីនា និងវេទិកាសហគ្រិនភាពហ្វ្រង់កូហ្វូនី នៅសៀមរាប នៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ដែលត្រូវបានគេរំពឹងថា នឹងស្វាគមន៍ប្រតិភូមកពីជិត៩០ប្រទេស។
ការជួបជុំទាំងពីរ មានគោលបំណងពង្រឹងទំនាក់ទំនង រវាងក្រុមហ៊ុនក្នុងស្រុក និងដៃគូអន្តរជាតិ។
អ្នកឧកញ៉ាបានបន្តថា “យើងរំពឹងថា កិច្ចប្រជុំកំពូលធរុកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ និងវេទិកាសហគ្រិនភាពហ្វ្រង់កូហ្វូនី នឹងជំរុញសន្ទុះថ្មី ក្នុងការភ្ជាប់ទំនាក់ទំនងថ្នាក់ដឹកនាំធុរកិច្ចក្នុងស្រុក និងអន្តរជាតិ”។
អ្នកឧកញ៉ាបានសន្និដ្ឋានថា “រួមគ្នា ចូរយើងទាញយកអត្ថប្រយោជន៍ ពីភាពរស់រវើករបស់វិស័យឯកជន ដើម្បីកសាងយុគសម័យថ្មីនៃកំណើន និងវិបុលភាពរួមគ្នា”។
ខណៈកម្ពុជាឈានចូលដល់ឆ្នាំ២០២៦ សារនេះច្បាស់ណាស់។ សន្តិភាពបានបង្កើតមូលដ្ឋានគ្រឹះ កំណែទម្រង់បានពង្រឹងក្របខ័ណ្ឌ ហើយឥឡូវនេះ សហគ្រាសត្រូវតែជំរុញជំពូកបន្ទាប់។ ជាមួយនឹងកិច្ចសហការ ប្រកបដោយចីរភាពរវាងរដ្ឋាភិបាល និងឧស្សាហកម្ម វិស័យឯកជនត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតយុគសម័យថ្មីនៃកំណើន និងឱកាស។

CCC ជំរុញចំណងវិនិយោគ
ឧកញ៉ានួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន KFA Group និងជាសមាជិកនៃCCC បានគូសបញ្ជាក់ពីការផ្តោតជាយុទ្ធសាស្ត្រ របស់សភាពាណិជ្ជកម្ម លើការទាក់ទាញវិនិយោគិនក្នុងស្រុក និងអន្តរជាតិ ស្របតាមទិសដៅដែលកំណត់ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ឧកញ៉ា នួន រិទ្ធី បានលើកឡើងថា CCC មិនដែលមើលរំលងវិនិយោគិនកម្ពុជា ដែលរស់នៅក្រៅប្រទេស ដែលជារឿយៗនាំមកនូវដើមទុន ជំនាញបច្ចេកទេស និងបណ្តាញសកលដ៏ច្រើន ដែលអាចរួមចំណែកដល់ការអភិវឌ្ឍប្រទេស។
លោកបញ្ជាក់ថា “យុទ្ធសាស្ត្ររបស់សភាពាណិជ្ជកម្ម ឆ្លុះបញ្ចាំងពីគោលបំណងច្បាស់លាស់ ក្នុងការចូលរួមជាមួយប្រជាជនកម្ពុជានៅក្រៅប្រទេស ដែលភាគច្រើនមានបទពិសោធន៍ និងធនធានដើម្បីធ្វើការរួមចំណែកដ៏សំខាន់”។
យោងតាមឧកញ៉ា នួន រិទ្ធី កិច្ចប្រជុំCCC ថ្មីៗនេះបានសម្គាល់ជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងរវាងសមាជិកសភាពាណិជ្ជកម្មខេត្ត និងតំណាងមកពីប្រទេសនានា រួមមានកាណាដា និងអូស្ត្រាលី។
លោកបានពិពណ៌នាអំពីការជួបជុំនេះថា ជាវេទិកាជាក់ស្តែងសម្រាប់ការផ្គូផ្គងវិនិយោគិន ជាមួយនឹងឱកាស ដោយសង្កត់ធ្ងន់លើកិច្ចសហការជាជាងកាយវិការនិមិត្តរូប។
ឧកញ៉ានួន រិទ្ធី បានកត់សម្គាល់ថា សន្ទុះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែបន្តគាំទ្រដោយវិស័យជាច្រើន។ កំណើននាំចេញនៅតែជាកត្តាជំរុញដ៏សំខាន់នៃចីរភាព ដោយបើកទ្វារទៅកាន់ទីផ្សារថ្មីៗ ខណៈដែលលំហូរចូលវិនិយោគ ផ្តល់ទាំងធនធានហិរញ្ញវត្ថុ និងមូលធនមនុស្សដែលត្រូវការដើម្បីកសាងសមត្ថភាពក្នុងស្រុក។
ពាក់ព័ន្ធនឹងប្រធានបទ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ លោក រិទ្ធី បានសង្កេតឃើញថា សក្ដានុពលវិវត្តន៍បានបង្កើតឱកាស សម្រាប់អាជីវកម្មក្នុងស្រុក។ ការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ និងតម្រូវការកើនឡើង សម្រាប់ផលិតផលក្នុងស្រុក បានជំរុញឱ្យវិនិយោគិនមួយចំនួនបង្វែរដើមទុនមកកាន់ប្រទេសកម្ពុជា ដោយពង្រឹងទំនុកចិត្តលើទីផ្សារក្នុងស្រុក។
លោកបន្តថា “ខ្ញុំគិតថាវិនិយោគិន គួរតែចាប់យកឱកាសក្នុងការវិនិយោគ នៅក្នុងប្រទេសកម្ពុជានៅដំណាក់កាលនេះ”។
ដោយសម្លឹងទៅមុខដល់ឆ្នាំ២០២៦ សភាពាណិជ្ជកម្មអឺរ៉ុប (CCC) មានគោលដៅពង្រឹងកិច្ចសម្របសម្រួលថ្នាក់ខេត្ត រក្សាការចូលរួមយ៉ាងសកម្ម ជាមួយដៃគូនៅបរទេស និងបង្ហាញសំឡេងវិស័យឯកជនដែលរួបរួម។
ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងបំប្លែងចំណុចខ្លាំង ក្នុងស្រុករបស់ប្រទេសកម្ពុជា ទៅជាឱកាសសកល ដោយពង្រឹងជំហររបស់ប្រទេសកម្ពុជា ក្នុងសេដ្ឋកិច្ចតំបន់ដែលមានការប្រកួតប្រជែង៕ ប្រភពKhmertimes
