សភា​ពាណិជ្ជកម្ម​កម្ពុជា​ ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់

0

​ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ នៅក្នុង​អាណត្តិ​ទី៤​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​បើក​កិច្ចប្រជុំ​លើក​ទី១​ ដើម្បី​រៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំនៅក្នុងអាណត្តិថ្មី រួមជាមួយនឹងកិច្ចសំណេះសំណាលដើម្បីពង្រឹងប្រសិទ្ធភាពសហប្រធានក្រុមការងារទាំង១៣ផ្នែកឯកជន ដែលបានបង្កើតហើយ ​ដើម្បី​ជំរុញការធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​បន្ថែម​ទៀត​។

បន្ទាប់ពី​បាន​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​អាណត្តិ​ទី៤​ ដែល​ជា​លទ្ធផល​ តំណែង​ប្រធាន​ត្រូវ​បាន​ប្រគល់​ជូន​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ជា​អ្នកគ្រប់គ្រង​ និង​ដឹកនាំ​បន្ត​សម្រាប់​អាណត្តិ​ថ្មីនេះ​ កាលពី​ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ សភា​ពាណិជ្ជកម្ម​បាន​បើក​កិច្ចប្រជុំ​លើក​ទី១​ ក្នុង​អាណត្តិ​ទី៤​ ដើម្បី​រៀបចំរចនាសម្ព័ន្ធ​សភាពាណិជ្ជកម្មសម្រា់អាណត្តិថ្មី​ ក្រោម​វត្តមាន​ជាអធិបតីរបស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ កិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ គឺត្រូវបានធ្វើឡើងចំនួន២លើក គឺពេលព្រឹក និងពេលរសៀល។ លោកឧកញ៉ាបានបន្តទៀតថា “ពេលព្រឹកគឺរៀបចំកិច្ចប្រជុំលើកទី១ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជារាជធានីភ្នំពេញ/កម្ពុជា និងវត្តមានសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១”។ លោកឧកញ៉ាបានបញ្ជាក់ទៀតថា “គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សា និងរៀបចំសមាជិកការិយាល័យប្រតិបត្តិ អនុប្រធាន ហិរញ្ញឹក លេខាធិការ និងសមាជិកនៃផ្នែកទាំង៤ប្រភេទ ដែលមានដូចជា ទី១ ប្រភេទពាណិជ្ជកម្ម, ទី២ ប្រភេទឧស្សាហកម្ម , ទី៣ ប្រភេទសេវាកម្ម និង វិជ្ជាជីវៈសេរី និងទី៤ ប្រភេទកសិកម្ម។

លោក​ឧកញ៉ា​ លឹម ហេង បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “សម្រាប់កិច្ចប្រជុំពេលថ្ងៃនីថ្ងៃដដែលនេះ គឺការរៀបចំកិច្ចប្រជុំសំណេះសំណាលសហប្រធានក្រុមការងារទាំង ១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៣ផ្នែកឯកជន រួមជាមួយនឹងវត្តមានរបស់សមាសភាពដែលជាសហប្រធានក្រុមការងារទាំង១៣តាមផ្នែកនីមួយៗ”។ លោឧកញ៉ាបានបញ្ជាក់ទៀតថា “គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹង និងអនុវត្តអោយកាន់តែមានប្រសិទ្ធភាពថែមទៀតតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្រុមការងារទាំង១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងសហប្រធានទាំង១៣ ធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំស្តីពីលទ្ធផលសកម្មភាពការងាររបស់ក្រុមការងារនីមួយៗដែលបានសំរេចនាពេលកន្លងមក និងទិសដៅការងារនាពេលខាងមុខ”។ 

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបានមានប្រសាសន៍បន្តទៀត​ថា​ “សម្រាប់​លទ្ធផល​នៃ​ការអនុវត្ត​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ពេល​កន្លងទៅ​គឺ​មាន​ភាពល្អ​ប្រសើរ​ជាច្រើន​ ជាពិសេស​ក្នុង​កិច្ច​សម្របសម្រួល​រវាង​វិស័យ​ឯកជន​ ជាមួយ​វិស័យ​រដ្ឋាភិបាល​ ក្នុង​ការពង្រីក​ និង​បង្កើន​ការ​វិនិយោគ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​អាណត្តិ​ថ្មី​ទី៤នេះ​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ នឹង​បន្ត​ការអនុវត្ត​ការងារ​ដែល​នៅសល់​កាលពី​អាណត្តិ​ចាស់​ដើម្បី​បញ្ចប់​ ហើយ​ចាប់ផ្តើម​អនុវត្ត​ការ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​ ដែល​មានប្រសិទ្ធភាព​ក្នុង​ការជំរុញ​កំណើន​វិស័យ​ពាណិជ្ជកម្ម​ កសិកម្ម​ ឧស្សាហកម្ម​ សេវាកម្ម​ និង​វិជ្ជាជីវៈ​សេរី​ ដើម្បី​ធ្វើ​យ៉ាងណា​មានលទ្ធភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​ ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេង​ៗមួយចំនួន​ទៀត​នៅ​លើ​សាកលលោក​តាមដែល​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន​”។

ជាស​មិទ្ធ​ផល​សំ​ខាន់​ៗដែល​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ធ្វើ​កាលពី​ពេល​កន្លងទៅ​ ក្រៅពី​ជា​អ្នកសម្របសម្រួល​ ដោះ​ស្រាយ​​បញ្ហា​វិនិយោគ​រវាង​វិស័យ​ឯកជន​ និង​រដ្ឋាភិបាល​កម្ពុជា​ នៅ​មាន​ចំណុច​សំ​ខាន់​ៗផ្សេង​មួយចំនួន​ដែល​សុទ្ធតែ​ផ្តល់​នូវ​ភាពល្អ​ប្រសើរ​ដល់​បណ្តា​វិនិយោគិន​ ដូចជា​ចូលរួម​គាំទ្រ​នូវ​ការកាត់បន្ថយ​កា​រិយា​ធិប្បតេយ្យ​ (ការិយាល័យ​អា​ណា​ធិប្បតេយ្យ​) ដែល​អាច​ជួយ​លុបបំបាត់​នូវ​អំពើពុករលួយ​បាន​មួយ​ចំណែក​ ជាពិសេស​ចូលរួម​អនុវត្ត​តាម​អភិក្រម​ទាំង​ ៥ របស់​សម្ដេច​ អគ្គមហាសេនា​ បតី​តេជោ​ ហ៊ុន​ សែន​ ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here