ដោយ វុត្ថា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តទៅលើយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មីមួយដែលមានរយៈពេល ៥ឆ្នាំ ដែលមានកំណត់ចែងអំពីកិច្ចគាំទ្ររបស់ស្ថាប័ននេះ ចំពោះគោលដៅរបស់កម្ពុជា ក្នុងការក្លាយខ្លួនជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះបានឱ្យដឹង ស្ថិតក្រោមយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣ ធនាគារ អភិវឌ្ឍន៍អាស៊ី នឹងផ្តល់ថវិកាចំនួន១.៤៥ ពាន់លានដុល្លារ ក្នុងទម្រង់ជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស សម្រាប់វិស័យ កសិកម្ម និងការគ្រប់គ្រង ធនធានធម្មជាតិ កែលម្អលក្ខខណ្ឌជីវភាពរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទហេដ្ឋា រចនា សម្ព័ន្ធថាមពលកកើតឡើងវិញ និងការអភិវឌ្ឍវិស័យអប់រំ និងជំនាញ។
-->
ជាមួយគ្នានេះ ការគាំទ្រដល់កំណែទម្រង់ វិស័យសាធារណៈ និងការកែលម្អសមត្ថភាពស្ថាប័ន នឹងនៅ តែបន្តជាការផ្តោតយកចិត្តទុកដាក់ចម្បង របស់កម្មវិធីធនាគារអភិវឌ្ឍន៍អាស៊ី។ ការផ្តួចផ្តើម ទាំងនេះ មានគោលបំណងកែលម្អលទ្ធភាពទទួលបានសេវាកម្ម និងគុណភាពសេវាកម្ម សម្រាប់ ពលរដ្ឋកម្ពុជា ព្រមទាំងបរិយាកាសធុរកិច្ចផងដែរ។លោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេស កម្ពុជា បានមានប្រសាសន៍ថា “យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីរបស់យើង នឹងគាំទ្រ ដល់ គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតភាពប្រកួតប្រជែង និងពិពិធកម្ម ប្រភព ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយា ប័ន្ន ការកសាងឱ្យមានភាពធន់ទៅនឹងអាកាសធាតុ និងការពន្លឿនកំណែទម្រង់ អភិបាលកិច្ច”។
លោកស្រីបានបន្តថា ជាមធ្យមសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើង ៨.០ភាគរយ ពីឆ្នាំ១៩៩៩-២០១៨ ដែលធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសមួយក្នុងចំណោម បណ្តា ប្រទេសនានា ដែលមានការរីកចម្រើនរហ័សបំផុតនៅក្នុងពិភពលោក។
ប្រាក់ចំណូលដុល ជាតិក្នុងមួយនាក់ បានកើនឡើងពី ២៩០ ដុល្លារ ក្នុងឆ្នាំ ១៩៩៨ រហូតដល់ ១.៣៨០ ដុល្លារ ក្នុងឆ្នាំ ២០១៨។លោកស្រីបន្ថែមថា តែបើទោះជាដូច្នេះក្តី ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ដោយរាប់បញ្ចូល ទាំងភាព ក្រីក្រក្នុងចំណោមស្រ្តីជាមេគ្រួសារ ដែលធ្វើឱ្យពួកគេងាយរងគ្រោះជាពិសេសទៅនឹង ការងារ គ្មានសុវត្ថិភាព។
កិច្ចគាំពារសង្គម នៅមានកម្រិត ហើយភាពរីកចម្រើនខាងផ្នែកសុខភាព អប់រំ និងទិដ្ឋភាពដទៃទៀតនៃការអភិវឌ្ឍមនុស្ស នៅតែបន្តមានភាពផុយស្រួយនៅឡើយ។ លទ្ធភាពទទួលបានបរិក្ខាអនាម័យ នៅស្ថិតក្រោមកម្រិតមធ្យមភាគនៅឡើយ សម្រាប់ បណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។
ទន្ទឹមនេះ កម្ពុជាក៏ជួបប្រទះ បរិយាកាសពាណិជ្ជកម្មសកលដែលគ្មានភាពប្រាកដ្ឋប្រជា ព្រមទាំងកំណើននៃការប្រកួតប្រជែង ក្នុងតំបន់ផងដែរ។ ក្រៅពីនេះ កិច្ចខិតខំក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅក្នុងវិស័យសេវាកម្ម និង កម្មន្តសាល បាននិងកំពុងរងការរាំងស្ទះ ដោយសារកង្វះកម្មករជំនាញ ចន្លោះប្រហោង នៅក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពល និងឡូជីស្ទីក ព្រមទាំងដំណើរការធុរកិច្ចខ្វះតម្លាភាព។

លោកស្រី Sunniya Durrani-Jamal បានបន្ថែមទៀតថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំ ប្រទេសកម្ពុជានេះ នឹងជួយបង្កើតឱ្យមានកាលានុវត្តភាពការងារកាន់តែប្រសើរ សម្រាប់ពល រដ្ឋ កម្ពុជា តាមរយៈការវិនិយោគទៅលើការអប់រំ ជំនាញ និង ការរៀនសូត្រពេញមួយ ជីវិតរបស់ពួកគេ។ ដោយសារប្រទេសកម្ពុជាមានចំនួនប្រជាពលរដ្ឋវ័យក្មេងច្រើន ដូច្នេះការ ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការទាញប្រយោជន៍ពីនវានុវត្តន៍នានា គឺជា ចំណុច ស្នូលនៃយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់យើង។
លោកស្រីបានបញ្ជាក់ បន្ថែមថា “ការលើកកម្ពស់សក្តានុពល និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ជាពិសេសនៅក្នុង វិស័យសាធារណៈ និងការការពារធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍប្រទេស”។
លោកស្រីបានអះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញានាំមកនូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយស្របពេលជាមួយគ្នានេះ ក៏នឹងបន្តរក្សាចីរភាពនៃកិច្ចខិតខំរបស់ខ្លួន ក្នុងការលុបបំបាត់ភាព ទីទ័លក្រផងដែរ។ ក្នុងឆ្នាំ២០១៨ ធនាគារអភិវឌ្ឍន៍អាស៊ីបានសន្យាផ្តល់ ឥណទាន សម្បទាន និងហិរញ្ញប្បទានឥតសំណងថ្មី ដែលមានចំនួនទឹកប្រាក់ ២១.៦ពាន់លាន ដុល្លារ៕