ដោយ វុត្ថា
ភ្នំពេញៈ គិតពីដើមរហូតដល់ឆ្នាំ២០១៩នេះ សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណជាង៦៤០ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣% នៃទំហំហិរញ្ញប្បទានទាំងអស់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ នេះបើយោងតាមសេចក្តីសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

-->
លទ្ឋផលនេះ ត្រូវបានប្រកាសក្នុងជំនួបពិភាក្សាការងាររវាងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និង លោក Christian Berger ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា ទំហំហិរញ្ញប្បទាននេះ មិនរាប់បញ្ចូលទាំងហិរញ្ញប្បទាន ដែលភាគីអាល្លឺម៉ង់បានផ្តល់ឱ្យកម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសកល ឬតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បណ្តាញអង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប។
ដោយឡែកក្នុងឆ្នាំ ២០១៨ -២០១៩ ហិរញ្ញប្បទានឥតសំណងទ្វេភាគីរបស់អាល្លឺម៉ង់មានប្រមាណ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៣ រួមមាន ១ វិស័យអភិវឌ្ឍន៍ជនបទ ២ វិស័យសុខាភិបាល និង៣ វិស័យអភិបាលកិច្ច។
ផ្អែកតាមលទ្ធផលនៃកិច្ចចចារ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់កាលពីថ្ងៃទី ១៤-១៥ ខែឧសភា ឆ្នាំ ២០១៩ នៅទីក្រុងប៊ែកឡាំង ភាគីទាំងពីរបានវាយតម្លៃខ្ពស់វឌ្ឍនភាពកន្លងមក ហើយឯកភាពបន្តកិច្ចសហការ លើវិស័យអាទិភាពចំនួន៣ ដោយគ្រោងផ្តល់ជំនួយហិរញ្ញប្បទានចំនួន៥៤,៤០ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០១៩-២០២០។
ភាគីអាល្លឺម៉ង់ ក៏បានរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា ដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ការផ្តល់អ្នកជំនាញការ អ្នកស្ម័ក្រចិត្ត និងជំនួយបច្ចេកទេសនានាដល់ក្រសួង និងស្ថាប័រាជរដ្ឋាភិបាល។

ទន្ទឹមនេះ ភាគីអាល្លឺម៉ង់បាន និងកំពុងចូលរួមគាំទ្រការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ តាមរយៈការការគាំទ្រវិស័យឯកជន ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការកៀរគរវិនិយោគិនអាល្លឺម៉ង់មកកម្ពុជា៕