ដោយ វុត្ថា
ភ្នំពេញ៖ វិនិយោគិនឥណ្ឌូនេស៊ីដែលមានសមាជិកចំនួន ២០រូប បានបង្ហាញចំណាប់អារម្មណ៍វិយោគលើវិស័យអចលនទ្រព្យ និងសេវាមន្ទីរពេទ្យ នៅក្នុងប្រទេសកម្ពុជា ខណៈវិស័យទាំងនេះ បាននឹងកំពុងមានសន្ទុះរីកចម្រើនខ្លាំងនៅក្នុងប្រទេស។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូវិនិយោគិនឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២៥ ខែតុលា ម្សិលមិញនេះ បានស្វាគមន៍ការបណ្តាក់ទុននៅក្នុងវិស័យទាំងពីរនេះ ។
-->
លោកបន្ត “កម្ពុជាមានគោលនយោបាយបើកចំហវិនិយោគដោយគ្មានការរើសអើង ហើយវិស័យទាំងពីរនេះទៀតសោតជាវិស័យដែលមានសក្តានុពលខ្លាំងនៅកម្ពុជា”។
លោកសុខ ចិន្តាសោភា បានឱ្យដឹងអំពីការវិវត្តសំខាន់ៗនៅកម្ពុជាពាក់ព័ន្ធនឹងកាលានុវត្តភាពវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
គណៈប្រតិភូវិនិយោគិនឥណ្ឌូនេស៊ីដែលមានសមាជិកចំនួន ២០រូប បានមកបំពេញទស្សនកិច្ចស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដឹកនាំដោយលោកបណ្ឌិត Tahir បេសកជនទទួលបន្ទុកកិច្ចការវិនិយោគ និងជាអនុប្រធានសភាពាណិជ្ជកម្មឥណ្ឌូនេស៊ី និងដោយមានវត្តមានចូលរួមរបស់ លោក Sudirman Haseng) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំប្រទេសកម្ពុជាផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ចំនួន ៥៥៨.៦២លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី មានទឹកប្រាក់ ៣៣លានដុល្លារ និងនាំចូលមានទឹកប្រាក់ ៥២៥.៦លានដុល្លារ។
គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ១៩៦.២៦លានដុល្លារ គឺបានកើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានចុះអនុស្សរណៈ ស្តីពីការមិនយកពន្ធត្រួតគ្នា និងការបង្ការអំពើបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល ព្រមទាំងអនុស្សរណៈស្តីពីការកសាងសមត្ថភាពលើវិស័យកសិកម្ម និងសេដ្ឋកិច្ច។

បន្ថែមលើនេះ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឥណ្ឌូនេស៊ីបានបង្កើតជើងហោះហើរត្រង់ ពីទីក្រុងហ្សាកាតា-ភ្នំពេញ-ហ្សាកាតា ដោយក្រុមហ៊ុន City Link Indonesia រៀងរាល់ថ្ងៃច័ន្ទ ពុធ សុក្រ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus 320 ដែលអាចផ្ទុកអ្នកដំណើរបាន ១៨០នាក់៕