ដោយ វុត្ថា
ប៉េកាំងៈ កំណើននៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិននៅតែមានស្ថេរភាពក្នុងរយៈពេល៩ខែ នៃឆ្នាំ ២០១៩នេះ ។ នេះបើយោងរបាយការណ៍របស់ការិយាល័យស្ថិតិជាតិ (NBS) របស់ប្រទេសចិន បានបានចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ។

-->
NBS បានបន្តថា ការវិនិយោគរបស់ចិន ក្នុងការអភិវឌ្ឍអចលនទ្រព្យបានកើនឡើង ១០.៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក្នុងរយៈពេល៩ខែឆ្នាំ២០១៩ ដែលមិនមានការផ្លាស់ប្តូរពីរយៈពេល៨ខែដំបូងឡើយ។
ទិន្នន័យនេះក៏បានបង្ហាញផងដែរ នូវការលក់លំនៅឋានពាណិជ្ជកម្ម បានកើនឡើងសរុប១,១៩ពាន់លានម៉ែត្រក្រឡា ចាប់ពីខែមករាដល់ខែកញ្ញា ពោលគឺធ្លាក់ចុះ ០,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានការធ្លាក់ចុះ០,៦ ភាគរយក្នុងរយៈពេល៨ខែដំបូង។
ដោយឡែក តម្លៃលំនៅឋាននៅក្នុងទីក្រុងសំខាន់ៗចំនួន៧០របស់ចិន ក៏នៅតែមានស្ថេរភាពល្អដដែល ជាមួយនឹងការកើនឡើងបន្តិចបន្តួច កាលពីខែកញ្ញាកន្លងមកនេះ ក្នុងនោះ តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងធំៗចំនួន៤រួមមាន ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងសេនជេន និងទីក្រុងក្វាងចូវបានកើនឡើង០,៤ ភាគរយក្នុងខែកញ្ញា បើធៀបនឹងខែមុនគឺ ០,១ ភាគរយខ្ពស់ជាងខែមុន។
មន្ត្រីស្ថិតិជាន់ខ្ពស់របស់ NBS លោក Kong Peng បាននិយាយថា ទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសចិន នៅតែបន្តមានស្ថិរភាពល្អប្រសើរ ចាប់តាំងពីដើមឆ្នាំរហូតដល់មកនេះ បើទោះបីមានសង្គ្រាមពាណិជ្ជកម្មយ៉ាងណាក្តី និងអំពាវនាវដល់ភាគីពាក់ព័ន្ធឱ្យមានការអនុវត្តន៍ យន្តការគ្រប់គ្រងរយៈពេលវែង សម្រាប់ទីផ្សារអចលនទ្រព្យមួយនេះ៕